Ad Code

លោក​លី សា​ម៉េ​ត អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ថ្ងៃ​២៩​កក្កដា​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​



កណ្តាល​ ៖ ​លោក​លី សា​ម៉េ​ត ក្នុងនាម​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បានធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ ក៏​ដូច​បុគ្គលិក​កម្មករ​ក្នុង​ក្រុមហ៊ុន​អេង​ឌី​ប៉ូ អភិវឌ្ឍន៍ ទាំងអស់​អញ្ជើញ​ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩​កក្កដា​ខាង​នេះ​ ក្នុងនាម​ពលរដ្ឋ​ល្អ​ ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី និង​ការ​បន្ត​ថែរក្សា​សន្តិភាព ទាំងស្រុង​ដែល​ធានា​បាន​ដល់​ការអភិវឌ្ឍ​​ឲ្យ​មានការ​រីក ចម្រើន​ឥត​ឈប់ឈរ បន្ថែមទៀត។

លោក លី សា​ម៉េ​ត ក្នុងនាម​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បានលើកឡើង​បែបនេះ​ ខណៈ​អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍​ជាង​១០០​នាក់​កាលពី​ម្សិលមិញ​នេះ​ ស្ថិតនៅ​ឃុំ​កំពង់​អុស ​ស្រុក​ពញាឮ ​ខេត្ត​កណ្ដាល​ ដែល​ពិធី​នោះ​ ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​លោក​ឧកញ៉ា ឌី ប៉ូ ក្នុងនាម​ជា​អគ្គនាយក​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍​ចូលរួម​ផងដែរ​។​

លោក​លី សា​ម៉េ​ត​ថ្លែងបន្តថា​ ក្រោយពី​ប្រទេសជាតិ​រួច​ផុតពី​សង្គ្រាម ដោយបាន​ចាប់ផ្តើម​អភិវឌ្ឍន៍​ប្រទេស​ពី​ចំណុចសូន្យ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែលជា​ខ្នងបង្អែក​ធានាបាន នូវ​សុខសន្តិភាព និង​ជម្រុញ​ការអភិវឌ្ឍន៍​ប្រទេស ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​មាន​អ្វីៗ​គ្រប់បែបយ៉ាង​រហូតមក​ដល់​បច្ចុប្បន្ន ។ ការ​អភិវឌ្ឍ​​ប្រទេស​កម្ពុ​ជា​​ ​តាំងពី​បាត​ដៃទទេ​រហូត​មាន​ថ្ងៃនេះ​ពិតជា​បាន​ឆ្លងកាត់ ឧបសគ្គ​គ្រប់​ដំណាក់កាល តាំងពី​ប្រជាពលរដ្ឋ​មិនមាន​បាយ​ហូប​គ្រប់គ្រាន់ រហូត​មក​ដល់​សព្វថ្ងៃ​មាន​ជីវភាព​សមរម្យ ការ​រស់នៅ​ប្រកបដោយ​សុខសាន្ដត្រាណ ក្រោម​ដំបូល​សន្តិភាព​តែមួយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ដ៏​ឆ្នើម​គ្មាន​ពីរ​។​

លោក បាន​បន្តថា ដើម្បី​បន្ត​រក្សា​សន្តិភាព ជាពិសេស​ធានា​ដល់​ការអភិវឌ្ឍន៍​ឲ្យ​មានការ​រីកចម្រើន​ឥតឈប់ឈរ សូម ឲ្យ​បងប្អូន​ទាំងអស់ ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០​ដែល​នឹង​ជិត មកដល់​នា​ថ្ងៃ​២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី ក្នុងការ​ដឹកនាំ នាវា​កម្ពុជា ឆ្ពោះទៅកាន់​ត្រើយ​វិបុលភាព និង​វឌ្ឍនភាព​។​

ក្នុង​ពិធី​ជួប​សំណេះសំណាល​នា​ឱកាស​នោះ​ដែរ​ លោក​ឧកញ៉ា ឌី ប៉ូ អគ្គនាយក​ក្រុមហ៊ុន​អេង ឌី ប៉ូ អភិវឌ្ឍន៍ បាន​ថ្លែងថា សេរីភាព ដែល​យើង​ទទួល​បាន​ជាង​៣០​ឆ្នាំ​មកនេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​តែមួយគត់ បាន​អភិវឌ្ឍន៍​ប្រទេសជាតិ​ពី​បាទ​ដៃទទេរ ដោយ​ចាប់​ផ្តើមកសាង ស្តារ និង​ជម្រុញ​ការអភិវឌ្ឍន៍​ឱ្យមាន ការរីកចម្រើន មិន​សន្យា​ខ្យល់ ដូច​អ្នកនយោបាយ​ប្រថុយ​ប្រ​ឋាន​មួយចំនួន​នោះឡើយ ។​

​លោក​ឧកញ៉ា​ឌី ប៉ូ​បន្តថា ដោយមាន​គោលការណ៍ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិ​ត្យិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាពិសេស​ក្នុង អាណត្តិ​ទី​៥​នេះ បាន​ជម្រុញ​អភិវឌ្ឍន៍​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ទទួលបាន​សមិទ្ធផល​ជាច្រើន​កើតឡើង​ជា​ហូរហែ ដូចជា ផ្លូវ ស្ពាន សាលារៀន វត្ត​អារាម ជាក់ស្តែង​ការ​ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន​អេង ឌី ប៉ូ អភិវឌ្ឍន៍ បាន​ចូលរួមចំណែក​អភិវឌ្ឍន៍ លើ​វិស័យ​កសិកម្ម​ដាំ​ដុះ​ដំណាំ​ស្រូវ​ធម្មជាតិ​មកដល់ពេលនេះ គឺជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ផង​ដែរ។​

តំណាង​បុគ្គលិក​ក្រុមហ៊ុន​អេង ឌី ប៉ូ អភិវឌ្ឍន៍​ជាច្រើន​នាក់​ក៏បាន​លើកឡើង​ស្រដៀងៗ​គ្នា​ថា ពួកគាត់ មានការ​សង្ឃឹម​ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង ព្រោះ​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ គឺ​មានតែ​គណបក្ស ប្រជាជន​កម្ពុជា​តែមួយគត់ បាន​ធ្វើ​ឲ្យ​ពួកគាត់​​​ចៀស​ផុតពី​សេចក្តី​ស្លាប់។

តំណាង​បុគ្គលិក​កម្មករ​បាន​បន្ថែម​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រធាន​បាន​ដឹកនាំ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពោរពេញ​ដោយ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​ការ​ជំរុញ អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន ឲ្យ​មាន​ផ្លូវ មាន​ស្ពាន ផ្សារ សាលារៀន វត្ត​អារាម និង​ការ​ផ្តល់នូវ​សុវត្ថិភាព​នៅ​តាម​មូលដ្ឋាន​ជាដើម។ សរុប​មក​ពួកគាត់​ទាំងអស់គ្នា ត្រូវតែ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៩​កក្កដា​ខាងមុខនេះ​ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​នេះ​ ក៏​ដូច​អាណត្តិ​ក្រោយៗ​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu