Ad Code

ក្រុមចម្រុះ​និយាយ​ថា ការ​វាយឆ្មក់​នៅ​យេ​មែន​ប្រហែលជា​បាន​សម្លាប់​ជន​ស៊ីវិល



ក្រុមចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​គាំទ្រ​រដ្ឋាភិបាល​យេ​មែន​បានទទួល​ស្គាល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាច​នឹង​មាន “​ការខូចខាត​បន្ទាប់​ប​ន្សុំ​” ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​២៣​ខែសីហា​ដែល​អង្គការសហប្រជាជាតិ​និយាយ​ថា​ បាន​សម្លាប់​កុមារ​ចំនួន​២៦​នាក់​នៅ​ភាគ​ខាង​ត្បូង​កំពង់ផែ Hodeida។

​ក្រុមចម្រុះ​នេះ​បានទទួល​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់ UN ចំពោះ​ការស្លាប់​ជន​ស៊ីវិល​យ៉ាងច្រើន​ពី​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​រយៈពេល​ជាង​បី​ឆ្នាំ​របស់ខ្លួន​នៅ​ប្រទេស​យេ​មែន​។​
​មេបញ្ជាការ​ក្រុមចម្រុះ​បាន​សារភាព​កំហុស​មួយចំនួន​ប៉ុន្តែ​បាន​ចោទប្រកាន់​ពួក​ឧទ្ទាម​ថា ជាទូទៅ​ពួកគេ​បាន​ប្រើប្រាស់​ជន​ស៊ីវិល​ធ្វើជា​ខែល​មនុស្ស​។​

បើទោះបីជា​មានការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ពី UN និង​អង្គការសិទ្ធិមនុស្ស​ក៏ដោយ ពុំមាន​សកម្មភាព​វិន័យ​ជា​សាធារណៈ​ឬ​ការផ្លាស់ប្តូរ​បទបញ្ញត្តិ​នៃ​ការចូលរួម​របស់​ក្រុមចម្រុះ​នេះ​ទេ​។​

ប្រមុខ​ប្រតិបត្តិការ​មនុស្សធម៌រ​បស់ UN លោក Mark Lowcock បាន​និយាយ​នៅ​ថ្ងៃ​បន្ទាប់​ថា នៅក្នុង​ការវាយប្រហារ​កាលពី​ថ្ងៃទី​២៣​ខែសីហា យន្តហោះ​ចម្បាំង​របស់​ក្រុមចម្រុះ​បានសម្លាប់​កុមារ​ចំនួន​២៦​នាក់​និង​ស្ត្រី​៤​នាក់​នៅ​តំបន់ Al-Durayhimi ។​

ក្រុមចម្រុះ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បញ្ជាការដ្ឋាន​កងកម្លាំង​រួម​របស់ខ្លួន​ឥឡូវនេះ​បានបញ្ចប់​ការត្រួត​ពិនិត្យឡើងវិញ​បន្ទាប់ពី​ការវាយប្រហារ​នោះ​។​

អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​លោក​វរសេនីយ៍ឯក Turki al-Maliki បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ថា “​យោងតាម​លទ្ធផល​នៃ​ការវាយតម្លៃ​ដ៏​ទូលំទូលាយ​បានបង្ហាញ​ថា អាចមាន​ការខូចខាត​បន្ទាប់​ប​ន្សុំ​និង​ការស្លាប់​ជន​ស៊ីវិល​”​។​

ការវាយប្រហារ​ជា​បន្តបន្ទាប់​របស់​ក្រុមចម្រុះ​ដែល​បានសម្លាប់​ជន​ស៊ីវិល​ភាគច្រើន​ជា​កុមារ​កាលពី​ខែ​មុន​បាន​បង្ក​ឲ្យ​មាន​សម្ពាធ​ចំពោះ​សកម្មភាព​សូម្បីតែ​ពី​សំណាក់​អ្នកផ្គត់ផ្គង់​អាវុធ​ធំៗ​របស់​បណ្តា​រដ្ឋ​នានា​នៅ​រដ្ឋ​ឈូង​សមុទ្រ​អារ៉ាប់​ក៏ដោយ​។​

ក្រុមចម្រុះ​នេះ​បាន​សម្តែង​ការសោកស្តាយ​កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​ការស៊ើបអង្កេត​របស់ខ្លួន​ទៅលើ​ការវាយប្រហារ​នៅ​ថ្ងៃទី​៩​ខែសីហា​បាន​រកឃើញថា កំហុស​ត្រូវបាន​បង្កឡើង​ដែលជា​ហេតុ​នាំ​ឲ្យ​មនុស្ស​ចំនួន​៥១​នាក់​ស្លាប់​ដោយ​ក្នុងនោះ​មាន​ទាំង​កុមារ​៤០​នាក់​ផងដែរ​នៅ​ភាគ​ខាងជើង​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu