Ad Code

ព្រឹទ្ធសភា​បារាំង​ចង់​មក​ពិនិត្យ និង​សង្កេត​ដោយផ្ទាល់ នៅក្នុង​ការបោះឆ្នោត​ប្រកួតប្រជែង នា​ថ្ងៃទី​២៩ កក្កដា ខាងមុខ



ភ្នំពេញ ​៖ តំណាង​ប្រតិភូ​ព្រឹទ្ធសភា​បារាំង លោក Christophe-Andre Frassa បាន​អះអាងថា លោក​ចង់​មក​ពិនិត្យ និង​សង្កេត​ដោយផ្ទាល់ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខ ដោយ​លោក​ចង់ឃើញ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្តិ​ទៅដោយ​រលូន ត្រឹមត្រូវ និង​យុត្តិធម៌​។​

លោក Christophe-Andre Frassa លើកឡើង​បែបនេះ ខណៈដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨៨ នៅ​ទីស្តីការ គ​.​ជ​.​ប​។​

លោក សោម សូលី​ដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ​បន្ទាប់ពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​ពិភាក្សា​ភាគី​បារាំង ចង់ដឹង​អំពី​បច្ចុប្បន្នភាព នៃ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​របស់ គ​.​ជ​.​ប ហើយ​យើង​ក៏បាន​ជម្រាប​ទៅ​ភាគី​បារាំង​វិញ​ថា គ​.​ជ​.​ប បានរៀបចំ​បញ្ជី​បោះឆ្នោត​ជា​ផ្លូវការ​ហើយ ដែលមាន​អ្នកបោះឆ្នោត​ជាង​៨​លាន​នាក់ និង​គណបក្សនយោបាយ​មាន​ចំនួន​២០​គណបក្ស ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នាពេលខាងមុខ​។​

តាម​លោក សោម សូលី​ដា ដំណើរ​ការដែល​កំពុង​តែ​អនុវត្ត​នេះ គឺ​ទៅតាម​ប្រតិទិន និង​ទៅតាម​កម្មវិធី ដែល​គ​.​ជ​.​ប បាន​កំណត់ ហើយ​អ្វីដែល​យើង​ធ្វើ គឺ​នៅក្នុង​ស្ថានភាព​ដែល​ប្រទេស​មាន​សន្តិភាព ហើយ​ស្ថានភាព​អ្វី​ផ្សេងទៀត ដែល​គ​.​ជ​.​ប បានធ្វើ​នេះ គឺ​ដោយ​ភាពរលូន​ត្រឹម​ត្រឹម​យុត្តិធម៌ ហើយ គ​.​ជ​.​ប ក៏​ស្នើ​សូម​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​មាន​ចេតនា​ចង់​ឲ្យ​ភាគី​បារាំង​ចាត់​ប្រតិភូ ដើម្បី​ចូលរួម​សង្កេតមើល​ការបោះឆ្នោត​។ លោក​បន្តថា សមាជិក​ព្រឹទ្ធសភា​តំណាង​ជនជាតិ​បារាំង​នៅក្រៅ​ប្រទេស និង​ជា​សមាជិក​ក្រុម​បារាំង​នៃ​សភា​ប្រទេស​និយាយ​ភាសា​បារាំង មានការ​ពេញចិត្ត​នឹង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត និង​មាន​សុទិដ្ឋិនិយម​ចំពោះ គ​.​ជ​.​ប ដែល គ​.​ជ​.​ប ជា​ស្ថាប័ន​មួយ​ឯករាជ្យ ហើយ​ធានា​ឲ្យ​មាន​តម្លាភាព ភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​ភាគី​បារាំង​សង្ឃឹមថា ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នឹង​បាន​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា ហើយ​បាន​សាទរ​ចំពោះ​កិច្ចការ ដែល​គ​.​ជ​.​ប បាន​អនុវត្ត ជាពិសេស គឺ​ការចុះឈ្មោះ​បោះឆ្នោត​ទៅតាម​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​។ ដែល​ក្នុងនោះ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​ប្រព័ន្ធ​នេះ លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។​

លោក សោម សូលី​ដា បាន​ជម្រាបជូន​ភាគី​បារាំង​ដែរ​ថា ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មាន​ចំនួន​ជាង​៩​លាន​នាក់ ហើយ​បានមក​ចុះឈ្មោះ​បោះឆ្នោត​ជាង​៨​លាន​នាក់ គិត​ជា​ភាគរយ ស្មើ​៨៤.៨០​ភាគរយ​។ ខាង​ព្រឹទ្ធសភា​បារាំង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​បើ​ធៀប​ទៅ​នឹង​ប្រទេស​បារាំង​វិញ គឺ​តួលេខ​នេះ​ខ្ពស់​មែនទែន ហើយ​ចំនួន​អ្នកបោះឆ្នោត ដែល​បាន​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ គឺមាន​ចំនួន​ជាង​៩០ ភាគរយ ដែល​ចំនួន​នេះ ប្រតិភូ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​គេ​ជឿជាក់ថា ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅពេល​ខាងមុខនេះ ភាគរយ​នៃ​អ្នក​អញ្ជើញ​ទៅ​បោះឆ្នោត និង​មាន​ចំនួន​ច្រើនឡើង ដូច​អ្វី ដែល​ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​ផងដែរ​។​

ចំណែក​លោក Christophe-Andre Frassa បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា លោក​ចង់​មកជួប​គ​.​ជ​.​ប ២​ខែ​មុន​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ លោក​បន្តថា សភា​និយាយ​ភាសា​បារាំង គឺជា​ស្ថាប័ន​មួយ​ដែល​ជួយ​លើកតម្កើង​នៅ​ការគោរព​លទ្ធិប្រជាធិបតេយ្យ​។ លោក​ចង់​មក​ពិនិត្យមើល​ការបោះឆ្នោត ដើម្បី​ឲ្យ​លោក​មាន​ទំនុកចិត្ត​នៅ​ថ្ងៃ​បោះឆ្នោត គឺ​ត្រឹមត្រូវ សេរី យុត្តិធម៌ ប្រជាធិបតេយ្យ ផ្តល់ឱកាស​ឲ្យ​ប្រជាជន​កម្ពុជា ធ្វើ​ជម្រើស​ដោយ​ខ្លួនឯង នៅក្នុង​ការបោះឆ្នោត​តំណាងរាស្ត្រ​របស់ខ្លួន​។​

តាម​លោក Christophe-Andre Frassa ព្រឹត្តិការណ៍​កាលពី​ខែកញ្ញា កន្លងទៅ​បានធ្វើ​ឲ្យ​ខាង​សភា​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​មាន​ក្តី​ព្រួយបារម្ភ​បន្តិចបន្តួច ដូច្នេះហើយ​លោក​ចង់​មក​ពិនិត្យ និង​សង្កេត​ដោយផ្ទាល់​ថា ខាង គ​.​ជ​.​ប កំពុងតែ​រៀបចំ​នៅ​យន្ត​ការដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​មាន​ប្រជាធិបតេយ្យ សេរី យុត្តិធម៌ ត្រឹមត្រូវ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​រហូតមកដល់​ពេលនេះ ខ្ញុំ​មាន​អារម្មណ៍​វិជ្ជមាន​តាមរយៈ​អ្វីដែល​ខ្ញុំ​សង្កេតឃើញ តាមរយៈ​ការពិភាក្សា​នឹង​ជជែក​ជំនួប​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លងមក និង​តាម​មធ្យោបាយ និង​ប្រព័ន្ធ​ដែល​គ​.​ជ​.​ប បាន​កំពុង​អនុវត្ត​នៅ​ពេលនេះ​។ ការបោះឆ្នោត គឺ​ផ្អែក​សំខាន់​ទៅ​សេចក្តីទុកចិត្ត​របស់​អ្នកបោះឆ្នោត ហើយ​ប្រធានបទ​មួយ​ក្នុងចំណោម​ប្រធានបទ​ដែល​យើង​បាន​ជជែក​ពិភាក្សា​។ ជាមួយ​ខាង​មន្ត្រី​គ​.​ជ​.​ប គឺ​ចង់​ឲ្យ​មាន​បេសកកម្ម​អ្នកសង្កេតការណ៍​អន្តរជាតិ​ពី​ស្ថាប័ន​ធំៗ ដូចជា​សហគមន៍​អឺរ៉ុប ក៏ដូចជា អង្គការ​បណ្តា​ប្រទេស​និយាយ​ជា​ភាសា​បារាំង​មក​សង្កេតការណ៍​នៅពេល​បោះឆ្នោត​។​
លោក Christophe-Andre Frassa បាន​បញ្ជាក់ដែរថា លោក​មាន​អារម្មណ៍​វិជ្ជមាន និង​សប្បាយចិត្ត ដោយ​ឃើញ​មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម​ការបោះឆ្នោត ប្រព័ន្ធ​ចុះឈ្មោះ​អ្នកបោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ធ្វើ​ឲ្យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​កើនឡើង​ចំនួន​៥០​ម៉ឺន​នាក់ មាន​អ្នកសង្កេតការណ៍​បោះឆ្នោត និង​ជំរុញ​ឲ្យ​កម្ពុជា​អញ្ជើញ​អ្នកសង្កេតការណ៍​បោះឆ្នោត​មកពី​ស្ថាប័ន​ធំៗ​អន្តរជាតិ​។ អ្វីដែល​លោក​ចង់ឃើញ គឺ​ចង់​ឲ្យ​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ​ដំណើរការ​ទៅដោយ​រលូន​ត្រឹមត្រូវ​ល្អ​៕
​​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu