Ad Code

ផ្ទះ​មួយ​កន្លែង​ ត្រូវ​ចោរ​គាស់​សោ​ទ្វារ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​មួយចំនួន​តូច



រតនគិរី​ ៖​ ក្រុម​ចោរ​ បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​សោ​​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ត្រង់​ចំណុច​ជើងវត្ត​ភ្នំ​ស្វាយ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី។

លោក ភាំង នូ​ជ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជនជាតិខ្មែរ ជា​ម្ចាស់ផ្ទះ បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា​នេះ ថា រូបគាត់​បាន​ទៅ​ចោលផ្ទះ​ចំនួន​២​ខែ​មក​ហើយ ឲ្យ​អ្នកជិតខាង​ចាំមើល​ផ្ទះ​ឲ្យ ដោយ​គាត់​បាន​នាំ​ប្រពន្ធ​ និង​កូន​ទៅ​រស់​នៅឯ​ខេត្ត​ព្រះសីហនុ ពេលនោះ​ចោរ​បាន​គាស់​ទ្វារផ្ទះ​របស់​គាត់​នៅ​យប់​ថ្ងៃទី​៣ ខែកញ្ញា​នេះ ដោយ​អ្នកជិតខាង​បាន​តេ​ប្រាប់​ ​ហើយ​​គាត់​ក៏ឡើង​ឡាន​ឈ្នួល​មក​ខេត្តរតនគិរី​ភ្លាម។

លោក​បន្តថា ក្រោយពី​ហេតុការណ៍​នេះ​ភ្លាម គាត់​បានមក​ដល់ផ្ទះ ដើរទៅ​អើតមើល​ក៏​ឃើញ​សោ​​ទ្វារ​ក្រោយ​ផ្ទះ​បាន​បាក់​ស្រ​យ៉​សោ​​ទាំង​២​ចេញពី​គ្នា បន្ទាប់មក​នៅក្នុង​បន្ទប់​គាត់​ដេក ក៏បាន​បាក់​ស្រ​យ៉​សោ​​ទ្វារ​ដូចគ្នា​ផង​ដែរ ហើយ​បាន​ចូល​លួច​យក​ទ្រព្យសម្បត្តិ​មួយចំនួន​ដូចជា​ ÷ ខោអាវ ៥ កំ​ប្លេ និង​ចង្ក្រានហ្គាស​១ ។​

​ចំណែក​ម៉ូតូ ស៊ី​រ៉ូ​ស ១​គ្រឿង អត់​ពន្ធ កញ្ចាស់ មិន​ត្រូវបាន​ចោរលួច​យកទៅ​នោះទេ ដោយ​ម៉ូតូ​នេះ​ធាក់​មិន​ឆេះ ហើយ​អត់​មាន​ពន្ធ​ថែម​ទៀតផង។​

ម្ចាស់ផ្ទះ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើ​យ៉ាងណា​ដើរ​ល្បាត​ក្នុង​មួយ​យប់​២​ទៅ​៣​ដង ពោល គឺ​ភូមិ​ឃុំ​មាន​សុវត្ថិភាព៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu