Ad Code

ស៊ូ វ​ណ្ណះ អាច​សងសឹក ហួន សុខ​នី​ម បានសម្រេច​ឬ​អត់​?



សម្រាប់​ការប្រកួត​គូ​ឯក នៅក្នុង​កម្មវិធី​ប្រដាល់​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០១៨ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ នោះ គឺ​ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវគេ​ផ្តល់​ឱកាស​អោយ​ជួប ជម្រះបញ្ជី​ជាមួយ ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ពីរ​នាក់​នេះ ធ្លាប់​ជួប​ប្រកួត​គ្នា​៣​ដង​ហើយ ដោយ​ហួន សុខ​នី​ម វាយ​ឈ្នះ​ទាំង​២​លើក និង​ស្មើ​ពិន្ទុ​គ្នា​មួយ​លើក​។ ដូច្នេះ ចាំមើល​ការជួបគ្នា​លើក​នេះ តើ​ស៊ូ វ​ណ្ណះ អាច​យកឈ្នះ​លើ​ហួន សុខ​នី​ម​បាន​ឬ​អត់​នោះ ?។​

ហួន សុខ​នី​ម មាន​ស្នៀត​ទាត់​និង​កណ្តាប់ដៃ​ខ្លាំង និង​វាយ​ល្អ ហើយ​មានចិត្ត​ប្រដាល់​ធំ និង​មាន​ទិច​និ​ច​ប្រកួត​ច្រើន ដើម្បី​យកឈ្នះ​លើ​គូប្រកួត​។ ដោយសារតែ​យ៉ាង​ដូច្នេះហើយ ទើប​ឡើង​ប្រកួត​ឈ្នះ​ច្រើនជាង​ចាញ់ ។ តួយ៉ាង ការប្រកួត​លើកចុងក្រោយ​នេះ សុខ​នី​ម​បាន​ផ្តួល​យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​អោយ​សន្លប់​ក្នុង​ទឹក​ទី​១ ។​

ស៊ូ វ​ណ្ណះ គេ​ក៏មាន​ចិត្ត​ប្រដាល់​ធំ​ដែរ ហើយ​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ថែមទៀត ។ វ​ណ្ណះ វ៉ៃ​មិនចេះ​ថយ​ទេ គឺ​សម្រុកចូល​ជានិច្ច ប៉ុន្តែ​រាល់​ការ​វាយ​ចេញ​របស់គេ ភាគច្រើន​មិនសូវ​ចំ​គោលដៅ គឺ​បានត្រឹមតែ​សម្រុក​ប៉ុណ្ណោះ ។ ការប្រកួត​ចុងក្រោយ​គេ​នេះ ស៊ូ វ​ណ្ណះ វាយ​ឈ្នះ​ចេង គា អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ។ ចាំមើល តើ​ស៊ូ វ​ណ្ណះ អាច​សងសឹក​យកឈ្នះ​ហួន សុខ​នី​ម បាន​ឬ​អត់ នៅក្នុង​ការ​ជយ​ប​គ្នា​លើក​ទី​៤​នេះ ? ។​

ចំពោះ​ការប្រកួត​ដណ្តើមពាន​អនុស្សាវរីយ៍​ទូរទស្សន៍​បាយ័ន​ទម្ងន់​៥៤​គីឡូក្រាម តាម​រូបមន្ត ម៉ា​រ៉ា​តុង​លើក​នេះ មាន​អ្នក​ប្រដាល់​ជើង​ថ្មី​២​រូប និង​ជើងចាស់​២​រូប ចូលរួម​ប្រជែង​គ្នា​ដណ្តើមយក​។

អ្នក​ប្រដាល់​ជើង​ថ្មី​២​រូបនោះ គឺ​ជី ឆៃលី មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង វ៉ន វ៉ុ​ន ក្លិប​អេ​ភូ​ថង​កីឡា ហើយ​ជើងចាស់​២​រូបនោះ គឺ សំណាង សម្បត្តិ ក្លិប​កងចក្រ​រាជសីហ៍ និង ជុន សា​វិធ ក្លិប​កុសល​កីឡា ។​

​ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង​៤​នាក់​នេះ ខ្លះ​ធ្លាប់​ជួបគ្នា ខ្លះ​មិន​ធ្លាប់​ជួបគ្នា​នោះទេ កន្លងមក​។​បើតាម​ការកត់សម្គាល់​ពី​សមត្ថភាព របស់​អ្នក​ប្រដាល់​ទាំង​៤​នាក់​នេះ គេ​បាន​សន្និដ្ឋាន​និង​វាយតម្លៃថា ជើង​ថ្មី វ៉ន វ៉ុ​ន ទំនងជា​នឹង​ឈ្នះ​បាន​ពានរង្វាន់​អនុស្សាវរីយ៍​បាយ័ន​ទម្ងន់​៥៤​គីឡូក្រាម​នេះ ។​

ដូច្នេះ​ចាំមើល សម្រាប់​ការជួប​ប្រកួត​គ្នា រវាង​ជី ឆៃលី , វ៉ន វ៉ុ​ន , ជុន សាវុធ និង សំណាង​សម្បត្តិ តើ​វ៉ន វ៉ុ​ន គេ​អាច​យកឈ្នះ​ដូច​ការរំពឹងទុក​បាន​ឬ​អត់​? ។​

វ៉ន វ៉ុ​ន គេ​ធ្លាប់​វាយ​ឈ្នះ​ជើងចាស់​ជុន សាវុធ ដោយ​ពិន្ទុ ។​តែ​យ៉ាងណា​វ៉ន វ៉ុ​ន មិន​ប្រាកដថា​វាយ​ឈ្នះ ជី ឆៃលី ដែលជា​ដៃគូ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​លើកដំបូង​នោះទេ ។ ចំពោះ​ជុន សាវុធ និង​សំណាង សម្បត្តិ ដែល​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​លើ​ដំបូង​ដែរនោះ ក៏​ពុំទាន់​អា​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះដែរ ។

ជុន សាវុធ ថ្វីត្បិតតែ​ជា​ជើងចាស់​មាន​ទិច​និ​ច​ប្រកួត​ល្អ​ក្តី ប៉ុន្តែ​គេ​អន់​កម្លាំង​ស៊ុ​ហ្វ ឯ សំណាង សម្បត្តិ គេ​ស្រករ​ក្រោយ​សាវុធ​មែន តែ​គេ​វាយ​ខ្លាំង​ជាង ។ តែ​យ៉ាងណា មិនទាន់​ប្រាកដថា នរណា​ឈ្ណះ នរណា​ចាញ់ នោះទេ ។​

​គួរ​បញ្ជាក់ថា ការប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ ប្រព្រឹត្តិ​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើងឯក​ម្ចាស់​ពាន​ក្នុងពេល​តែមួយ ។​ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ។​

សូមបញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ៕ ​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu