Ad Code

សម្តេច​ប្រធានព្រឹទ្ធសភា​បានបញ្ជាក់​ជូន​សមាជិក​ព្រឹទ្ធសភា​បារាំង​ថា ប្រទេស​កម្ពុជា​បាន​គោរព​ដ៏​ពេញលេញ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ



ភ្នំពេញ ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ជូន​សមាជិក​ព្រឹទ្ធសភា​បារាំង​ថា ប្រទេស​កម្ពុជា​បាន​គោរព​ដ៏​ពេញលេញ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​។​

នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​លោក Christophe Andres Frassa សមាជិក​ព្រឹទ្ធសភា​បារាំង និង​ជា​សមាជិក​នៃ​សភា​និយាយ​ភាសា​បារាំង កាលពី​រសៀល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​មានប្រសាសន៍​បញ្ជាក់ជូន​ថា ប្រទេស​កម្ពុជា​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ តាម​កាលកំណត់​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ការងារ​នេះ​បច្ចុប្បន្ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានសម្រេច​ផ្តល់​សុពលភាព​ដល់​គណបក្ស​ចំនួន ២០​គណបក្ស ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ការចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែលមាន​គណបក្ស​ដ៏​ច្រើន​ចូលរួម​នេះ បញ្ជាក់​ច្បាស់​ថា ប្រទេស​កម្ពុជា​បាន​គោរព​ដ៏​ពេញលេញ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ជាពិសេស​គោរព​ពេញលេញ​នូវ​គោលការណ៍​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​រដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​វិបុល​សេនា​ភក្តី​បន្តថា ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក៏​ដូច​នីតិកាល​ទី​៥ រាជរដ្ឋាភិបាល​ប្រកាន់​នូវ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ និង​ធានាឱ្យមាន​បរិយាកាស​នយោបាយ មាន​ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មាន​អំពើហិង្សា និង​ទទួលយកបាន​ទាំងអស់គ្នា។ ក្នុងនាម​ព្រឹទ្ធសភា និង​ប្រជាជន​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​បំផុត​ចំពោះ​លោក Christophe Andres Frassa និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​បាន​លើកឡើងថា ប្រទេស​បារាំង គឺជា​ប្រទេស ដែល​ស្គាល់​ប្រទេស​កម្ពុជា​ច្រើនជាងគេបង្អស់ និង​ជា​អ្នកផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​តាំងពី​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។ សម្តេច​មាន​ជំនឿ​ជឿជាក់​ថា ទស្សនកិច្ច​របស់លោក នៅ​ប្រទេស​កម្ពុជា​នាឱកាស​នេះ បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​បន្ត​ពង្រឹងពង្រីក​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ព្រមទាំង​រួមចំណែក​ដល់​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​បារាំង ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្នុង​ក្របខណ្ឌ APF​ផង​ដែរ។ ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​បារាំង ដែល​បាន​ផ្តល់​ជំនួយឥតសំណង បច្ចេកទេស កម្ចីសម្បទាន និង​ជំនួយ​ផ្សេងៗ​លើ​ច្រើន​វិស័យ ព្រមទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​កម្ពុជា​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុងតែ​បោះជំហាន​ទៅមុខ​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​។ សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ដែលជា​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ត្រូវបាន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ថែរក្សា និង​ពង្រឹង ពង្រីក​ជា​បន្តបន្ទាប់​នៅ​គ្រប់​ស្ថានភាព និង​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ប្រជាជន​កម្ពុជា​កំពុងតែ​សប្បាយរីករាយ ដោយ​ទទួល​បាន​ពី​មនុញ្ញផល នៃ​សន្តិភាព សម្រាប់​ជីវភាព​រស់នៅ​របស់ខ្លួន​។

នៅក្នុង​ឱកាស​នោះ​លោក Christophe Andres Frassa បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្តេច ប្រធាន​ព្រឹទ្ធសភា ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការគួរសម​នាពេលនេះ និង​បាន​ពាំនាំ​នូវ​ការ នឹករលឹក និង​សួរសុខទុក្ខ​ពី​លោក ប្រធានព្រឹទ្ធសភា​បារាំង និង​លោក​ប្រធាន​សភា​និយាយ​ភាសា​បារាំង (APF) ជូន​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា​ផងដែរ​។ លោក Christophe Andres Frassa ក៏បាន​ជម្រាប​ជូន​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​បារាំង ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ តាមរយៈ​ភាសា វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ​ប្រទេស​បារាំង​បានផ្តល់ ជំនួយ​ដល់​កម្ពុជា​តាំងពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ប្រទេស​បារាំង​ក៏បាន​ជួយ​ផងដែរ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​វិ​វ​ឌ្ឍ​ឈាន​ឡើងជា​បន្តបន្ទាប់ ក្លាយជា​សមាជិក​អង្គការ ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ជា​ប្រទេស​ដែល​ទទួលបាន​នូវ​ការគោរព​នៅក្នុង​ឆាក​អន្តរជាតិ ក្លាយជា​ដៃគូ ពិសេស នៅក្នុង​អាស៊ាន ព្រមទាំង​ជា​ប្រទេសមួយ​ដែល​ទទួលបាន​នូវ​ការ​វិយោគ​ពី​អ្នកវិនិយោគិ​ន​បារាំង​ជាច្រើន​។ លោក​បាន​បញ្ជាក់ទៀតថា ប្រទេស​បារាំង​មិនអាច​បំភ្លេចបាន​នូវ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ឆ្លងកាត់​សម័យកាល​ដ៏​ជូរចត់​កាលពីពេល​កន្លងទៅ​។ ប្រទេស​បារាំង​បាន​ចូលរួម​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ឆ្លង​ផុត​នូវ​សម័យកាល​ដ៏​ជូរចត់ និង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ខា​ង​សេដ្ឋកិច្ច ព្រមទាំង​ទទួលបាន​នូវ​ភាព​ថ្កុំថ្កើង និង​រុងរឿង​នៅក្នុង​អាស៊ាន​។ លោក Christophe Andres Frassa បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​និយាយ​ភាសា​បារាំង ហើយ​ប្រទេស​កម្ពុជា គឺជា​សមាជិក​នៃ​សមាគម​អាស៊ាន​។ លោក​បន្ថែមថា ជាការ​ពិត សមាគម​នេះ​មិនមែនជា​សមាគម ដែល​និយាយ​ភាសា​បារាំង​នោះទេ ប៉ុន្តែ​ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ឡាវ ជា​ប្រទេស​និយាយ​ភាសា​បារាំង ដែល​បាន​ជួយ​លើកតម្កើង​ភាសា​បារាំង​នៅក្នុង​តំបន់​អាស៊ាន​នេះ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu