Ad Code

ពិបាក​ចិត្ត​ នឹង​ប្តី​បរទេស​មិន​រវីរវល់​ប្រពន្ធ​កូន ​​​សម្រេច​ចិត្ត​បី​កូន​តូច​អាយុ​២​ខែ ​មក​ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន



ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់ ​ដោយសារតែ​ខឹង​នឹង​ប្តី​របស់​ខ្លួន​ជា​ជនបរទេស​មិន​មិន​គិតគូរ​ប្រពន្ធ​ កូន​ហើយ​មាន​ស្រី​ថ្មី​ថែមទៀត​នោះ ​ក៏​សម្រេច​បីកូន​របស់ខ្លួន​ដែលមាន​អាយុ​២​ខែ​ប៉ុណ្ណោះ ​មក​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ​តែ​សំណាងល្អ​បាន​កម្លាំង​សមត្ថកិច្ច​ឃើញ​ជួយ​អន្តរាគមន៍​ទាន់ពេល​ និង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាល​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង អធ្រាត្រ ឈានចូល​ថ្ងៃ​ចន្ទ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ត្រង់ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

ស្ត្រី​ ដែល​បីកូន​តូច​អាយុ​២​ខែ​ប៉ុនប៉ង​សម្លាប់ខ្លួន​នេះ​ មានឈ្មោះ ខេង ណាវី ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ មុខ​របរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ម្ដុំ​រោងកុន​លុ​ច្ស ស្ថិតក្នុង​ខណ្ឌដូនពេញ មាន​ស្រុកកំណើត​ នៅ​ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ ជា​កូនកំព្រា​ឪពុកម្តាយ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា ​ប្តី​របស់​គាត់​ជនជាតិ​បរទេស​ តែ​គាត់​មិនបាន​បង្ហើប​ប្រាប់​ថា ​ជា​ជនជាតិ​អី ​ឬក៏​មានអី​នោះ​ទេ​ គ្រាន់តែ​គាត់​រៀប​រាប់ទាំង​ទឹកភ្នែក​ហូរ​រហាម​ថា​ មូលហេតុ​ ដែល​គាត់​ឈាន​សម្រេចចិត្ត​បីកូន​តូច​២​ខែ​មក​លោតទឹក​សម្លាប់​ខ្លួន​បែបនេះ ដោយសារ​គាត់​ពិបាកចិត្ត​ខ្លាំងពេក​មិនអាច​ធ្វើ​អ្វី ​ក្រៅពី​​​​​បញ្ចប់​ជីវិត​នោះ​ទេ​ ព្រោះ​ប្ដី​ដែល​រួមរស់​ជាមួយគ្នា​អស់​រយៈកាល​ជាង​៨​ឆ្នាំ​មក​ហើយ​នោះ ​តែ​ដោយសារ​មួយ​រយៈ​នេះ​ប្ដី​គាត់​ដើរលេង មិនសូវ​ចូល​ផ្ទះ​នោះ​ទេ​ និង​មាន​ស្រី​នៅ​ខាងក្រៅ​ថែមទៀត​នោះ។ គាត់​វិញ​(​ជនរងគ្រោះ​)​លុយ​ក៏​គ្មាន​ចាយ ​បាយ​ក៏​គ្មាន​ហូប​ គ្រប់គ្រាន់​ក៏​គិត​បែបនេះ​តែម្តង។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្នុង​ខណៈ​ ដែល​កម្លាំង​សមត្ថកិច្ច​បាន​រារាំង​ពី​ការប៉ុនប៉ង​សម្លាប់​ខ្លួន​របស់​ស្ត្រី​រូប​នោះ​ទាំង​ម្តាយ ​និង​កូន​បាន​ហើយ​នោះ ​កម្លាំង​ក៏បាន​លួងលោម​នាង​ឲ្យ​ឡើង​ជិះ​ម៉ូតូ​នាំទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​ស្រះចក​ណែនាំ​ឲ្យ​គាត់​ឈប់​មានបំណង​ប៉ង​សម្លាប់​ខ្លួន​ដូច្នេះ​តទៅទៀត​ហើយក៏​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ផង​ដែរ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu