Ad Code

រយៈពេល​២​ថ្ងៃ ​ក្នុង​ការ​បង្ក្រាប​ទីតាំង រុករក​រ៉ែ​មាស​ខុសច្បាប់



បាត់ដំបង ៖ ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ នេះ កិច្ចប្រតិបត្តិការ របស់​កម្លាំង​ចម្រុះ​ក្រសួង បានធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស សរុប​ចំនួន ៧ កន្លែង ដែល​ក្នុងនោះ មានតែ ២ ទីតាំង​ប៉ុណ្ណោះ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ចំណែក ៥ ទីតាំង​ទៀត គឺជា​កន្លែង​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ គ្មាន​ការអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ ឬក៏​អាច​និយាយបាន​ថា គឺធ្វើឡើង​តាមបែប​ត្រូវដង​ត្រូវផ្លែ​គ្នា។

នៅក្នុង​រយៈពេល ២ ថ្ងៃ នេះ កម្លាំង​ចម្រុះ​ដែលមាន ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប៉េអឹម ខេត្ត ស្រុក និង​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត បាត់ដំបង បានចេញ​ប្រតិបត្តិការ​យ៉ាង​សម្ងាត់ ព្រមទាំង​មានការ​រារាំង មិន​អនុញ្ញាត​អោយ​អ្នកសារព័ត៌មាន​ចូល​ផ្តិត​យក​រូបភាព​នោះឡើយ នៅ​ក្នុង​តំបន់ភ្នំ​ត្រងោល​នេះ គឺ​ស្ថិត​ក្នុងភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

នៅក្នុង​កិច្ចប្រតិបត្តិការ​ ដែល​យើង​ទទួល​បាន​ពី​ប្រភព​របស់​សមត្ថកិច្ច បាន​អោយ​ដឹង​ថា​ ទីតាំង​ដែល​ជា​អាជីវកម្ម​រ៉ែ​មាស​ស្របច្បាប់ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នោះ ​គឺ​មាន​ទីតាំង​របស់​សហគមន៍​សិប្បករ​ធនធាន​រ៉ែ​មាស ១ កន្លែង និង ១ កន្លែង​ទៀត ជា​របស់​ក្រុមហ៊ុន​ភូ​យ៉ាង (​ក្រុមហ៊ុន​ចិន ) ដោយឡែក ៥ ទីតាំង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​គេ​ស្គាល់​ថា ជា​របស់​អ្នក​ដែលមាន​ខ្សែ​គ្រាក់ៗ ផងដែរ ហើយ​នៅក្នុង​ចំណោម​៥​ទីតាំង​នេះ​ គឺមាន​២​ទីតាំង ​ត្រូវបាន​កម្លាំង​ដាក់​គ្រឿងចក្រ​អោយធ្វើ​ការកម្ទេច និង​បំផ្លាញចោល។

រីឯ​សម្ភារៈ​ដែល​កម្លាំង​ចម្រុះ​ បាន​ធ្វើ​ការដកហូត​ពាក់​ព័ន្ធ​នឹង​បទល្មើស​រួមមាន​ ៖​ ១-​ធុង​អាស៊ីត​ចំនួន ២០៩ ធុង ២-​ស្យា​នី​ត​ចំនួន ២៥ ធុង ៣-Drychlorine ចំនួន ១៥ ធុង​ ៤-​ម្សៅ​រ៉ែ​ពាក់​កណ្តាល​សម្រេច ៣០​ថង់​តូច​ ៥-​បន្ទះ​ស័ង្កសី ៤០ គីឡូក្រាម​ ៦-​ម៉ាស៊ីន​អុក​ចំនួន​៣​គ្រឿង​ ៧-​ម៉ាស៊ីន​កិន​រ៉ែ​ចំនួន​២៤ គ្រឿង​ ៨-​ម៉ាស៊ីន​ស្វាន​ថ្ម​រ៉ែ​ចំនួន​៦​គ្រឿង​ ៩-​ម៉ាស៊ីនបូមទឹក​ចំនួន​៩​គ្រឿង​១០-​មូទ័រ​ចំនួន​២​គ្រឿង​ ១១-​អា​ម៉ូ​ញ៉ូ​ម នីត្រាត ចំនួន ៦២,៥ បាវ ១២-​កំបោរ​ចំនួន ៨៨​បាវ ១៣-Soda ASH/LIGHI ចំនួន ២១,៥​បាវ​ ១៤-​ម្សៅ​ស​ចំនួន ៤ ធុង ១៥-​ម៉ាស៊ីនភ្លើង​ចំនួន​១២​គ្រឿង ​១៦-​ធុង​SODIOUM NITATE ចំនួន ១១ ធុង និង​សំបក​១ ធុង ១៧- ក្បាល​ផ្សារ​សម្រាប់​ដេញមាស​ចំនួន​ ៣ ធុង ១៨-​ធុង​ហ្គាស៍​ចំនួន ២ ធុង ១៩-​ធុង​ជ័រ​ចំនួន ១៩ ធុង ២០-​ចានដែក​ចំនួន ១០ ចាន ២១-​ចានដែក​ជ័រ​ចំនួន ៩ ចាន ២២-​អាង​ត្រាំ​ក្បាល​រ៉ែ​ចំនួន ១៣ កន្លែង ២៣-​គីប​ខ្យល់ ចំនួន ១០៧០ គីប ២៤-​គីប​ភ្លើង​ចំនួន ២០៤០ គីប ២៥-​ក្បាល​កិន​ថ្ម​រ៉ែ​ចំនួន​៤​គ្រឿង ២៦-​កញ្ច្រែង​ញាក់​ចំនួន​១ ឈុត ២៧-​ធុង​ត្រាំ​ស័ង្កសី​ចំនួន ១ ធុង ២៨-​ប៉ូ​តា​ស្យូ​ម ចំនួន​២ បាវ ២៩-​ម៉ាស៊ីនបូមខ្យល់ ១ គ្រឿង ៣០-​ជើង​ទប់​ម៉ូ​ទ័​រ​ខួង​ថ្ម ចំនួន​១ គ្រឿង និង ៣១-​ត្រើយ​ចំនួន ២ គ្រឿង ដោយ​សម្ភារៈ​មួយចំនួន​ដែល​បម្រើអោយ​អាជីវកម្ម​រ៉ែ​មាស ត្រូវបាន​កម្ទេច​ចោល​នៅនឹងកន្លែង ឯ​សារ​ធាតុ​គីមី​ប្រគល់​ជូន​ក្រសួង​រ៉ែ និង​ថាមពល រក្សាទុក​ ហើយ​រំសេវ គីប ប្រគល់​អោយ​កងរាជអាវុធហត្ថ​ខេត្ត​រក្សាទុក។

គួរ​រំលឹក​ដែរ​ថា កន្លងមក​លោក​ប្រធាន​មន្ទីរ រ៉ែ និង ថាមពល អ៊ា​ន មាឃ ធ្លាប់​បាន​និយាយ​ថា ការ​ធ្វើ​អាជីវកម្ម​នៅ​ទីនេះ សុទ្ធតែ​មានច្បាប់​អនុញ្ញាត​ទាំងអស់ លុះ​មាន​បញ្ហា​កើតឡើង​នៅឯ​ខេត្តក្រចេះ ទើប​មាន​កម្លាំង​ចម្រុះ​ចេញ​ប្រតិបត្តិការ ហើយ​ទើប​ធ្លាយ​រឿងអាស្រូវ​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ គ្មាន​អាជ្ញាប័ណ្ណ ដែល​បញ្ហា​នេះ​គេ​សង្ស័យថា អាច​មានការ​ត្រូវដង​ត្រូវផ្លែ​គ្នា ពី​សំណាក់​ក្រុមអាជីវករ ជាមួយនឹង​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​ជំនាញ ទើប​ការងារ​នេះ​អាច​រលូន​ទៅមុខ​បាន។

ប្រភព​ជាច្រើន​បាន​ចោទ​ជា​សំណួរ​ថា ទីតាំង​ចំនួន ៥ កន្លែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ដូចគ្នា ហេតុអ្វី​បានជា​កម្លាំង​ចម្រុះ​ធ្វើការ​កម្ទេច​តែ​២​កន្លែង រីឯ​៣​កន្លែង​ទៀត​រួចខ្លួន ?បញ្ហា​នេះ​យើង​ពិបាក​ក្នុងការ​សាកសួរ​ដោយសារតែ​កិច្ចប្រតិបត្តិការ​នេះ ត្រូវបាន​គេ​លាក់លៀម​នៅឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu