Ad Code

ផ្ទុះ​ភ្នំភ្លើង Fuego នៅ​ហ្គា​តេ​ម៉ា​ឡា ​សម្លាប់​មនុស្ស​ច្រើន​នាក់ ​និង​របួស​រាប់រយ​នាក់



ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​យ៉ាងតិច​៧​នាក់​ ដោយ​ក្នុងនោះ​មាន​ទាំង​កុមារ​៣​នាក់​ផងដែរ​គឺ​ត្រូវបាន​សម្លាប់ ​និង​ជិត​៣០០​នាក់​ បាន​រងរបួស​កា​លពី​ថ្ងៃអាទិត្យ​នៅក្នុង​ការផ្ទុះ​ដ៏​ហិង្សា​បំផុត នៃ​ភ្នំភ្លើង Fuego របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​ក្នុង​រយៈពេល​ជាង​៤​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

ភ្នំភ្លើង Fuego បាន​ព្រួស​ក​ម្អែ​ទៅ​ចម្ងាយ​៨​គីឡូម៉ែត្រ​ហើយ​បាន​បញ្ចេញ​ផ្សែងខ្មៅ​និង​ផេះ​ដ៏​ក្រាស់​ដែល​បាន​បាចសាច​ចូលទៅក្នុង​រដ្ឋធានី​និង​តំបន់​ដទៃទៀត​។​

លោក Sergio Cabanas អគ្គលេខាធិការ​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ CONRED របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​បាន​និយាយ​ក្នុង​វិទ្យុ​ថា “​វា​គឺជា​ទន្លេ​នៃ​ក​ម្អែ​ហើយ​វា​បាន​ប៉ះពាល់​ដល់​ភូមិ El Rodeo​។ មាន​អ្នករបួស អ្នកស្លាប់​និង​អ្នក​ដែល​ត្រូវ​ដុត​ឆេះ​ខ្លួន​”​។​

ចំណែក​លោក Mario Cruz អ្នកនាំពាក្យ​អង្គភាព​ពន្លត់​អគ្គិភ័យ​ស្ម័គ្រ​ចិត្តបាន​និយាយថា “​យើង​សូមបញ្ជាក់​ពី​អ្នកស្លាប់​ថា​មាន​ចំនួន​៧​នាក់​ដោយ​ក្នុងនោះ​មាន​មនុស្សពេញវ័យ​៤​នាក់​និង​កុមារ ៣​នាក់​ដែល​ត្រូវបាន​បញ្ជូនទៅ​កន្លែង​ដាក់​សព​រួចទៅហើយ​”​។​

លោក Cabanas បាន​និយាយថា ម្នាក់​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​គឺជា​បុគ្គលិក​របស់ CONRED ។ លោក​បាន​បន្ថែមថា រហូតមកដល់​ពេលនេះ មាន​មនុស្ស​ចំនួន​៣,១០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​នោះ​។​

លោក​ប្រធានាធិបតី Jimmy Morales បាន​និយាយថា គាត់​បាន​កោះប្រជុំ​រដ្ឋមន្ត្រី​របស់គាត់​ហើយ​កំពុង​ពិចារណា​ប្រកាស​ដាក់​ច្បាប់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៅក្នុង​នាយកដ្ឋាន​នៃ​តំបន់ Chimaltenango, Escuintla និង Sacatepequez​។​

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការផ្ទុះ​នេះ​បាន​បង្ខំ​ឲ្យ​អាកាសយានដ្ឋាន​អន្តរជាតិ La Aurora របស់​ទីក្រុង​ហ្គា​តេ​ម៉ា​ឡា​ត្រូវ​បិទផ្លូវ​រត់​តែមួយគត់​របស់ខ្លួន​ដោយសារ​ផេះភ្នំភ្លើង​និង​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកដំណើ​រ​និង​យន្តហោះ​។​

គួរ​បញ្ជាក់ថា ភ្នំភ្លើង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង​ហ្គា​តេ​ម៉ា​ឡា​៕ REUTERS

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu