Ad Code

ហ៊ិ​ន ច័ន្ទនី​រ័ត្ន ត្រូវ​តែងតាំង​ជា​ទូត​សុ​ឆន្ទៈ​នៃ​គណៈកម្មការ​ផលិត​ទូកង​បំបែក​ឯតទគ្គកម្ម​ពិភពលោក



ភ្នំពេញ ​៖ ​ពិធី​ការិនី​ស្រី​រូប​ស្រស់​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ថ្មីៗ​នេះ​ ត្រូវបាន​ស​.​ស​.​យ​.​ក​ខេត្តព្រៃវែង​​ ប្រកាស​តែងតាំង​ជា​ទូត​សុ​ឆន្ទៈ​នៃ​គណៈកម្មការ​ផលិត​ទូកង​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។​

នៅក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី​០១​ខែមិថុនា ​ឆ្នាំ​២០១៨ ​បាន​បញ្ជាក់ថា ​គណៈកម្មការ​ផលិត​ទូកង​បានសម្រេច​តែងតាំង​លោក ហម ឈ​រ៉ា និង​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ជា​ទូត​សុ​ឆន្ទៈ​នៃ​គណៈកម្មការ​ផលិត​ទូកង​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក។

ទូត​សុ​ឆន្ទៈ​ទាំងពីរ​ជា​តំណាង​ផ្លូវការ​ក្នុងការ​កៀងគរ​ស្វែងរក​ការគាំទ្រ​កម្មវិធី​ផលិត​ទូកង​ក៏ដូចជា​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​អំពី​កម្មវិធី​ផលិត​ទូកង​ទៅ​សាធារណជន​ទូទៅ​តាម​ប្រព័ន្ធ​ព័ត៌មាន បណ្តាញ​សង្គម ឬ​ក្នុង​ពិធី​ផ្សេងៗ​។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា​ ការផលិត​ទូកង​ដែលមាន​ប្រវែង វែង​ជាងគេ​លើ​ពិភពលោក​នេះ​គឺ​ក្នុង​គោលបំណង​៖១,​រំលឹក​ឡើងវិញ​នៅ​ប្រវត្តិ​ដ៏​យូរ​លង់​នៃ​ការផលិត​និង​ការប្រើប្រាស់​ទូកង​របស់​ខ្មែរ​តាំងពី​បុរាណ​ក៏ដូចជា​រំលឹក​ឡើងវិញ​នៅ​ស្នាម​ព្រះហ្ដ​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ជាពិសេស​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​បាន​ប្រើប្រាស់​ទូកង​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ធ្វើសឹក​សង្គ្រាម​ជាមួយ​សត្រូវ ការពារ​បូរណភាព​ទឹកដី។

២,​ជួយ​លើកកម្ពស់​កិត្យានុភាព​ជាតិ​ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល​ឲ្យ​កាន់តែច្បាស់​ថា​កម្ពុជា​អាចបង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​ និង​៣,​ជំរុញ​ស្មារតី​ស្នេហា​ជាតិ ​និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ​ក្នុងការ​ថែរក្សា​និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​។​

សូមបញ្ជាក់ថា ​ទូកង​របស់​ខ្មែរ​ ដែល​មាន​ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក​(៨៥,៥០​ម៉ែត្រ​)​កំពុង​ដំណើរការ​ផលិត​នៅ​តំបន់​ចុច​ប៉ម​ក្រុង​ព្រៃវែង ខេត្តព្រៃវែង​ ហើយ​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨។

ដោយ​ស្របពេល​នេះដែរ​កញ្ញា ហ៊ិ​ន នី​រ័ត្ន បាន​និយាយ​រៀបរាប់ថា ​នាង​ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ ស​.​ស​.​យ​.​ប​ខេត្តព្រៃវែង​ដែល​បានសម្រេច​តែងតាំង​នាង​ខ្ញុំ​ជា​ទូត​សុ​ឆ្ឆន្ទៈ​នៃ​គណៈកម្មការ​ផលិត​ទូកង​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។​ នាង​ខ្ញុំ​នឹង​ខិតខំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​នូវ​អ្វី​ដែលជា​វប្បធម៌​និង​មរតក​ដូនតា​ដែល​បាន​បន្សល់​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ជាក់ស្តែង​ទូកង​ដែល​កំពុង​ផលិត​នេះ និង ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់​ពី​ទំនៀម​ទម្លាប់​របស់​ប្រទេស​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu