ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញគណៈអភិបាលរាជ ធានីភ្នំពេញរួមទាំងមន្ត្រីរាជការក្រោមឱវាទរាជធានីភ្នំពេញ បានរៀបចំពិធីតាមបែបសាសនា ដោយមាននិមន្តព្រះសង្ឃចំរើនព្រះបរិត្ត សូត្រមន្តសុំសេចក្តីសុខ សេចក្ដីចម្រើនក្នុងឆ្នាំថ្មីដើម្បីឡើងអាគាររដ្ឋបាលថ្មីដែល ទើបសាងសង់រួចក្នុងបរិវេណសាលារាជធានីភ្នំពេញស្របគ្នានឹងការចូលរួមអបអរសាទរឆ្នាំថ្មីឆ្នាំ សកល ២០១៦ផងដែរ។
សមិទ្ធផលដែលបានកើតមានឡើង នាពេលនេះរួមមាន អគាររដ្ឋបាលកម្ពស់១២ ជាន់,ចំណតរថយន្តក្រោមដីចំណុះ៣០០គ្រឿង,ហេដ្ឋារចនាសម្ពន្ធក្រៅអគារ រួមទាំង គ្រឿងបរិក្ខារបំពាក់ផងដែរ។ នេះជាអគាររដ្ឋបាលថ្មីលើកដំបូងរបស់សាលារាជធានីភ្នំពេញ ដែលមានកម្ពស់រហូតដល់១២ជាន់ និងបានក្លាយជាការិយាល័យធ្វើការរបស់មន្ត្រីរាជការរ មានលក្ខណៈស្អាតសមរម្យក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា មានលក្ខណៈធំទូលាយមិនចង្អៀតដូចមុន និងមានកន្លែងចតរថយន្តត្រឹមត្រូវដែល បានដំណើរការសាងសង់តាំងពីឆ្នាំ២០១៤មក។
មន្ត្រីរាជការក្នុងសាលារាជធានីភ្នំពេញតាមការិយាល័យនិមួយៗ បានប្តូរទីតាំងពីការិយាល័យនៃអគារចាស់ទៅកាន់អគារថ្មីជាបណ្តើរៗហើយ។ ការសាងសង់អគាររដ្ឋបាលថ្មីនេះ ក៏ជាការជំរះនូវមន្ទិលសង្ស័យនានាដែលលើកឡើងថា ទីតាំងសាលារាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានគេលក់ហើយ និងត្រូវប្តូរទីតាំងទៅជាយក្រុង។ តាមរយៈផេកហ្វេសប៊ុក ផ្លូវការរបស់ខ្លួន លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា តាមការគ្រោងទុក អគាររដ្ឋបាលថ្មី និងចំណតរថយន្តក្រោមដីដែលទើបសាងសង់រួច នេះ និងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសា ឆ្នាំ២០១៦ឬមុនបុណ្យ ចូលឆ្នាំខ្មែរខាងមុខ។
លោកអភិបាលមានប្រសាសន៍ថា ទោះបីការអភិវឌ្ឍ នៅមិនទាន់បានដូចបំណងក៏ពិតមែន តែយើងមានមោទនភាពដែលអភិបាលរាជធានីភ្នំពេញគ្រប់ជំនាន់សុទ្ធតែបានខិតខំអភិវឌ្ឍន៏ទីក្រុងភ្នំពេញឲ្យចេញពីទីក្រុងខ្មោចកាលពីឆ្នាំ១៩៧៩ បានប្រែក្លាយមកជាទីក្រុងមួយដែលមានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតនៅក្នុងតំបន់៕
អគាររដ្ឋបាលសាលារាជធានីភ្នំពេញបានសាងសង់រួចជាស្ថាពរ និងសូត្រមន្ត សុំពរជ័យនៅថ្ងៃទី១ខែមករានេះ
0 Comments