ភ្នំពេញ ៖ នៅវេលាម៉ោង ៨៣០ ព្រឹកថ្ងៃទី១០ កញ្ញា នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរបានយាងចាកចេញពីមាតុភូមិ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេតាបតាមវេជ្ជបញ្ជារបស់ក្រុមវេជ្ជបណ្ឌិតចិន។
ក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំជាតិជាច្រើនទៀត បាន អញ្ជើញថ្វាយព្រះរាជាដំណើរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងពេលអវត្តមានរបស់ព្រះអង្គសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលធ្វើកិច្ចការជំនួសព្រះអង្គក្នុងនាមជាប្រមុខរដ្ឋស្តីទី។
ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរតែងយាងពិនិត្យនិងព្យាបាល ព្រះរាជសុខភាពជាទៀតទាត់ក្នុងរយៈពេល ៦ ខែម្តងតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំង ប្រទេសចិន។
គួររំលឹកថា កាលពីថ្ងៃ២២ខែកុម្ភៈឆ្នាំ ២០១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរបានយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព។ បន្ទាប់ពីគង់ប្រថាប់ពិនិត្យនិងព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ព្រះអង្គទាំងទ្វេរបានយាងត្រឡប់មកដល់មាតុភូមិវិញនៅថ្ងៃទី ២ ខែ មេសាឆ្នាំ ២០១៨៕
Source: Kampuchea Thmey Daily
0 Comments