Ad Code

ក្រុមហ៊ុន អេ​ច​ជី​ប៊ី គ្រុប​បង្ហាញ​រថយន្ត Bentley Bentayga V8 ថ្មី​ម៉ូ​ដែល​ថ្មី​បំផុត​នៅលើ​ទីផ្សារ​ កម្ពុជា



ភ្នំពេញ ​៖ ​ក្រុមហ៊ុន អេ​ច​ជី​ប៊ី គ្រុប​បានបង្ហាញ​រថយន្ត Bentley Bentayga V8 ថ្មី​ម៉ូ​ដែល​ថ្មី​បំផុត​នៅលើ​ទីផ្សារ​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទីផ្សារ​រថយន្ត​ប្រណិតៗ​នៅ​កម្ពុជា។

ក្រុមហ៊ុន អេ​ច​ជី​ប៊ី គ្រុប (HGB Group)​បាន​ឲ្យ​ដឹងថា ​រថយន្ត Bentley Bentayga V8 ថ្មី​នេះ​ប្រើ​ទែ​រ​បូ​ភ្លោះ ចំណុះ 4 លីត្រ មាន​កម្លាំង​ខ្លាំង និង​សន្សំសំចៃ​ប្រេង បំពាក់​នូវ​សំឡេង​ម៉ាស៊ីន 8 បំពង់​ស៊ី​ម៉ាង​ភ្លោះ​ដ៏​ស្រស់ស្អាត និង​ប្រើ​ហ្វ្រាំង​កាបូន​សេ​រ៉ា​ម៉ិច​បែប​ស្ព័​រ​នៃ​រថយន្ត SUV ដ៏​ប្រណីត​និង​ប្រើ​ប្រព័ន្ធ​ឌី​ណា​មិ​ក​ជួយ​បង្កើន​កម្លាំង​ម៉ាស៊ីន​ឲ្យ​ខ្លាំង​ទៀតផង​។​

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​សាល​តាំង​លក់​ថ្មី​របស់​ក្រុមហ៊ុន​រថយន្ត Bentley ភ្នំពេញ​ស្ថិតនៅ​អគារ​លេខ 37 មហាវិថី​ព្រះ​មុន្នី​រ៉េត សង្កាត់​វាលវង់ ខ័​ណ្ឌ 7 មករា រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី 31​ឧសភា​លោក ហ៊ឺ​ហ្វ្រី​ដ ហា​សេន​ហ៊​ល នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អេ​ច​ជី​ប៊ី គ្រុប បាន​មានប្រសាសន៍ថា​ការសម្រេចចិត្ត​នាំចូល​រថយន្ត Bentley​ជា​ម៉ាក​យី ហោ​រថយន្ត​ប្រណិត​របស់​អង់គ្លេស​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេលនេះ​គឺ​ដោយ​មើលឃើញថា​ប្រទេស​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​និរន្តរភាព មាន​ស្ថិរភាព​នយោបាយ​ល្អ​ពិសេស​ពលរដ្ឋ​កម្ពុជា​និយម​ចូលចិត្ត​ប្រើប្រាស់​រថយន្ត​ថ្មីៗ​ទំនើប​ទាន់សម័យ​ពិសេស​ប្រជាពលរដ្ឋ​លំដាប់​ខ្ពស់ៗ​។​

ក្រៅពី​លក់​រថយន្ត​ Bentayga ហើយ​លោក​បាន​បន្តទៀត​ថា ក្រុមហ៊ុន​ក៏មាន​មាន​លក់​រថយន្ត​គ្រប់​ម៉ូ​ដែល​ទាំងអស់​ដល់​អតិថិជន​ផងដែរ រួមមាន​ម៉ូ​ដែល Mulsanne, , Flying Spur និង​រថយន្ត Continental GT ស៊េរី​ថ្មី​។​

ពាក់ព័ន្ធ​នឹង​ការសម្ពោធ​ហាង​លក់​ថ្មី​នេះដែរ​លោក ដេវីដ ជេ​ក​សុន (David Jackson) នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ ក្រុមហ៊ុន​រថយន្ត Bentley Motors បាន​មានប្រសាសន៍ថា ​សាល​តាំង​លក់​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង ដើម្បី​ជួយ​ឲ្យ​អតិថិជន​របស់​យើង​មាន​ចក្ខុវិស័យ​រឹងមាំ ភ្លឺ​ថ្លា និង​ទាន់សម័យ បាន​យល់​ពី​ម៉ាក​យីហោ​រថយន្ត Bentley ហើយ​សាល​នេះ​ត្រូវបាន​តុបតែង​នូវ​ភាព​ប្រណីត​ក្នុង​កម្រិត​ស្មើគ្នា នឹង​ភាព​ប្រណីត​ដ៏​ល្បីល្បាញ​របស់​រថយន្ត​ផងដែរ​។

លោក​បាន​បន្តថា​ការសម្ពោធ​សាល​តាំង​លក់​រថយន្ត Bentley ប្រចាំ​ទីក្រុង​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ការចាប់ផ្ដើម​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី និង​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការកើនឡើង​នូវ​វត្តមាន​ដ៏​រឹងមាំ​របស់​រថយន្ត Bentley នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

លោក ហ៊ឺ​ហ្វ្រី​ដ ហា​សេន​ហ៊​ល នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អេ​ច​ជី​ប៊ី គ្រុប បាន​ឲ្យ​ដឹងថា​«​យើង​មាន​សេចក្តី​រីករាយ ដែល​ក្រុមហ៊ុន HGB Group ត្រូវបានតែងតាំង​ដើម្បី​ធ្វើជា​តំណាង​ឲ្យ​ម៉ាក​យីហោ​រថយន្ត Bentley ដែលជា​ម៉ាក​យីហោ​រថយន្ត​ពិសេស និង​ទទួលបាន​ការគោរព​កោតសរសើរ​យ៉ាងខ្លាំង​»​។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន អេ​ច​ជី​ប៊ី គ្រុប​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១២​ដែលមាន​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ប្រទេស​សិង្ហ​បុរី​ដោយ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​យានយន្ត ម្ហូបអាហារ និង​ភេសជ្ជៈ និង​ឧស្សាហកម្ម​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​ឡាវ​ផងដែរ​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu