Ad Code

កូរ៉េខាងជើង ​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិក ​ដែល​ស្លាប់​ក្នុង​សង្គ្រាម



យន្តហោះ​យោធា​អាមេរិក​មួយគ្រឿង​ បាន​ដឹក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ចេញពី​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ​ ដែល​នេះ​ជា​ទង្វើ​មួយ​ត្រូវ​បាន​សរសើរ​ដោយ​សេត​វិមាន​ថា​ជា “​ជំហាន​វិជ្ជមាន​” មួយ​សម្រាប់​ការទប់ស្កាត់​ភាព​ផុយស្រួយ​រវាង​គូប្រជែង​ទាំងពីរ។

ការបញ្ជូន​ត្រឡប់មកវិញ​នៃ​អដ្ឋិធាតុ​ទាំងនេះ​ដែល​ធ្វើឡើង​នៅ​ខួប​៦៥​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​កូរ៉េ​គឺ​សម្គាល់​ជាការ​បំពេញ​តាម​កិច្ចព្រមព្រៀង​មួយ​ដែល​ឈានដល់​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នៅឯ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ខែ​មុន​។​

លោក ត្រាំ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បន្ទាប់ពី​រយៈពេល​ជាច្រើន​ឆ្នាំ នេះ​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុមគ្រួសារ​ជាច្រើន​។ សូម​អរគុណ​លោក​គីម​ជុង​អ៊ុន​”​។​

សេត​វិមាន​បាន​និយាយថា “​សកម្មភាព​ថ្ងៃនេះ​គឺ​តំណាង​ឲ្យ​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ដើម្បី​ចាប់​ផ្តើមធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​ពី​កូរ៉េខាងជើង​និង​បន្ត​ប្រតិបត្តិការ​នៅ​កូរ៉េខាងជើង​ឡើងវិញ​ដើម្បី​ស្វែងរក​ជនជាតិ​អាមេរិក​ចំនួន​៥,៣០០​នាក់​ដែល​មិនទាន់​ត្រឡប់មក​ស្រុកកំណើត​វិញ​”​។​

ក្រោយពេល​ចាកចេញ​ពី​ទីក្រុង​កំពង់ផែ Wonsan នៃ​ប្រទេស​កូរ៉េខាងជើង យន្តហោះ​ដឹកទំនិញ C-17 បាន​ចុះចត​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក Osan ក្នុងប្រទេស​កូរ៉េខាងត្បូង​ដែល​នៅ​ទីនោះ​ទាហាន​អាមេរិក​បាន​ឈរ​តម្រង់​ជួរ​សម្រាប់​ពិធី​មួយ​។​

បញ្ជាការដ្ឋាន​សហប្រជាជាតិ (UNC) នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា អដ្ឋិធាតុ​ចំនួន​៥៥​គឺ​ស្ថិតនៅលើ​យន្តហោះ​នោះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ Vincent Brooks មេបញ្ជាការ UNC និង​កងកម្លាំង​សហរដ្ឋអាមេរិក​នៅ​កូរ៉េ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វា​គឺជា​បេសកកម្ម​ជោគជ័យ​មួយ​បន្ទាប់ពី​មានការ​សម្របសម្រួល​យ៉ាង​ទូលំទូលាយ​។ ឥឡូវនេះ​យើង​កំពុង​ត្រៀម​គោរព​ដល់​ទាហាន​របស់​យើង​មុនពេល​ពួកគេ​បន្តដំណើរ​ទៅផ្ទះ​របស់​ពួកគេ​”​។​

អដ្ឋិធាតុ​ដែល​ត្រូវបញ្ជូន​ទៅកាន់​ទីក្រុង Osan នៅ​ថ្ងៃ​សុក្រ​គឺ​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​បញ្ជូនទៅ​កោះ​ហា​វ៉ៃ​សម្រាប់​ការកំណត់​អត្តសញ្ញាណ​ក្រោយមក​នឹងមាន​ការធ្វើ​មាតុភូមិនិវត្តន៍​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ក្រោយ​។​

យោងតាម​មន្ទីរ​បញ្ច​កោណ​បាន​ឲ្យ​ដឹងថា ជនជាតិ​អាមេរិក​ជាង​៣៥,០០០​នាក់​ត្រូវបាន​សម្លាប់​នៅ​ឧបទ្វីប​កូរ៉េ​ក្នុងអំឡុង​សង្គ្រាម​ដែល​ក្នុងនោះ​មាន​ប្រហែល​៧,៧០០​នាក់​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​បាត់​ខ្លួន​រួមទាំង​៥,៣០០​នាក់​នៅ​ប្រទេស​កូរ៉េខាងជើង​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu