នៅ​ថ្ងៃ​សុក្រ ប្រទេស​វ៉ា​នូ​អា​ទូ​ បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន​សាជាថ្មី​នៅលើ​កោះ Ambae ដែល​រង​ការវាយប្រហារ​ដោយ​ភ្នំភ្លើង​ ហើយ​បាន​បញ្ជា​ឲ្យ​មានការ​ជម្លៀស​ប្រជាជន​ជា​កំហិត​។​

ការផ្ទុះ​ជា​បន្តបន្ទាប់​នៅ​ភ្នំភ្លើង Manaro ដែល​បានចាប់ផ្តើម​កាលពី​ខែកញ្ញា​ឆ្នាំមុន​បាន​កើនឡើង​ខ្លាំង​នៅ​សប្តាហ៍​នេះ​ដោយ​បញ្ចេញ​ផេះ​ចូលក្នុង​បរិយាកាស​កម្ពស់​១២​គីឡូម៉ែត្រ​។​

នាយកដ្ឋាន​ឧតុនិយម​និង​ភូមិសាស្ត្រ​ប្រទេស​វ៉ា​នូ​អា​ទូ​បានចាត់ទុក​ភ្នំភ្លើង​នេះ​ថា “​មាន​គ្រោះថ្នាក់​ដោយផ្ទាល់​ដល់​សុវត្ថិភាព​ជីវិត​” និង​បាន​ព្រមាន​ប្រជាជន​ឲ្យ​ស្ថិតនៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​មាត់​របស់​វា​។​

នាយកដ្ឋាន​នេះ​បាន​និយាយថា “​ប្រជាជន​ក្នុង​តំបន់​មកពី​កោះ Ambae និង​មកពី​កោះ​នៅ​ជិតខាង​នោះបាន​បន្ត​ឮ​ការរញ្ជួយ ការផ្ទុះ​ភ្នំភ្លើង​និង​ធុំក្លិន​ឧស្ម័ន​ភ្នំភ្លើង​”​។​

កាកបាទក្រហម​បាន​រាយការណ៍​ថា ពពក​ផេះ​ដ៏​ក្រា​ស់បាន​គ្របដណ្តប់​លើ​កោះ​ប៉ាស៊ីហ្វិក​មួយ​នេះ​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​និង​ការមើលឃើញ​នៅក្នុង​តំបន់​មួយចំនួន​។​

រដ្ឋមន្ត្រីការបរទេស​លោក Ralph Regenvanu បាន​និយាយថា រដ្ឋាភិបាល​បានសម្រេច​ចិត្ត​បញ្ជា​ឲ្យ​ប្រជាជន​ជម្លៀសចេញ​។ លោក​បាន​សរសេរ​ក្នុង Twitter ថា “​គណៈរដ្ឋមន្ត្រី​បានដាក់​ច្បាប់​រដ្ឋ​ក្នុង​ភាពអាសន្ន​ឡើងវិញ​ហើយ​បាន​បញ្ជា​ឲ្យ​មានការ​ជម្លៀស​អ្នក​កោះ Ambae ទាំងមូល​”​។​
​កោះ​នេះ​បានធ្វើការ​ជម្លៀស​ចំនួន​ពីរលើក​រួចទៅហើយ​ចាប់តាំងពី​ខែកញ្ញា​មក​។​

នៅ​លើកទីមួយ​ដែល​ធ្វើឡើង​បន្ទាប់ពី​ភ្នំភ្លើង​ចាប់ផ្តើម​រង្គើ​, អាជ្ញាធរ​បាន​ប្រញាប់ប្រញាល់​ជម្លៀស​អ្នក​កោះ​ទាំងអស់​ចំនួន​១១,០០០​នាក់​ដោយ​ប្រើ​សាឡាង​និង​ទូក​ឯកជន​តូចៗ​។​

ការជម្លៀស​លើក​ទី​ពីរ​នៅក្នុង​ខែឧសភា​គឺ​ត្រូវ​បានរៀបចំ​កាន់តែ​ប្រសើរ​ដោយមាន​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​ជំរំ​ដែល​បង្កើតឡើង​នៅលើ​កោះ​នានា​ដែល​ស្ថិតនៅ​ជិត​៕ AFP



Source: Kampuchea Thmey Daily