ភ្នំពេញ ៖ ខណៈដែលថ្ងៃបញ្ចប់នៃថ្ងៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ មកដល់ គេសង្កេតឃើញគណបក្សនីមួយៗ ខិតខំចេញឃោសនា តាមគណបក្សរៀងៗខ្លួន មិនថាយប់ឬថ្ងៃ ថ្ងៃក្តៅឬភ្លៀងរលឹម នោះឡើយ។
ជាក់ស្តែងនៅរសៀលទី ២៧ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្រុម យុវជនគណបក្សប្រជាជនខណ្ឌឫស្សីកែវដឹកនាំដោយលោកជាពិសីប្រធានគណបក្សខណ្ឌនិងក្រុមយុវជននៃខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញដឹកនាំដោយលោកគាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញចំនួន ជិត១ម៉ឺននាក់ ម៉ូតូ ឡានរាប់ពាន់គ្រឿង បានហែតាមផ្លូវជាតិលេខ៥ និងផ្លូវក្នុងទឹកដីខណ្ឌជាច្រើនម៉ោង មិនថាថ្ងៃក្តៅ ភ្លៀងរលឹមឬយប់ព្រលប់ឡើយ។
ជាមួយនោះ បងប្អូនប្រជាពលរដ្ឋ និងយុវជន ស្រែកហ៊ោ កញ្ជ្រៀវ យ៉ាងសប្បាយ ដោយម្នាក់ៗ មានទឹកមុខ ញញឹមរីករាយស្រែកកងរំពង និងខ្លះ ស្រែកជយោ គណបក្សប្រជាជនកម្ពុជា ខ្លះទៀត ស្រែកលេខ ២០ៗៗ រៀបរាប់សមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន ដែលជាស្នាដៃរបស់គណបក្សប្រជាជនដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹង ហើយក្នុងចិត្តម្នាក់ៗមានជំនឿចិត្តយ៉ាងមុតមាំថា គណបក្សប្រជាជន ពិតជាឈ្នះ។ សកម្មភាពទាំងនេះត្រូវបានគេមើលឃើញថា លោកជាពិសី និងលោកគាំ សីហា បានខិតខំយ៉ាងខ្លាំងមិនគិតពីការនឿយហត់ ក្នុងការដឹកនាំក្រុមយុវជនរបស់បក្ស ខណៈដែលប្រទេសកម្ពុជាបាននិងកំពុងឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះ បើទោះបីយ៉ាងណាក៏ដោយក៏លោក បានណែនាំដល់ក្រុមយុវជនឱ្យមានការអត់ធ្មត់ខាំមាត់សង្កត់ចិត្តឱ្យបានកម្រិតខ្ពស់តាមបណ្តាំរបស់សម្តេចតជោ ហ៊ុន សែន ដែលលោកបានផ្តាំឱ្យសមាជិកគណបក្សប្រជាជនទាំងអស់មានការថ្នមសភាពការណ៍។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ក្បួនដង្ហែ ក៏បានមកជួបជុំគ្នានៅនៅសួនទីលានប្រជាធិបតេយ្យវិញ ហើយក៏មានធ្វើពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សនិងមានប្រគំតន្ត្រីរាំលេងកម្សាន្តរហូតដល់ម៉ោង១០យប់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments