អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាឡុង ជិន ក្លិបខ្លារខិនមានរិទ្ធ និង យុគ យក្សផ្លែ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ បានវាយឈ្នះអ្នកប្រដាល់ថៃដូចគ្នា នៅក្នុងការចាប់ផ្តើមថ្ងៃដំបូង នៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៦ទម្ងន់៥៧គីឡូក្រាម កាលពីថ្ងៃសៅរ៍ ទី០២ មិថុនា២០១៨ នៅសង្វៀនSEATV។
សម្រាប់ការប្រកួតជម្រុះថ្ងៃដំបូងនេះ ឡុងជិន បានផ្តួលPhat Thou ក្នុងទឹកទី១។ នេះជាការជ័យជំនះលើកទី១របស់ឡុង ជិន នៅក្នុងការប្រកួតជម្រុះជុំទី១នេះ ។ ឡុង ជិន បានប្រើកណ្តាប់ដៃស្តាំដាល់ចំចុងដង្ហើមរបស់Phat Thou ក្នុងពេលដែលអ្នកប្រដាល់ថៃរូបនេះ ព្យាយាមចូលមករកវាយគេនោះ ធ្វើឲ្យPhat Thou សន្លប់លែងក្រោក។
ចំពោះ យុគ យក្សផ្លែ វិញ បានប្រកួតឈ្នះអ្នកប្រដាល់ថៃPhat Seila ដោយពិន្ទុ។ នេះជាការឈ្នះជុំទី១ របស់យុគ យក្សផ្លែ ក្នុងការប្រកួតជម្រុះខ្សែក្រវាត់ខារ៉ាបាវនេះដែរ ។
ការឈ្នះរបស់យក្សផ្លែ ចាត់ទុកថាជាការហេងរបស់គេហើយ ក្រោយពេលដែលគេគ្រវាសដៃត្រូវPhat Seila មួយដៃចំកញ្ចឹងក បណ្តាលអោយPhat Seilaដួលវង្វេងទិសនោះ ។តែក្រោយអាជ្ញាកណ្តាលរាប់ដល់៨ Phat Seila គេប្រកួតបន្តទៀតបានរហូតដល់ចប់ទឹកទី៥ និងចាញ់ពិន្ទុយក្សផ្លែ ដោយការរាប់ម្តងនេះឯង។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៦ ទម្ងន់៥៧គីឡូក្រាមនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមាន ឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង, ធន មករា សមា គមកីឡាប្រដាល់ក្រសួងការពារជាតិ , ឡុង ជិន ក្លិបខ្លារខិនមានរិទ្ធ និង យុគ យក្សផ្លែក្លិប បូរីរាជសីហ៍មានរិទ្ធ ។ ឯអ្នកប្រដាល់ថៃ ៤ នាក់វិញ មាន Kamlay Yuok , Phat Thou , Phat Seila និង Phach Yaksou។
ចំពោះការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ ទី ពន្លែត អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប បានវាយចាញ់ទេស ជីវ៉ា អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ហើយកំពែងខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម វាយឈ្នះសេន កុសល អ្នកប្រដាល់ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបងដោយពិន្ទុ៕
ឃីម បូរ៉ា ឈ្នះ Phat Chhayak Phum ឯ ហេង សំរាំង ឈ្នះអេហ្សីបMohamad Gamel
ឃីម បូរ៉ា អ្នកប្រដាល់ក្លិបរស្មភូមិគាបខេត្តបន្ទាយមានជ័យ និង ហេង សំរាំង អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ពួកគេទាំងពីរនាក់នេះ បានវាយឈ្នះអ្នកប្រដាល់បរទេសដូចគ្នា នៅក្នុងការជួបប្រកួតគ្នាលើសង្វៀនGanzberg របស់ SEA-TV កាលពីយប់ថ្ងៃទី០២មិថុនា២០១៨ ។
ឃីមបូរ៉ា អ្នកប្រដាល់ជើងខ្លាំង បានផ្តួលអ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសថៃឈ្មោះ Phat Chhayak Phum អោយសន្លប់នៅក្នុងទឹកទី២ ។ បូរ៉ា លើកនេះ គេធ្វើបានល្អ ដោយប្រើជង្គង់បត់ខ្លីអុកចំចុងដង្ហើម Phat Chhayak Phum បណ្តាលឲ្យអ្នកប្រដាល់ថៃរូបនេះ ដេកលែងក្រោក ។
Phat Chhayak Phum នេះ ជាជើងខ្លាំងធ្លាប់វាយឈ្នះចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យឲ្យសន្លប់ក្នុងទឹកទី៣ តែលើកនេះមកល័ក្ខត្រង់ជង្គង់របស់ឃីម បូរ៉ា តែក្នុងទឹកទី២ ប៉ុណ្ណោះ ។
ចំពោះ ហេង សំរាំង អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង បានផ្តួលអ្នកប្រដាល់ជនជាតិអេហ្សីប Mohamad Gamel អោយបោះបង់ការប្រកួតក្នុងទឹកទី៤ ។អ្នកប្រដាល់ជើងចាស់របស់កម្ពុជា និងអ្នកប្រដាល់អេហ្សីបនេះ ពួកគេទាំងពីរប្រកួតគ្នាក្នុងទម្ងន់៧១គីឡូក្រាម។
Mohamad Gamel ប្រកួតក្នុងពីរទឹកដំបូង មានប្រៀបលើហេង សំរាំង ប៉ុន្តែចាប់ពីទឹកទី៣និងទឹកទី៤ ក្រោយពីសំរាំងទាត់ជើងក្រោមនិងចាប់អុកជង្គង់ត្រូវច្រើននោះ ។ ទីបំផុត ក្នុងទឹកទី៤ Mohamad Gamel បានសម្រេចបោះបង់ចោលការប្រកួត បន្ទាប់ពីសំរាំង វាយដួលជាលើកទី២នោះ។
ចំណែក ពុទ្ធ សំបូរ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡាវិញ គេបានវាយឈ្នះសូត្រ ខេវិន អ្នកប្រដាល់ក្លិបបក្សីស្លាបដែក ដោយពិន្ទុ ហើយលី ភា អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង វាយឈ្នះជ័យ ស៊ីនេត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ដោយពិន្ទុ ៕
Source: Kampuchea Thmey Daily
0 Comments