អ្នកប្រដាល់កម្ពុជា វេង សុភ័ក្រ ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដែលត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះAramboy កាលពីព្រឹកថ្ងៃទី០៣ មិថុនា ២០១៨ នៅក្នុងកម្មវិធីប្រដាល់Boostrong Fighter On Fire របស់SEATV នោះ បានវាយចាញ់ដោយពិន្ទុ។
វេង សុភ័ក្រ និង Aramboy បានប្រកួតគ្នា៥ទឹកពេញ តែក្នុង៥ទឹកនេះ វេង សុភ័ក្របានវាយចាញ់ Aramboy សឹងតែគ្រប់ទឹក ។ គេកត់សម្គាល់ឃើញថា មានតែក្នុងទឹកទី៤មួយប៉ុណ្ណោះ ដែលវេង សុភ័ក្រ បានវាយត្រូវ Aramboy បានខ្លះៗនោះ ក្រៅពីហ្នឹង សុភ័ក្រត្រូវ Aramboy ដេញវាយទាំងអស់ ។
Aramboy គេវាយរបៀបមើលងាយសុភ័ក្រតែម្តង តាំងពីទឹកទី១មក ដោយបើកមុខឲ្យសុភ័ក្រវ៉ៃថែមទៀត តែសុភ័ក្រ នៅតែមិនវាយត្រូវ ។ ណាមួយ សុភ័ក្រ ហាក់ដូចចាញ់ច្រាប Aramboy តែម្តង ដោយគិតតែពីថយនិងរងការពារ មិនសូវវាយសងទៅលើគេនោះទេ ។ ទោះជាយ៉ាងណា សុភ័ក្រ ចាញ់ Aramboy ត្រឹមពិន្ទុប៉ុណ្ណោះ ។ Aramboy និង វេង សុភ័ក្រ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។
ចំពោះ រ៉ែម រាជ អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប ដែលឡើងមកសងសឹកផាន ផាត់យុទ្ធ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡានោះ គឺមិនបានសម្រេចនោះឡើយ ដោយវាយចាញ់ផាត់យុទ្ធ ដោយពិន្ទុជាលើកទី២ ។
រ៉ែម រាជ វាយឆ្មក់ត្រូវផាត់យុទ្ធ មួយដៃៗតែប៉ុណ្ណោះ ។ រាល់ពេលចូលកៀក គឺចាញ់ កម្លាំងដោយត្រូវផាត់យុទ្ធកាច់ផ្តួលដួលលើរេញជាញឹកញាប់ ។ ពួកគេជួបប្រកួតគ្នា ក្នុងទម្ងន់៥៧គីឡូក្រាម ។
ចំណែក ពុទ្ធ ម៉ាណូយ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា បានប្រកួតចាញ់ថាន់ ប៊ុនរ៉ុង អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់ ៥៧ គ.ក្រដែរ ។ រីឯ ជា ល័ក្ខលៀត អ្នកប្រដាល់ក្លិបអមតៈគុនខ្មែរ ប្រកួតស្មើពិន្ទុ ជាមួយអ្នកប្រដាល់ណក់ ស៊ីនួន ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ។ ពួកគេទាំងពីរនេះ ក៏វាយគ្នាក្នុងទម្ងន់៥៧គីឡូក្រាមដែរ៕
Source: Kampuchea Thmey Daily
0 Comments