រតនគិរី ៖ ស្ត្រីវ័យចំណាស់ម្នាក់ ដាច់ចិត្តធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួនឯង ដោយសារមានជំងឺរ៉ាំរ៉ៃ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការស្វាយចន្ទីជនរងគ្រោះខាងក្រោយផ្ទះប្រហែល៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិផាក់ណាម ឃុំកោះពាក់ស្រុកវើនសៃ។
មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ខណៈជនរងគ្រោះបានបាត់ពីផ្ទះតាំងពីយប់ថ្ងៃទី៦ខែមិថុនានេះ ត្រូវបានសាច់ញាតិដើររករហូតដល់ម៉ោង១យប់ ទើបប្រទះឃើញចង.កសម្លាប់ខ្លួន ដោយយកខ្សែអង្រឹងប្រវែង២ម៉ែត្រទៅចង.កជាប់នឹងដើមស្វាយចន្ទីនៅក្រោយផ្ទះរបស់ខ្លួន។
មន្ត្រីនគរបាល បន្តថា ជនរងគ្រោះមានឈ្មោះ គឹត ស៊ុន អាយុ៤៤ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានសាច់ញាតិដើររកប្រទះឃើញក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ លើសព ឃើញថា ពិតជាធ្វើអត្តឃាតពិតប្រាកដមែន មិនមែនរឿងអ្វីផ្សេងនោះទេ ហើយបានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments