Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ ជំរុញ​ឲ្យ​មានការ​វិនិយោគ​បន្ថែមទៀត​ទៅលើ​វិស័យ​សុខាភិបាល



ភ្នំពេញ​ ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​បាន​ជំរុញ​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​លើកកម្ពស់​សុខភាព​ និង​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​របស់​ប្រជាជន​កាន់​តែ​មាន​សុខដុម​នីយកម្ម។

​ថ្លែង​នៅក្នុង​ពិធី​ពិព័រណ៍​និង​សន្និសីទ​អន្តរជាតិ នៅ​កម្ពុជា​លើក​ទី​3​ស្តីពី គ្រឿងសំអាង កែសម្ពស្ស សក់ & ស្ប៉ា​កាលពី​ថ្ងៃទី​5​កញ្ញា​នៅ​កោះ​ពេជ្រ លោក សាស្ត្រាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ ការចូលរួម​វិនិយោគ​ពី​ផ្នែក​ពាក់ព័ន្ធ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ពិសេស​ផ្នែក​ឧស្សាហកម្ម​ឱសថ​និង​បរិក្ខារ​ពេទ្យ​។​

លោក​សាស្ត្រាចារ្យ​បាន​បន្តថា​ ជាក់ស្តែង​ការ​តាំងពិព័រណ៍​និង​សន្និសីទ​អន្តរជាតិ នៅ​កម្ពុជា​លើក​ទី​3​ស្តីពី គ្រឿងសំអាង កែសម្ពស្ស សក់ & ស្ប៉ា​នេះ​ក៏​ជា​ចំណែក​មួយ​យ៉ាងសំខាន់​ផងដែរ​ក្នុងការ​លើកស្ទួយ​វិស័យ​សុខាភិបាល​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​តាមរយៈ​ការបង្ហាញ​នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​បច្ចេកទេស​ទំនើបៗ ផលិតផល​ឱសថ អាហារ​បំប៉ន​សុខភាព​និង​គ្រឿង​ឧបករណ៍​បរិក្ខារ​ពេទ្យ​និង​ថ្នាំ​រក្សា​សម្រស់ គ្រឿងសំអាង​ផ្សេងៗ​ដែល​នាំចូល​មកពី​បណ្តា​ប្រទេស​ជឿនលឿន​នៅលើ​ពិភពលោក​។​

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់ថា ​តាមរយៈ​ការតាំងពិព័រណ៍​នេះ​ក៏​ដើម្បី​ផ្តល់ឱកាស​កាន់តែច្រើន​ថែមទៀត​ដល់​កិច្ច​សហប្រតិបត្តិការ​អាជីវ​កម្ម អភិវឌ្ឍន៍​ផលិតកម្ម​កែលំអ​សេវា​និង​បន្ត​ជួយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ថែទាំ​សុខភាព​។​

លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹងថា​ ក្រសួង​គាំទ្រ​ការដាក់​តាំង​ពីព័រណ៍​នេះ​ព្រោះ​បាន​ជួយ​បង្កើត​ឲ្យ​មាន​បណ្តាញ​មុខ​ជំនួយ​និង​កិច្ចសហការ​ប្រតិបត្តិការ​អាជីវកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​ដើម្បី​ឲ្យ​អ្នកជំនាញ​ផ្នែក​សុខភាព​មានឱកាស​ប្រើប្រាស់​សេវា​ថែទាំ​ឧបករណ៍​ថ្មីៗ​ក្នុង​ការ​ជួយសង្គ្រោះ​ និង​ថែទាំ​អ្នកជំងឺ​ឲ្យ​កាន់តែ​ប្រសើរ​និង​ប្រសិទ្ធភាព​ខ្ពស់​។​

លោក លីម សុ​បញ្ញា តំណាង​ក្រុមហ៊ុន វី​អេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែលជា​អ្នករៀបចំ​ការតាំង​ពិ​ព័រ ណ៍​បាន​មានប្រសាសន៍ថា​ការ​តាំងពិព័រណ៍ អន្តរជាតិ​កម្ពុជា​លើក​ទី​3​ស្តីអំពី​គ្រឿងសម្អាង ការកែ​សម្ផស្ស​ និង​ថែរក្សា​​សម្រស់​កម្ពុជា​នៅ​ឆ្នាំ​2018 នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 05 ដល់​ថ្ងៃ 07 ខែកញ្ញា ឆ្នាំ​2018 នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​តាំង​​ពិព័រណ៍​កោះ​ពេជ្រ​ដោយមាន​ក្រុមហ៊ុន​ចូលរួម​ជាង 60 មកពី 15 ប្រទេស​មកពី​ប្រទេស​ចិន អាល្លឺម៉ង់ ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ ឥណ្ឌា បង់​ក្លា​ដេ​ស កម្ពុជា វៀតណាម​បាន​បង្ហាញ​ផលិតផល​ភេសជ្ជៈ​គ្រឿងសំអាង ​និង​ផលិតផល​អនាម័យ​ផ្ទាល់ខ្លួន​ផលិតផល​សុខភាព​ធម្មជាតិ​អាហារ​សុខភាព​និង​ភេសជ្ជៈ​អាហារ​បំប៉ន​ផលិតផល​ថែរក្សា​វិជ្ជាជីវៈ​ឧបករណ៍​គ្រោះថ្នាក់​និង​គ្រឿង​សម្ភារៈ​គ្រឿង​សង្ហារិម​ និង​បរិក្ខារ​មន្ទីរពេទ្យ​សម្ភារៈ​ឱសថ​គ្រឿងសំអាង​ឱសថ​គ្រឿងសំអាង​ការ​ព្យាបាល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu