ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលការិយាល័យសើបបការ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនខ្លួន អនុប្រធានភូមិម្នាក់ និងប្រពន្ធរបស់គាត់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធ ពីបទរំលោភលើទំនុកចិត្ត។
បុរសជាប្តីឈ្មោះណែម ណាន អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធានភូមិ និងប្រពន្ធឈ្មោះតេង សុខជា អាយុ៥៣ ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្លែង ឃុំត្រពាំវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្តីប្រពន្ធ២នាក់នោះត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃ៣១ធ្នូ វេលាម៉ោង១០ និង២០ នាទីព្រឹក នៅចំណុចហាងលក់កាហ្វេ ផ្លូវបំបែកជិតគល់ស្ពាន៧ មករា ស្ថិតនៅឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានការបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោសុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង និងយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៧៩៩ ត.ព្រ និងលេខ ៨០០ ត.ព្រ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ របស់លោកម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ប្តី និងប្រពន្ធពីបទ រំលោភលើទំនុកចិត្ត ។ បទល្មើសនេះជនសង្ស័យជាអនុប្រធានភូមិ និងប្រពន្ធ បានប្រព្រឹត្តពីថ្ងៃទី១៧ តុលា ២០១៥ នៅរាជធានីភ្នំពេញ។
ពុំមានប្រភពព័ត៌មានបញ្ជាក់ពីអង្គហេតុ នៃការចាប់ខ្លួនអនុប្រធានភូមិ និងប្រពន្ធ ពាក់ព័ន្ធបទរំលោភទំនុកចិត្តនោះទេ សមត្ថកិច្ចគ្រាន់តែបង្ហើបថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរតែប៉ុណ្ណោះ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យហើយ សមត្ថកិច្ចបាននាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី នាព្រឹកថ្ងៃទី ០១ មករា ឆ្នាំ ២០១៦។ តុលាការកំពង់សាកសួរជនសង្ស័យនៅឡើយ ដោយមិនទាន់មានការសំរេចបែបណាទេ៕
ចាប់ខ្លួនអនុប្រធានភូមិនិងប្រពន្ធពីបទ រំលោភលើទំនុកចិត្ត
0 Comments