Ad Code

ក្រសួងសុខាភិបាល​បញ្ជូន​មុង ​និង​ថ្នាំពេទ្យ​បន្ថែម​សម្រាប់​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង



ភ្នំពេញ ​៖​ ក្រសួងសុខាភិបាល​បញ្ជូន​មុង​និង​ថ្នាំពេទ្យ​បន្ថែម​ដល់​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​សម្រាប់​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​បណ្តាលមកពី​ការបាក់​ទំនប់​វារីអគ្គិសនី​សេ​ពាន​សេ​ណាំ​ណ​យ​នៅ​ប្រទេស​ឡាវ​កាលពី​ពេល​ថ្មីៗ​នេះ។

ជាមួយគ្នានេះដែរ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ធ្វើការ​ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល យកចិត្តទុកដាក់​ផ្តល់​សុខភាព​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ ជាពិសេស​ត្រូវ​ចែក​មុង​សម្រាប់​ឲ្យ​ពួកគាត់​បាន​ប្រើប្រាស់​ការពារ​មូស​ដែក​គោល​ខាំ ​ដែល​នាំ​ឲ្យ​មាន​ជំងឺគ្រុនចាញ់ និង​មូស​ខ្លាខាំ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺគ្រុនឈាម ឬ​មូស​ខាំ​ផ្សេងៗ​ទៀត​ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ ព្រមទាំង​ចុះ​ពិនិត្យ​សុខភាព​និង​ចាក់​ថ្នាំ​បង្ការ​ជូន​ដល់​ប្រជាជន​ និង​កុមារ​មិន​ឲ្យ​មានការ​អាក់ខាន​នោះ​ឡើយ ជាពិសេស​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ត្រូវ​បន្ត​ការពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​គ្រប់​តាម​ការកំណត់​របស់​គ្រូពេទ្យ។

ចំណែក​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏បាន​បង្កើត​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចល័ត​របស់​មន្ទីរ​សុខាភិបាល​ ដែល ដឹកនាំ​ដោយ លោក​វេជ្ជ អ៊ុង សូ​វៀត សហការ​ជាមួយ​មណ្ឌល​សុខភាព​សៀម​ប៉ាង​ បាន​ចុះ​ទៅ ភូមិ ញាំ​ង​ស៊ុំ​ធំ , ឡា​កាយ និង​ទីទួល​សុវត្ថិភាព​កោះទន្សាយ ឃុំ​សន្តិភាព និង​បាន​ធ្វើ​សកម្មភាព​ចែក​មុង​ជ្រលក់​ថ្នាំ​ចំនួន​150 មុង​(​មុង​អង្រឹង 100 ,​មុង​គ្រែ 50។ ផ្តល់​ថ្នាំ​បង្ការ ជំងឺ​កញ្ជ្រឹល និង​គ្រុន​ស្វិតដៃជើង​ដល់​កុមារ ចំនួន​50​នាក់​ចែក​ថ្នាំ​chloramine 17000​គ្រាប់ ​និង​អប់រំ​សុខភាព​ បាន ​208​នាក់​ព្រមទាំង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន 123 នាក់​ឲ្យ​ដែរ។

បើ​តាម​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​២៦​កក្កដា​ឲ្យ​ដឹងថា​មាន​ប្រជាពលរដ្ឋ​ជិត​៥,០០០​នាក់ ស្មើនឹង​ជាង​១,០០០​គ្រួសារ ស្ថិតនៅ​ឃុំ​ចំនួន​៤ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​ទទួលរង​ការ​លិចលង់​ដោយសារ​ទឹកជំនន់ ហូរ​ពី​ប្រទេស​ឡាវ ក្រោយ​បាក់​ទំនប់​សេ​ពាន សេ​ណាំ​ណ​យ ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច ជួយ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​របស់​ពួកគាត់​ទាន់​ពេលវេលា មិន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​បាត់​បង់ជីវិត ឬ​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ឡើយ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu