ចាន់ ប៊ុនលាភ ជម្រះបញ្ជីជាមួយ Chhuok chhai ខណៈសូត្រ ប៊ុនធី ជួបDav Oudornនៅសង្វៀនWurkz
អ្នកប្រដាល់ជើងចាស់របស់កម្ពុជា២រូប គឺចាន់ ប៊ុនលាភ និង សូត្រ ប៊ុនធី នឹងត្រូវជួបប្រកួតជាអ្នកប្រដាល់ថៃ ក្នុងព្រឹត្តិការណ៍ប្រដាល់មិត្តភាពកម្ពុជា-ថៃ នៅលើសង្វៀន Wurkz ដែលបើកជាលើកដំបូងនៅSEATV នារសៀលថ្ងៃអាទិត្យទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ។
អ្នកប្រដាល់ជើងចាស់ ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ ត្រូវគេផ្តល់ឪកាសអោយជួបជម្រះបញ្ជីជាមួយអ្នកប្រដាល់ថៃឈ្មោះChhuok Chhai ដោយជួបប្រកួតក្នុងទម្ងន់ ៦៥ គីឡូក្រាម ។ អ្នកប្រដាល់ថៃនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើក ហើយកន្លងមក។
Chhuok Chhai ធ្លាប់វាយឈ្នះអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាច្រើននាក់ ដែលក្នុងនោះគេវាយឈ្នះចាន់ ប៊ុនលាភ ក្នុងទឹកទី៣ កាលពីថ្ងៃទី ០៥ វិច្ឆិកា ២០១៧។ ប៉ុន្តែយ៉ាងណា Chhuok Chhai គេក៏ធ្លាប់ចាញ់អ្នកប្រដាល់ខ្មែរច្រើននាក់ដែរ ក្នុងការមកប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៨៣លើក ក្នុងនោះវាយឈ្នះ៦៤លើក ចាញ់១៦នេះ និង ស្មើ០៣លើក ហេតុនេះមិនធម្មតានោះឡើយ។
ចាន់ ប៊ុនលាភ គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួសប៊ុនលាភនោះ គឺខ្លាចតែចាញ់កម្លាំងស៊ុហ្វ Chhuok Chhai មួយមុខប៉ុណ្ណោះ ។ចាន់ ប៊ុនលាភ មានប្រវត្តិប្រកួតមិនតិចក្រោម១០០លើកនោះទេ ប្រកួតជាមួយថៃលើកចុងក្រោយនេះ វាយចាញ់Lekpetchដោយពិន្ទុ កាលពីថ្ងៃទី២៧ឧសភា២០១៨។
ជាលើកទី២៥របស់ចាន់ ប៊ុនលាភ ដែលឡើងប្រកួតជាមួយថៃ ។ គេមិនហ៊ានអះអាងមុនថា ប៊ុនលាភឈ្នះក្នុងការប្រកួតនេះទេ។ ចាំមើល តើប៊ុនលាភ អាចសងសឹកយកឈ្នះ Chhuok Chhai បានសម្រេចឬអត់ ?សម្រាប់ការជួបគ្នាលើកទី២នេះ។
ចំពោះ សូត្រ ប៊ុនធី អ្នកប្រដាល់ក្លិបបក្សីស្លាបដែក ត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មី Dav Oudorn ។ ពួកគេជួបប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
Dav Oudorn មិនធ្លាប់មកប្រកួតនៅកម្ពុជានោះទេកន្លងមក។ បើតាមលោកញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់នៅSEATV អោយដឹងនោះថា Dav Oudorn គេជាអ្នកប្រដាល់ដែលមានថ្វីដៃល្អ និង ខ្លាំង ដោយមានប្រវត្តិប្រកួតចំនួន៦០លើក វាយឈ្នះ៤៩លើក ចាញ់១០លើក និងស្មើ ០១លើក ។
ចំណែក សូត្រ ប៊ុនធី គេក៏ជាជើងខ្លាំងស្រករក្រោយរបស់កម្ពុជា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ ។ ក្រោយពេលឆ្លងកាត់ការប្រកួតជាមួយថៃប្រមាណជាង៣០លើក ដោយវាយឈ្នះជាង ២០ លើកនោះ បានធ្វើឲ្យគេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេវាយជាមួយថៃដូចវាយជាមួយខ្មែរគ្នាឯងអីចឹង គឺគ្មានញញើតខ្លាចដូចពីមុននោះឡើយ។ ប៊ុនធី មានកណ្តាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និង ជង្គង់ កែង ក៏ល្អថែមទៀត។
សូត្រ ប៊ុនធី មានកំនត់ត្រាប្រកួតចំនួន១០៥លើក វាយឈ្នះ៨០លើក ចាញ់២១លើក និងស្មើ០៤លើក ។ កណ្ដាប់ដៃ កែង ជង្គង់និងជើងធាក់របស់ប៊ុនធី វាយចេញខ្លាំង និងមានទម្ងន់ធ្ងន់គួរសមដែរ។ ជាអ្នកប្រដាល់ដែលមិនចេះវាយបន្ធូដៃនោះទេ អោយតែគេយល់ថាដៃគូអាចបង្ក្រាបបាន គឺគេមិនប្រស់ទុកយូរទេ គេផ្តួលយកឈ្នះតែម្តង ។ និយាយពីបច្ចេកទេស និងកលល្បិចនោះ ប៊ុនធីគេមានពេញខ្លួន ។ ចាំមើល សូត្រ ប៊ុនធី គេអាចបង្ក្រាបអ្នកប្រដាល់ថៃចំណូលថ្មី Dav Oudorn នេះបានឬអត់ ?។
សូត្រ ប៊ុនធី គេឡើងប្រកួតជាមួយថៃ ប្រមាណ៦នាក់ជាប់ៗគ្នាចុងក្រោយនេះ គឺគេវាយឈ្នះទាំង៦នាក់តែម្តង ដោយក្នុងនោះ គេវាយឈ្នះដោយពិន្ទុ៣នាក់ និងវាយអោយសន្លប់ចំនួន០៣នាក់ ដែលការឈ្នះលើកចុងក្រោយគេនោះ គឺឈ្នះPhat Thong ក្នុងទឹកទី២ កាលពីថ្ងៃទី១៧កុម្ភះ ២០១៨កន្លងមកនេះ។
ចំពោះការប្រកួតរវាងខ្មែរនិងខ្មែរវិញ ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើង គោក នឹងជួបប្រកួតជាមួយ សយ សី អ្នកប្រដាល់ក្លិបពន្លឺវិបុលពោធិសែនជ័យ ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម ។រីឯ សេក គឹមសាន្ត អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប ត្រូវគេផ្គូអោយជួបប្រកួតជាមួយ ង៉ែត វុធ អ្នកប្រដាល់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដោយប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments