Ad Code

បង្ក្រាប​ទីតាំង​ធ្វើ​រ៉ែ​មាស គ្មាន​អាជ្ញាប័ណ្ណ ជាច្រើន​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក



បាត់ដំបង ​៖ ​ការដ្ឋាន​លួច​ធ្វើ​អាជីវកម្ម​​រ៉ែមាស​ជាច្រើន​កន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត ​ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​ខេត្ត​ និង​ក្រសួង​ បាន​សហការ​គ្នា​ធ្វើការ​បង្ក្រាប ​ព្រមទាំង​មានការ​ឈូស​ឆាយ​កម្ទេច​ចោល​នូវ​ទីតាំង​មួយចំនួន​ផង​ដែរ ដោយសារតែ​តំបន់​នេះ​មានការ​រុករក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ។

របាយការណ៍​ដែល​យើង​ទទួល​បាន ​គឺ​កិច្ចប្រតិបត្តិការ​នេះ បាន​ប្រព្រឹត្ត​ឡើង កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨ ​ ដោយ​ក្នុង​នោះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​ខេត្ត មន្ត្រី​ជំនាញ​របស់​ ក្រសួង​រ៉ែ​និង​ថាមពល ក្រសួងបរិស្ថាន និង​កម្លាំង​នគរបាល​ខេត្ត បាត់ដំបង បាន​ចុះ​បង្ក្រាប​ទីតាំង​ការដ្ឋាន​រ៉ែ​មាស​ចំនួន​០៥​គោលដៅ ដែល​ក្នុង​នោះ​គ្មាន​អាជ្ញាប័ណ្ណ​៤ ទីតាំង និង​មាន​អាជ្ញាប័ណ្ណ​១ ទីតាំង​ ព្រមទាំង​បាន​ធ្វើការ​បំផ្លាញ​ចោល​នូវ​ទីតាំង​មួយ​កន្លែង​ផង​ដែរ។

ម្ចាស់​ទីតាំង​ដែល​លួច​ប្រព្រឹត្ត​គ្មាន​ច្បាប់​អនុញ្ញាត​អោយបាន​ត្រឹមត្រូវ​នោះ រួមមាន ១-​ឈ្មោះ ខេង សុវណ្ណ ទីតាំង​ក្នុងភូមិ​បារាំង​ធ្លាក់ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ២-​ឈ្មោះ បូ ខៀវ
​ទីតាំងនៅ ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ៣-​ឈ្មោះ កាំ​ង តាំង ទីតាំង នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ៤-​ឈ្មោះ ខូវ ចិ​ត្រា ទីតាំងនៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ៤​ទីតាំង​នេះ​សុទ្ធតែ​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នោះឡើយ និង ៥-​ឈ្មោះ ឡាយ ស្រី​ពៅ ទីតាំងនៅ ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង (​មាន​អាជ្ញាប័ណ្ណ)។

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ដកហូត​នូវ​សម្ភារៈ​ និង​វត្ថុ​តាង​មួយចំនួន​រួមមាន ៖ ១. ម៉ាស៊ីន​កិន​កម្ទេច​ថ្ម​រ៉ែ ចំនួន ៨ គ្រឿង ២. ម៉ាស៊ីន​អុក​បំបែក​ថ្ម រ៉ែ ចំនួន ១​គ្រឿង ៣. សារធាតុ​គីមី​មួយចំនួន​ ៤. គីប​ខ្យល់ (​បំពង់​ជ័រ​) ១០៧០ គីប​ ៥. គីប​អគ្គិសនី​ ២០៣០ គីប ៦,​ក្បាល​កិន ចំនួន ៤ គ្រឿង ៧. ម្សៅ Amoni Nitrat hat. (24 បាវ × 25. Kg) ៨. Sodium Cyanide ចំនួន​២០ ធុង និង​សារ​ធាតុគីមី​មួយ​ចំនួនទៀត។ ដោយ​បច្ចុប្បន្ន​សម្ភារៈ​ និង​វត្ថុតាង ទាំង​អស់នេះ ត្រូវបាន​ប្រគល់​អោយ​ទៅ​ខាង​ជំនាញ ​ដើម្បី​រៀបចំ​ឯកសារ តាម​នីតិ​វិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu