Ad Code

វង្ស​ណ​យ​ផ្តួល​Saengpetch ទឹក​៣ ខណៈ​សុខ សា​វិ​ន​ឈ្នះ​Deth Jitmuengnon ត្រឹម​ពិន្ទុ​នៅ​សង្វៀន​បឹង​ស្នោ



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ទាំង​២​រូប គឺ វង្ស ណ​យ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ និង​សុខ សា​វិ​ន អ្នក​ប្រដាល់​ក្លិប​អេ​លី​ត​គុន​ខ្មែរ បាន​វាយ​ឈ្នះ​ថៃ​ដូចគ្នា នៅក្នុង​ការជួប​ប្រកួត​គ្នា លើស​ង្វៀន​បាយ័ន​បឹង​ស្នោ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​០៣ មិថុនា ២០១៨។

វង្ស ណ​យ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Saengpetch Arjarn. Smilar អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣ បន្ទាប់ពី​គេ​បាន​ទាត់​ជើងឆ្វេង​របស់​ថៃ​នោះ អោយ​ខូច​ឈឺ​ដួល​ក្រោក​លែងរួច ។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម

យ៉ាងណា វង្ស ណ​យ​លើក​នេះ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការឡើង​ប្រកួត​ជាមួយ​Saengpetch​នេះ ទើប​គេ​យកឈ្នះ​ដោយ​ងាយស្រួល​បែបនេះ ។

ចំពោះ សុខ សា​វិ​ន អ្នក​ប្រដាល់​ក្លិប​អេ​លី​ត​គុន​ខ្មែរ​វិញ គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Deth Jitmuengnon ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ ក្រោយពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០ គ​.​ក្រ។​

Deth Jitmuengnon ដែលជា​គូ​របស់​សុខ សា​វិ​ន​នេះ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក ដោយ​ធ្លាប់​យកឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​យើង​ថែមទៀត ប៉ុន្តែ​លើក​នេះ​បាន​ចាញ់​ក្រោម​ជង្គង់​និង​កែង​របស់​សា​វិ​ន។

សា​វិ​ន​គេ​បាន​វាយ​កែង​អោយ​បែក​ថ្ងាស​លើ​ចិញ្ចើម​ខាងស្តាំ​និង​អុក​ជង្គង់​ចូល​ពោះ​ទឹក របស់ Deth Jitmuengnon នៅក្នុង​ទឹក​ទី​៥ ដែល​ធ្វើអោយ​អោយ​អ្នក​ប្រដាល់​ថៃ​នោះ ថមថយ​កម្លាំង​និង​ចាញ់​ប្រៀប​ឈ្នះ​របស់គេ។

ដោយឡែក សម្រាប់​ការប្រកួត​គូ​ពិសេស​ខ្មែរ​និង​ខ្មែរ​វិញ ម៉ន វ​ណ្ណី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​វាយ​ចាញ់​គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ពួកគេ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​។

ចំណែក លន់ សៀកឡេង អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ស្មើ​ពិន្ទុ ជាមួយ​សំណាង សម្បត្តិ អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ហើយ​រិ​ទ្ធ ផៃ​ឡុ​ក ដែលជា​អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ផ្តួល​ហង់ រដ្ឋា អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា នៃ​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ អោយ​សន្លប់​ក្នុង​ទឹក​ទី​២៕

នៅ​សង្វៀន​ស្ទឹងមានជ័យ ៖ ឈឿន ឆៃ​ដែន និង វី ស្រី​ខួច​ចាញ់​ថៃ​ដូចគ្នា​
ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង កីឡាការិនី វី ស្រី​ខួច អ្នក​ប្រដាល់​ក្លិប​នាគ​មានជ័យ ប្រកួត​ចាញ់​ថៃ​ដូចគ្នា នៅក្នុង​ការជួប​ប្រកួត​គ្នា​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ ទី​០៣​មិថុនា​២០១៨។

ឈឿន ឆៃ​ដែន បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​Rithiara Klamu engpetch នៅក្នុង​ទឹក​ទី​៣ ដោយ​អាជ្ញាកណ្តាល​បញ្ឈប់​លែង​អោយ​ប្រកួត បន្ទាប់ពី​គេ​ត្រូវ​អ្នក​ប្រដាល់​ថៃ​ទាត់​អោយ​ខូច​ជើង​ខាងឆ្វេង​នោះ​។​ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

ឆៃ​ដែន ត្រូវ​អាជ្ញាកណ្តាល​រាប់​៨ ចំនួន​៣​លើក ដោយ​រាប់​ក្នុង​ទឹក​ទី​១​ពីរលើក និង​ក្នុង​ទឹក​ទី​២ មួយ​លើក ដោយសារតែ​ត្រូវ​Rithiara ទាត់​ជើង​របស់គេ​ដួល​លើ​រេញ​នោះ។ មកដល់​ដើម​ទឹក​ទី​៣ ឆៃ​ដែន ក៏ត្រូវ​ថៃ​ទាត់​ចំ​ជើង​ឈឺ​ដដែល អោយ​ដួល​ម្តងទៀត ហើយ​អាជ្ញាកណ្តាល ក៏​បញ្ឈប់​លែង​ឲ្យ​ប្រកួត​បន្ត​តែម្តង ព្រោះ​ដួល​រាប់​៣​លើក​ទៅហើយនោះ។

សម្រាប់​ការប្រកួត​គូ​អន្តរជាតិ​នារី​វិញ វី ស្រី​ខួច កីឡាការិនី​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ បាន​វាយ​ចាញ់​កីឡាការិនី​ថៃ Phlayfar Sor.Nithya ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

កីឡាការិនី​ថៃ Phlayfar មាន​ទម្ងន់​ជើង និង​កណ្តាប់ដៃ​ធ្ងន់​ជាង​វី ស្រី​ខួច ហើយ​កម្លាំង​ស៊ុ​ហ្វ​របស់គេ ក៏​ខ្លាំង​ជាង​ដែរ ដែល​ក្នុង​មួយ​ទឹក​យ៉ាងហោចណាស់ ក៏​ធ្វើអោយ​ស្រី​ខួច​ដួល​លើ​រេញ​ពីរលើក​ដែរ។ចំពោះ ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu