Ad Code

បែកធ្លាយ ​ភាព​មិន​ប្រក្រតី​​ក្នុង​ការ​ស្នើ​សុំ​ ​និង​​​គ្រោង​​​តែងតាំង​ ប្រធាន​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ខេត្តសៀមរាប



សៀមរាប ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​គ្រោង ​និង​តែងតាំង​ប្រធាន​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ខេត្តសៀមរាប ថ្មី​នា​ពេល​ខាង​មុខ ហាក់​មាន​​​ភាព​មិន​ប្រក្រតី​​​​ ហើយ​ករណីនេះ ​បាន​ធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​ថា ជា​រឿង​បក្សពួកនិយម អាច​នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ។

ប្រភព​បន្តថា ការតែងតាំង​ប្រធាន​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគន៍ ខេត្តសៀមរាប ថ្មី​នេះ ​ដោយសារ​ប្រធាន​មន្ទីរ​ចាស់​បាន​ចូលនិវត្តន៍​កាលពី​ខែមីនា កន្លងទៅនេះ ឥឡូវ​សមាសភាព​ប្រធាន​មន្ទីរ​ថ្មី ត្រូវគេ​ទម្លាយ​ហើយ ដោយ​គេ​គ្រោង​នឹង​តែងតាំង​ប្រធាន​ការិយាល័យ​ដែល​ទើប​នឹង​ធ្វើ​ចូល​ថ្មី។

ប្រភព​បន្តទៀតថា ប្រធានការិយាល័យ​រូបនោះ ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ សុខ សីហា ជា​មន្ត្រី​ដែល​ផ្ទេរ​ក្របខណ្ឌ​ពី​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​វត្ត​បូព៌​កាលពី​ឆ្នាំ​២០១៤ ក្នុងតួនាទី​ជាម​ន្ត្រី​ក្រមការ លុះ​មួយរយៈ​មក លោក​ក៏​ត្រូវបាន​គេ​តែងតាំង​ជា​ប្រធាន​ការិយាល័យ​នៅ​ឆ្នាំ​២០១៦​។​

ប្រភព​បាន​បន្ថែមថា ក្នុង​តួនាទី​ជា​ប្រធាន​ការិយាល័យ​ក្រោម​ការ​ជ្រោមជ្រែង​របស់​លោក ហុង ប៊ុន​ធ្វី ដែល​នៅ​ជា​ប្រធាន​ចាស់​នោះ​ លោក សុខ សីហា បាន​បំពេញការងារ​មិនជា​ជាប់លាប់​នោះទេ ដោយ​ម្តង​ឃើញ ម្តង​បាត់ ព្រោះតែ​លោក​ជាប់​បំពេញការងារ​ផ្ទាល់ខ្លួន​របស់លោក ពោលគឺ​លោក​ជា​មគ្គុទេស​ទេសចរណ៍​ផងដែរ​។​ តែ​នៅពេលដែល​លោក ហុង ប៊ុន​ធ្វី ចូលនិវត្តន៍​នៅ​ដើមឆ្នាំ​២០១៨​នេះ ស្រាប់តែ​លេចឮ​ព័ត៌មាន​មក​ថា លោក​ប្រធាន​មន្ទីរ​ចាស់ បានស្នើ​ទៅ​អភិបាលខេត្ត​សៀមរាប ដើម្បី​ដាក់​លោក សុខ សីហា ឲ្យ​មកកាន់​តំណែង​ជា​ប្រធាន​ជំនួស​លោក ដែល​វា​បានធ្វើ​ឲ្យ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប​មួយចំនួន​មិន​ពេញចិត្ត ដោយ​ពួកគេ​គិតថា ការឡើង​តំណែង​ដ៏​លឿន​នេះ គឺ​បានមកពី​លុយកាក់ និង​ខ្សែ​បក្ខពួក។​

ចំពោះ​សំណើ​ឲ្យ​មានការ​តែងតាំង​លោក សុខ សីហា ឲ្យ​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​នេះ លោក ហុង ប៊ុន​ធ្វី បាន​ថ្លែងថា លោក​មិន​បានដឹង​ពី​រឿងនេះ​ទេ វា​គឺជា​ការចាត់ចែង​របស់​រដ្ឋបាលខេត្ត ហើយ​បើតាម​លោក​ដឹង សំណើ​​នោះ គឺ​នឹងត្រូវ​សម្រេច​ដោយ​ក្រសួង។

ដោយឡែក​លោក លីវ គីមហេង ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​បាន​មានប្រសាសន៍ថា លោក សុខ សីហា ពិតជា​ត្រូវបាន​ក្រសួង​សម្រេច​ឲ្យ​ធ្វើជា​ប្រធាន​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ តាម​សំណើ​​របស់​សាលាខេត្ត​សៀមរាប ហើយ​ក្រសួង​គ្រោង​នឹងធ្វើ​ការប្រកាស​នៅពេល​សមស្រប​ណាមួយ​។​

ទោះជា​យ៉ាងណាក៏ដោយ បើសិនជា​លោក សុខ សីហា ដែល​ឡើង​តួនាទី​ដូច​ផ្លេកបន្ទោរ ត្រូវបាន​គេ​តែងតាំង​ជា​ប្រធាន​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប​មែន ច្បាស់​ជា​ធ្វើ​ឲ្យ​មន្ត្រីរាជការ​មួយចំនួនធំ​នៅក្នុង​មន្ទីរ​នេះ​មិន​សប្បាយចិត្ត​ឡើយ ដែល​ពួកគាត់​គិតថា មិនបាច់​ប្រឹង​ធ្វើការ​អ្វី​ទេ គឺ​ចាំតែ​អែបមេ និង​ចេះ​សែនព្រេន​ទៅជា​ការ​ស្រេច​ហើយ​។​

គួរ​បញ្ជាក់ដែរថា កាលពីដើម​ខែឧសភា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា សម្តេច​នឹង​ពិនិត្យឡើងវិញ នូវ​ការ​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​នៅក្នុង​ក្រសួង មន្ទីរ ស្ថាប័ន​ទាំងអស់​ថា តើ​បាន​ដំឡើង​ឲ្យ​មន្ត្រី និង​កងកម្លាំង​ក្នុង​ក្រសួង​របស់ខ្លួន​បាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​ក្នុង​ច្បាប់​ហើយ ឬ​នៅ​។​

ជាមួយគ្នា​សម្តេច​ក៏បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ដែល​គ្រប់គ្រង​ក្រសួង​ទាំងអស់ ត្រូវយក​ចិត្ត​ទក​ដា​ក់លើ​រឿងនេះ គឺ​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់ កុំ​ធ្វើ​តាមតែ​បទបញ្ជា ហើយ​កុំ​គិតតែ​ដំឡើង​ឋានន្តរស័ក្តិ និង​តួនាទី​របស់ខ្លួន ឬ​បក្ខ​ពួកខ្លួន​មិនបាន​គិតដល់​មន្ត្រី​នៅក្រោម​ឱវាទ ដោយ​តាមច្បាប់​នៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល គឺ​ក្រោយ​រយៈពេល​២​ឆ្នាំ ទើបត្រូវ​ស្នើសុំ​ដំឡើង​ឋានន្តរស័ក្តិ​ចំនួន​១​ដង​។​

មហាជន​បានធ្វើការ​កត់សម្គាល់ថា មួយ​រយៈ​ចុង​ក្រោយនេះ​ការតែងតាំង​មន្ត្រីរាជការ​មួយចំនួន​ហាក់​មាន​ភាពមិនប្រក្រតី​គឺ​ខ្លះ​ជាម​ន្ត្រី​លោត​ផ្លោះ​តែម្តង​សង្ស័យ​តែ​គាត់ អាង​មាន​ខ្សែ​ហោ​នឹង​ទឹកប្រាក់​ហើយ​មើលទៅ៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu