ក្រុមមន្ត្រីជប៉ុន បានព្រមានកាលពីថ្ងៃសុក្រថា ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ភាគខាងលិចប្រទេសជប៉ុន ដែលរងការវាយប្រហារ ដោយទឹកជំនន់ និងការបាក់ដីដ៏សាហាវកាលពីដើមខែនេះ។
ភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់ជប៉ុនបាននិយាយថា ព្យុះទីហ្វុង Jongdari បច្ចុប្បន្នកំពុងនាំមកជាមួយនឹងខ្យល់ល្បឿនជិត២០០គីឡូម៉ែត្រក្នុងមួយម៉ោងហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ព្យុះនេះនឹងវាយប្រហារកោះធំរបស់ប្រទេសនេះនៅយប់ថ្ងៃសៅរ៍។
អាជ្ញាធរបានព្រមានពីភ្លៀងធ្លាក់ខ្លាំង ការបាក់ដី ខ្យល់បក់ខ្លាំងនិងរលកខ្ពស់ៗហើយបានជំរុញឲ្យប្រជាពលរដ្ឋពិចារណាក្នុងការជម្លៀសចេញឲ្យបានលឿនបំផុត។
កាលពីថ្ងៃសុក្រ ព្យុះនេះស្ថិតនៅចម្ងាយប្រហែល១,២០០គីឡូម៉ែត្រពីភាគនិរតីទីក្រុងតូក្យូដោយកំពុងធ្វើដំណើរឆ្ពោះទៅកោះ Chichijima ប៉ុន្តែត្រូវបានគេរំពឹងថានឹងទៅដល់តំបន់ Chugoku ភាគខាងលិចនៅយប់ថ្ងៃសៅរ៍។
តំបន់នេះត្រូវបានវាយប្រហារដោយការធ្លាក់ភ្លៀងយ៉ាងធ្ងន់ធ្ងរក្នុងកំណត់ត្រាកាលពីដើមខែនេះដោយបណ្តាលឲ្យមានទឹកជំនន់និងការបាក់ដីដែលសម្លាប់មនុស្សប្រហែល២២០នាក់។
វាគឺជាគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះហើយប្រជាជនជាច្រើននៃតំបន់ដែលរងផលប៉ះពាល់គឺនៅតែកំពុងរស់នៅក្នុងជម្រក ឬផ្ទះដែលរងការខូចខាត។
មនុស្សជាច្រើនត្រូវបានជាប់ក្នុងទឹកជំនន់បន្ទាប់ពីមិនបានជម្លៀសបើទោះបីជាមានការបញ្ជាក៏ដោយហើយមន្ត្រីកាលពីថ្ងៃសុក្របានជំរុញឲ្យប្រជាជនយកចិត្តទុកដាក់ចំពោះការព្រមានជម្លៀស៕ AFP
Source: Kampuchea Thmey Daily
0 Comments