Ad Code

ប្រធាន​គ​.​ជ​.​ប ណែនាំ​សមាជិក សមាជិកា គ្រប់ផ្នែក​ឲ្យ​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត ​អនុវត្ត​ឱ្យបាន​ល្អ​តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន ក្នុង​ការងារ​បោះឆ្នោត​នាពេលខាងមុខ



ភ្នំពេញ ​៖ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជំរុញ ក៏ដូចជា​ណែនាំ​ដល់​សមាជិក សមាជិកា គ្រប់ផ្នែក​ទាំងអស់ ឲ្យ​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត អនុវត្ត​ឱ្យបាន​ល្អ​តាម​តួនាទី និង​ភារកិច្ច​ដូច​បានកំណត់​ក្នុង​ច្បាប់ បទបញ្ជា​នីតិវិធី និង​បទបញ្ជាផ្ទៃក្នុង នៅក្នុង​ការគ្រប់គ្រង ចាត់ចែង និង​រៀបចំ​ការបោះឆ្នោត​នាពេលខាងមុខ ហើយក៏​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ​ផងដែរ ដើម្បី​ឲ្យ​ការងារ​នេះ​ទទួលបាន​ជោគជ័យ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក ណែនាំ​បែបនេះ នៅក្នុង​ពិធី​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការឃោសនាបោះឆ្នោត សម្រាប់​ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​រសៀល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២១០៨ ដែល​ការបណ្តុះបណ្តាល​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។​

នៅក្នុង​ពិធី​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នោះ គ្រូឧទ្ទេស​ជំនាញ​របស់ គ​.​ជ​.​ប បានធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ “​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី សម្រាប់​ការឃោសនាបោះឆ្នោត ក្រមសីលធម៌ និង​នីតិវិធី​នៃ​ការដាក់​ការទទួល និង​ការដោះស្រាយ​បណ្តឹង​” ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ថ្លែង​ទៅកាន់​អ្នកចូលរួម លោក ស៊ិ​ក ប៊ុន​ហុក បាន​ណែនាំ​ឲ្យ​ដល់​សមាជិក សមាជិកា គ្រប់ផ្នែក​ទាំងអស់​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត អនុវត្ត​ឱ្យបាន​ល្អ​តាម​តួនាទី ភារកិច្ច​ដូច​បានកំណត់​ក្នុង​ច្បាប់ បទបញ្ជា​នីតិវិធី និង​បទបញ្ជាផ្ទៃក្នុង ក្នុងការ​គ្រប់គ្រង ចាត់ចែង និង​រៀបចំ​ការបោះឆ្នោត នៅតាម​រាជធានី ខេត្ត​របស់ខ្លួន និង​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ​ក្នុង​រាជធានី ខេត្ត​នីមួយៗ ព្រោះ​កត្តា​ផ្ទៃក្នុង​នេះហើយ​ជា កត្តា​កំណត់​ជ័យជំនះ ឬ​បរាជ័យ​។ ត្រូវ​ចេះ​រួបរួមគ្នា​ធ្វើការ ដើម្បីឱ្យ​ការងារ​របស់​យើង​សម្រេចបាន ជោគជ័យ ហើយ​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​គណបក្ស និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក្នុង​ការធ្វើសកម្មភាព​ឃោសនាបោះឆ្នោត ឱ្យបាន​ស្មើៗ​គ្នា និង​ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

ជាមួយគ្នា​នោះ ត្រូវមាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​នានា នៅក្នុង​រាជធានី ខេត្ត​រៀងៗ​ខ្លួន ដោយ​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​យ៉ាង​ទៀងទាត់ ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក ហើយ​ខិតខំ​ដោះស្រាយ​រាល់​បាតុភាព ​ដែល​កើតមាន ហើយ​គ្រប់ គ​ធ​.​ខ​ប ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការឃោសនាបោះឆ្នោត​ដល់​មន្ត្រី គ​ធ​.​ខ​ប ដល់​គណៈកម្មការ ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) ឱ្យស្រប​តាម នីតិវិធី​ដែល​បានកំណត់ និង​ត្រូវ​អញ្ជើញ តំណាង​គណបក្សនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​ទីស្នាក់ការ​ក្នុង​រាជធានី ខេត្ត នៅតាម​ក្រុង ស្រុក ខណ្ឌ និង​នៅតាម​ឃុំ សង្កាត់​ចូលរួម​ឱ្យបាន​ច្រើន​កុះករ​។

តាម​លោក ស៊ិ​ក ប៊ុន​ហុក នាពេល​ខាងមុខនេះ គ​.​ជ​.​ប និង​ក្រសួងមហាផ្ទៃ នឹង​ចេញ​សេចក្តីណែនាំ​រួមមួយ ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង គ​.​ជ​.​ប គ្រប់លំដាប់​ថ្នាក់ ក្នុង​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ខ្លឹម​សារសំខាន់​ក្នុង​សេចក្តីណែនាំ​រួម​នោះ​មានដូចជា តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត ត្រូវធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ឱ្យ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្សនយោបាយ​ក្នុង​ការធ្វើសកម្មភាព​នានា ស្របតាម​ច្បាប់ និង​បទបញ្ជា​និង​នីតិវិធី ហើយ​សប្តាហ៍​ទី​១ ខែមិថុនា អភិបាលខេត្ត ត្រូវ​ចាត់​ឱ្យមាន​កិច្ចប្រជុំ​មួយ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ រចនាសម្ព័ន្ធ​សន្តិសុខ ខេត្ត គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ដើម្បី​ផ្សព្វផ្សាយ​អំពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។​

ជាមួយគ្នា​នោះ អភិបាលខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ផ្តល់​កិច្ចសហការ​ដល់​គណៈកម្មកា​រ គ​.​ជ​.​ប គ្រប់លំដាប់​ថ្នាក់ ដើម្បី​ពិភាក្សា និង​ឯកភាពគ្នា​កំណត់​ទីតាំង រៀបចំ​កាលវិភាគ​ប្រចាំ​សប្តាហ៍ ការប្រើប្រាស់​ទីតាំង​លំដាប់​មុន​ក្រោយ សហការ​សម្របសម្រួល និង​រៀបចំ​ជាមួយ​គណបក្សនយោបាយ ចាត់វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ​ចំពោះ​ការឃោសនា​ដែល​ផ្ទុយ​ពី​ច្បាប់ សហ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​ឱ្យបាន​ល្អ​។ អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ផ្តល់​កិច្ចសហការ ដល់​គណៈកម្មការ គ​.​ជ​.​ប គ្រប់លំដាប់​ថ្នាក់ ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុងសម័យ​បោះឆ្នោត ជាអាទិ៍ ការឃោសនាបោះឆ្នោត ការដឹកជញ្ជូន​សម្ភារ​បរិក្ខារ ការដឹកជញ្ជូន​ត្រឡប់មកវិញ ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​បោះឆ្នោត​។​

សេចក្តីណែនាំ ក៏​នឹង​តម្រូវឱ្យ​មន្ត្រីរាជការ​ស៊ីវិល​គ្រប់​លំដាប់ថ្នាក់ ត្រូវមាន​អព្យាក្រឹតភាព​ក្នុង​សកម្មភាព​ការងារ និង​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង​ក្នុង​ការងារ​បោះឆ្នោត​។ ក្នុងនោះ​ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ ដែល​មិន​ស្ថិតក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ ក៏ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង​ក្នុងការ​អនុវត្ត​មុខងារ​របស់ខ្លួន​ក្នុង​ដំណើរការ​បោះឆ្នោត​ផងដែរ​។

សូមបញ្ជាក់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu