Ad Code

៥​ខែ​ដើម​ឆ្នាំ​នេះ ​មាន​មនុស្ស​ជិត​៧០​នាក់​ស្លាប់ និង​របួស​ជាង​៧០​នាក់ ដោយ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់



ភ្នំពេញ ​៖ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹង​ថា​នៅក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ ​មាន​មនុស្ស​៦៨​នាក់​បាន​ស្លាប់ និង​របួស​៧៥​នាក់ ហើយ​បាន​ងាប់​គោ​-​ក្របី​៦៩​ក្បាល ដោយសារ​បាតុភូត​រន្ទះ​និង​ខ្យល់​កន្ត្រាក់។

លោក កែវ វី បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃទី​០១​មិថុនា​ឲ្យ​ដឹងថា​ ក្នុង​រយៈពេល​៥​ខែ​នេះដែរ ពោល​ចាប់ពី​ខែមករា ដល់ ខែឧសភា ឆ្នាំ​២០១៨ គ្រោះធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​រលំ និង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​២១៩១​ខ្នង​ក្នុងនោះ​ធ្ងន់ធ្ងរ​៤៧២​ខ្នង​, ខូចខាត​ស្រាល​១៧០៨​ខ្នង​, សាលារៀន​៧​អគារ និង​អគារ​ផ្សេងៗ​៩​អគារ​, ស្លាប់​៣​នាក់​, របួស​២៩​នាក់​។​

លោក​បាន​កត់សំគាល់​ថា​ចំណែក បាតុភូត​រន្ទះ​នៅ​ឆ្នាំនេះ​វិញ មាន​លក្ខណៈ​កាច​សាហាវ​ជាង​ឆ្នាំមុន ដោយ​គិត​ត្រឹម​៥​ខែ​ដំបូង​នេះ​បាតុភូត រន្ទះ​បណ្តាល​ឲ្យ​ពលរដ្ឋ ស្លាប់ ៦៥​នាក់ របួស​៤៦​នាក់​ងាប់​គោ​-​ក្របី​ចំនួន​៦៩​ក្បាល​។​

ចំពោះ​គ្រោះទឹកជំនន់​វិញ លោក កែវ វី បាន​បញ្ជាក់ថា មាន​ផលប៉ះពាល់​ខ្លាំង​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មាន​រហូតដល់​៧០០​ហិកតា ដែល​បណ្តាលមកពី​ទឹកភ្លៀង​។ មន្ត្រី​ដដែល​នេះ បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ពេលនេះ​ជា​ខែវស្សា ដែល​សំបូរ​ទៅដោយ​បាតុភូតធម្មជាតិ​។​

ចំណែក​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ពី​វិធី​ការពារ​ខ្លួន​និង​សង្គ្រោះ​បឋម​ពី​បាតុភូត​រន្ទះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ដើម្បី​ឲ្យ​ចេះ​ការពារ​ខ្លួន​ជៀស​ផុតពី​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​បាតុភូត​រន្ទះ​នៅក្នុង​រដូវភ្លៀង​នេះ​។​

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា ​វិធី​មួយចំនួន​ដើម្បី​ការពារ​ខ្លួន​ពី​បាតុភូត​រន្ទះ​ដូចជា​នៅពេល​មាន​ផ្លេកបន្ទោរ​ឬ​ផ្គរ​រន្ទះ​ត្រូវ​បន្ទន់ខ្លួន​ដោយ​បញ្ឈរជង្គង់​ទាំងពីរ​ជិតគ្នា​និង​យកដៃ​ខ្ទប់​ត្រចៀក ត្រូវ​រត់ចេញ​ពី​ទឹក​ឬ​ស្រែ​នៅ​ខាងក្នុង​ឬ​រត់​ចូល​ផ្ទះ​ជា​ប្រញាប់ ត្រូវ​ដក​ឌុយ​ដោត​ភ្លើង​ឬ​ឌុយ​ទូរ​សព្ទ័​ដោយ​ទុក​ចម្ងាយ​១​ម៉ែត្រ​ពី​ប្រភព​ចរន្តអគ្គិសនី និង​ត្រូវ​បន្ទន់ខ្លួន​អោបក្បាលជង្គង់​និង​បិទ​ត្រចៀក​ទាំងសងខាង​នៅក្រោម​បង្គោល​ភ្លើង។

ជាមួយគ្នានេះដែរ​មិនត្រូវ​និយាយ​ទូរស័ព្ទ​នៅ​ពេលឮ​សំឡេង​ផ្គរ មិនត្រូវ​ជិះ​ម៉ូតូ​ឬ​កង់​នៅពេល​មេឃ​ភ្លៀង​ឬ​អង្គុយ​ក្នុង​តង់​និង​អង្គុយ​នៅក្រោម​ដើមឈើ​ឡើយ​ត្រូវ​អង្គុយ​បន្ទន់ខ្លួន​ដោយ​រក្សា​ចម្ងាយ​៤​ម៉ែត្រ​ពី​មែកឈើ​។​

ចំពោះ វិធី​សង្គ្រោះ​បឋម​នៅពេល​មាន​គ្រោះ​រន្ទះ​វិញ លោក​វេជ្ជបណ្ឌិត​លី សូ​វ៉ាន់​បាន​ណែនាំ​ឲ្យ​ប្រជពលរដ្ឋ​ត្រូវ​ផ្លុំ​ខ្យល់​ចូល​មាត់​និង​មាត់​ជាមួយ​ជនរងគ្រោះ​ក្នុងករណី​ជនរងគ្រោះ​មិន​ដកដង្ហើម​និង​សង្កា​ត់ដៃ​ទាំងពីរ​លើ​សន្ទះ​ទ្រូង​ក្នុងករណី​ជនរងគ្រោះ​គ្មាន​ជីពចរ ត្រូវ​ក្រាលកន្ទេល​ឬ​បាវ​ឆ្នួត​កុំ​ឲ្យ​ជនរងគ្រោះ​នៅ​ផ្ទាល់​ដី​ឬ​ទឹក​ជ្រាំ​ការពារ​ដើម្បី​កុំ​ឲ្យ​ជនរងគ្រោះ​រង​ភាព​ត្រជាក់​ខ្លួន​ពេក​និង​ចល័ត​ជនរងគ្រោះ​ដោយ​ប្រុងប្រយ័ត្ន​ក្នុងករណី​ជនរងគ្រោះ​មាន​បាក់ឆ្អឹង​ឬ​ហូរឈាម​។​

លោក​វេជ្ជបណ្ឌិត លី​សូ​វ៉ាន់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវអនុវត្ត​វិធី​ទាំងនេះ​ឲ្យ​បានល្អ​និង​ខ្ជាប់ខ្ជួន​ដើម្បី​ការពារ​ខ្លួន​ក៏ដូចជា​កាត់បន្ថយ​ការរង​គ្រោះ​និង​ការស្លាប់​ដោយសារ​បា​តុ ភូត​រន្ទះ​ព្រោះថា​បច្ចុប្បន្ននេះ​ដោយសារ​អាកាសធាតុ​មានការ​ប្រែប្រួល​បាន​ធ្វើ​ឲ្យ​មាន​បាតុភូត​រន្ទះ​កើតឡើង​ច្រើន​ដោយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ស្លាប់​ជា​ញឹកញាប់​ពិសេស​នៅក្នុង​រដូវភ្លៀង​៕ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu