Ad Code

អនុប្រធាន​ទី​២​ព្រឹទ្ធសភា ​៖​ រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ អំពី​បញ្ហា​សិទ្ធិ​របស់​កុមារ



ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​បញ្ហា និង​សិទ្ធិ​របស់​កុមារ ដើម្បីឱ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏ដូចជា​អនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ និង​អនុសញ្ញា​លេខ​១៨២ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ស្តីពី​ការហាម​ប្រាម និង​សកម្មភាព​បន្ទាន់​សម្រាប់​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ និង​បទដ្ឋាន​ជាតិ អន្តរជាតិ​ស្តីពី​សិទ្ធិ​កុមារ។

នេះ​ជាការ​បញ្ជាក់​របស់លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា តំណាងឱ្យ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៩ នៃ​ទិវា​កុមារ​អន្តរ ជាតិ ០១ មិថុនា ស្តីពី “ ការលើកកម្ពស់​សិទ្ធិ​កុមារ ”​ស្ថិតនៅ​មជ្ឈមណ្ឌល​បុរី​កុមារ​មិត្តភាព បារាំង​-​ហុង​ហ្គ្រី ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នា​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨​នេះ។

ក្នុង​ពិធី​នោះដែរ​លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ បាន​រំលឹកថា ថ្ងៃនេះ​ជា​ថ្ងៃ​អបអរសាទរ​ខួប​លើក​ទី​៦៩ នៃ​ទិវា​កុមារ​អន្តរជាតិ ០១​មិថុនា ដែល​ពិភពលោក​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ការឈឺចាប់​របស់​មនុស្ស​ជាតិ​លើ​សកលលោក ទៅលើ​ឧក្រិដ្ឋកម្ម​ដ៏​ព្រៃផ្សៃ​យង់ឃ្នង​របស់​ពួក​ហ្វា​ស៊ី​ស​អ៊ី​ត្លែរ ដែល​បានសម្លាប់​ស្ត្រី និង​កុមារ នៅក្នុង​ភូមិ លី​ឌី​ស៊ែ នៃ​សាធារណរដ្ឋ​សហ​ព័ន្ធ​ឆែក និង​នៅ​ភូមិ​អូ​រ៉ា​ឌូ​ប្រទេស​បារាំង ក្នុងអំឡុង​ឆ្នាំ​១៩៤២-១៩៤៤ នៃ​សង្គ្រាមលោកលើកទី​២។ លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​បន្តថា ពិភពលោក​ទាំងមូល ​បាន​កំណត់ថា ថ្ងៃទី​០១ មិថុនា ជា​ទិវា​ចងកំហឹង​ឈឺចាប់​ពុះពោរ ហើយក៏​ជា​ទិវា​មួយ ដែល​បំផុសស្មារតី​ដល់​មនុស្សជាតិ​ទាំងមូល អោយ​យកចិត្តទុកដាក់​ដល់​សុខុមាលភាព​របស់​កុមារ​ទាំងឡាយ និង​ជា​ទិវា​សាមគ្គី​អន្តរជាតិ​របស់​កុមា​រលើ​ពិភពលោក។ លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​បានបញ្ជាក់​ថា ទាក់ទង​នឹង​សិទ្ធិ​របស់​កុមារ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​គិតគូរ អំពី​បញ្ហា និង​សិទ្ធិ​របស់​កុមារ ដើម្បីឱ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​អនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ និង​អនុសញ្ញា​លេខ​១៨២ ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ស្តីពី​ការហាម​ប្រាម និង​សកម្មភាព​បន្ទាន់​សម្រាប់​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ និង​បទដ្ឋាន​ជាតិ អន្តរជាតិ ស្តីពី​សិទ្ធិ​កុមារ​ផ្សេងៗ​ទៀត។ ជា​រៀងរាល់ឆ្នាំ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា ០១​មិថុនា ដើម្បី​សម្តែង​នូវ​ការ​គាំពារ​ដល់​សិទ្ធិ​កុមារ។ ក្រៅពីនេះ​ក៏មាន​គោលនយោបាយ ជាច្រើន​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​សិទ្ធិ​កុមារ ជាពិសេស​គោលនយោបាយ​ជាតិ ស្ដីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច គឺ​តាមរយៈ​ការ​បង្កើន​មណ្ឌល​សុខភាព និង​សាលារៀន​បន្ថែមទៀត ដល់​តំបន់​ដាច់ស្រយាល​នៅ​ទីជនបទ ដើម្បី​ឲ្យ​កុមារ​បានទទួល​សេវា​សុខាភិបាល និង​ការអប់រំ​។ ការលើកកម្ពស់​អត្រា​ចូលរៀន​របស់​កុមារ ការធ្វើសមាហរណកម្ម​កុមារ​ពិការ និង​ជំរុញ​ការអប់រំ​ក្រៅ​ប្រព​ន្ធ័​ជាដើម សុទ្ធតែជា​គោលនយោបាយ ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ និង​បន្តធ្វើ​នៅក្នុង​អាណត្តិ​ក្រោយៗ​ទៀត។ លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​បានបញ្ជាក់​បន្ថែមថា កន្លងមកនេះ ​យើង​បានរួម​គ្នា​តាមរយៈ "​ការពារ​កុមារ​ពី​អំពើហិង្សា និង​ការប្រើប្រាស់​គ្រឿងញៀន​" ដូច​យើង​បានដឹងហើយថា បញ្ហា​នេះ​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស​, ផលប្រយោជន៍​សង្គម និង​សុខុមាលភាព​ប្រជាជន ជាពិសេស​កុមារ​។ លើសពីនេះ​ទៀត បញ្ហា​នេះ​បានធ្វើឱ្យ​ចុះខ្សោយ​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ដែល​កុមារ​ត្រូវការ ដើម្បី​រស់រានមានជីវិត ប្រកបដោយ​សុខុមាលភាព​, ប្រាជ្ញា​វៀងវៃ និង​ផលិតភាព​ខ្ពស់ និង​ជាការ រំលោភបំពាន​ទៅលើ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​បួន​របស់​កុមារ​ផងដែរ​។ ជាមួយនេះ​ ឆ្លើយតប​ទៅនឹង​បញ្ហា​គ្រឿងញៀន កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២ និង​អនុក្រឹត្យ​លេខ ១៦២ ស្តីពី​ការបង្កើត​មណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ឆ្នាំ​២០១០ ហើយ​ទន្ទឹម​នោះ ​ឤជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏​តែង​បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ បង្ការ​ទប់ស្កាត់ ការ​ស្តារនីតិសម្បទា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការធ្វើសមាហរណកម្ម​ចូលក្នុង​សង្គមជាតិ និង​បាន​ប្រឹងប្រែង​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​យ៉ាង​ខ្លាំង​ក្លា​។ ទាក់ទង​ការលើកកម្ពស់​សិទ្ធិ​កុមារ​តាមរយៈ​ការរួម​គ្នា "​បញ្ចប់​ពលកម្ម​កុមារ​ក្នុង​ចង្វាក់​ផលិតកម្ម​" កន្លងមក​រាជរដ្ឋាភិបាល​តែង​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ ដោយ​ផ្អែកលើ​គោលការណ៍​ចម្បង ៣​គឺ​៖ ១) ការដកហូត​កុមារ​ពី​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ ដើម្បីឱ្យ​កុមារ​ទទួលបាន​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សមាហរណកម្ម​កុមារ​ទៅក្នុង​សង្គម ២) កិច្ចសហការ ជាមួយ​សង្គម​ស៊ីវិល និង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​ស្ត្រី និង​កុមារ និង ៣) លើកកម្ពស់​ការងារ​ស​មរ​ម្យ និង​សុវត្ថិភាព​ការងារ​កុមារ​។ ចំពោះមុខ​នេះ​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​រៀបចំ​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការកាត់បន្ថយ​ពលកម្ម​កុមារ និង​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ (២០១៦-២០២៥) ដើម្បី​លើកកម្ពស់​ការយល់ដឹង​ឱ្យ​កាន់តែ​ប្រសើរ ស្តីពី​បញ្ហា​ពលកម្ម​នៅ​កម្ពុជា។

ជាមួយ​ពិធី​សំណេះសំណាល​ក្នុងឱកាស​អបអរសាទរ ​ទិវា​កុមារ​អន្តរជាតិ​នេះដែរ លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា ក៏បាន​នាំយក​នូវ​អំណោយ​មួយចំនួន​ចែកជូន​ដល់​លោកគ្រូ អ្នកគ្រូ យាយជី តាជី ប្រជាពលរដ្ឋ កុមារ និង​កង​សន្តិ សុខ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu