ភ្នំពេញ​ ​៖​ បន្ទាប់ពី​ការធ្វើ យុទ្ធនាការ ឃោសនា យ៉ាងសកម្ម អស់​រយៈពេល ២០ ថ្ងៃ​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០១៨ លោក ឃ្លាំង ហួត ប្រធាន គណៈកម្មការ​គណបក្ស​ប្រជាជន​ខណ្ឌ​ជ្រោយចង្វារ បាន​ដឹកនាំ​ក្រុមយុវជន​ខណ្ឌ​និង​សមាជិក​បក្ស​ខណ្ឌ ចូលរួម​មីទ្ទិញ​ជាមួយ គណបក្ស ប្រជាជន​កម្ពុជា​ទូទាំង​រាជធានី​នៅ​កោះ​ពេជ្រ។

បន្ទាប់ពី​ក្បួន ឃោសនា​ជួបជុំគ្នា​ធ្វើ​មី​ទ្ទិញ​នៅ​កោះ​ពេជ្រ​ចប់​ ក៏បាន​ចេញដំណើរ​គ្រប់​ច្រកល្ហក ​ ​រួច​​ សមាជិក​ សមាជិកា គណបក្ស ប្រជាជន​កម្ពុជា ទាំងអស់​បែក​គ្នា​ហូប​បាយ​។ លុះ​នៅវេលា​ម៉ោង​២​រសៀល​សមាជិក​បានមក​ជួបជុំគ្នា​ចំនួន​៥០០០​នាក់​នៅ​ជិត​អូ​តែ​ល​សុខា​ជ្រោយចង្វា​រហើយ​បែង​ចែកជា​២​គោលដៅ ដើម្បី​ដង្ហែ​ក្នុង​មូលដ្ឋាន។​

គោលដៅ​ទី​១​មាន​សមាជិក​ជា​៣០០០​នាក់​ដង្ហែ​នៅ​ផ្លូវជាតិ​លេខ​៦​និង​ក្នុង​មូលដ្ឋាន​ជ្រោយចង្វារ គោលដៅ​ទី​២​មាន​សមាជិក​ជាង​១៥០០​នាក់​បាន​ដង្ហែ​​នៅ​ទឹកដី​សង្កាត់​កោះដាច់។​

បន្ទាប់ពី​ប្រារព្ធ​ពិធី​បិទ ការ​ដង្ហែ​ក្បួន​ឃោសនា ថ្ងៃ​ចុង​ក្រោយនេះ​ពេលយប់​ក្រុម​តន្ត្រី​នឹង​ជួបជុំ​ប្រគំ​នៅ​រង្វង់​មូល​នាង​ទេព​មច្ឆា ក្នុង​ក្រុមហ៊ុន​OCIC រហូតដល់​យប់​​ម៉ោង​១០​យប់ ទើប​ចប់។ ក្នុងឱកាស​ប្រារព្ធ ពិធី​បិទ​ការ​ដង្ហែ​ក្បួន ឃោសនា​នេះ​ផង​ដេរ លោក ឃ្លាំង ហួត បាន បង្ហាញ​នូវ​ភាពរឹងមាំ របស់​គណបក្ស និង​ជំហរ​យ៉ាង​មុតមាំ របស់​សមាជិក សមាជិក​គណបក្ស ក្នុង​ការ​គាំទ្រ និង បោះឆ្នោត​ជូន​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ​ធ្វើជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៦ ខាង មុខ​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត។

ក្នុងឱកាស​ថ្ងៃ បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា លោក បាន​សម្តែង​ការគោរព និង​អំណរគុណ ដ៏​ជ្រាលជ្រៅ បំផុត​ជូន​ជនរួមជាតិ នៅ​គ្រប់ទិសទី គ្រប់​ស្រទាប់វណ្ណៈ គ្រប់​មជ្ឈដ្ឋាន​នានា ក្នុង​សង្គម ជាពិសេស ស្រទាប់ យុវជន​យ៉ាងច្រើន​កុះករ​បំផុត ដែល​បាន​គាំទ្រ​កម្មវិធី​នយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​កសាង និង​ការពារ​ជាតិ​មាតុភូមិ រយៈពេល​កន្លងមក​និង​ឆ្នាំ​២០១៨-២០២៣ បន្តទៀត​ដោយ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនា​ការឃោសនា របស់ គណបក្ស​ប្រកបដោយ​វិចារណញ្ញាណ​ដ៏​ថ្លៃថ្លា និង​ភាពថ្លៃថ្នូរ រក្សាបាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ភាពនឹងនរ អត់ធ្មត់​ចំពោះ ពាក្យសម្តី​ភូត​កុហក វាយប្រហារ មួលបង្កាច់​ការពិត​យ៉ាង អសុរោះ​បំផុត និង​អំពើ​អុចអាល ញុះញង់​បង្កហេតុ​ពី​បក្ស​ផ្សេង​និង​អតីត​ពួក​ប្រឆាំង។

នៅ​ថ្ងៃ​បញ្ចប់​នេះដែរ លោក ឃ្លាំង ហួត ក៏បាន​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់ អញ្ជើញ​ទៅ​បោះឆ្នោត ឲ្យ​បាន គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេល​ដ៏​ខ្លី​ខាងមុខនេះ និង​សូម​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន កម្ពុជា ដែលមាន​លេខ​រៀង​ទី ២០ និង​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សម្គាល់ ដើម្បី​រក្សាសុខ​សន្តិភាព ស្ថិរភាព នយោបាយ បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ កាន់តែ​មានការ​រីកចម្រើន បន្ថែមទៀត កាត់បន្ថយ​ភាព​ក្រីក្រ បង្កើន​ការងារ​ធ្វើ ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​នូវ​ការ​វិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍ និង​សូមកុំ​ភ្លេច​យកទៅ​ជាមួយ នូវ​ឯកសារ​ដែល​បញ្ជាក់​អំពី​អត្តសញ្ញាណ នៅពេល​ទៅ​បោះឆ្នោត៕



Source: Kampuchea Thmey Daily