ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធថា មេធាវីផ្ទាល់ខ្លួនដ៏យូរអង្វែងរបស់លោក Donald Trump បានអះអាងថា ប្រធានាធិបតីអាមេរិកអាមេរិករូបនេះបានដឹងជាមុនអំពីកិច្ចប្រជុំខែមិថុនាឆ្នាំ២០១៦ដែលក្នុងនោះ រុស្ស៊ីត្រូវបានគេរំពឹងថាបានចែករំលែកព័ត៌មានកខ្វក់អំពីគូប្រជែងការបោះឆ្នោតគឺលោកស្រី Hillary Clinton។
កូនប្រសាប្រុសរបស់លោក Trump គឺលោក Jared Kushner, កូនប្រុសបង្កើតឈ្មោះ Donald Jr និងមន្ត្រីយុទ្ធនាការកំពូលលោក Paul Manafort បានជួបប្រជុំនៅឯអគារ Trump Tower ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៦ជាមួយមេធាវីរុស្ស៊ីឈ្មោះ Natalia Veselnitskaya ។
លោក Trump, កូនប្រុសបង្កើតរបស់គាត់, មេធាវីនិងមន្ត្រីរដ្ឋបាលផ្សេងទៀតបាននិយាយម្តងហើយម្តងទៀតថា គាត់មិនបានដឹងពីកិច្ចប្រជុំនេះទេរហូតទាល់តែដំណឹងបានផ្ទុះឡើងនៅខែកក្កដាឆ្នាំ២០១៧។
ប៉ុន្តែយោងតាមទូរទស្សន៍ CNN និង NBC បានឲ្យដឹងថាអតីតមេធាវីរបស់លោក Trump គឺលោក Michael Cohen បានអះអាងថា គាត់មានវត្តមាននៅពេលដែលលោក Donald Jr ប្រាប់ឪពុករបស់ខ្លួនអំពីការស្នើសុំរបស់រុស្ស៊ីសម្រាប់កិច្ចប្រជុំហើយលោក Trump បានយល់ព្រម។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពនានាបានប្រាប់ទូរទស្សន៍ CNN ថា លោក Cohen ខ្វះភស្តុតាងដូចជាការថតសំឡេងជាដើមដើម្បីបញ្ជាក់ពីការអះអាងរបស់គាត់នេះ។
ទូរទស្សន៍ CNN និង NBC បានរាយការណ៍ដោយលើកឡើងពីប្រភពអនាមិកថា លោក Cohen មានឆន្ទៈបញ្ជាក់អំពីការអះអាងរបស់គាត់ទៅកាន់លោក Robert Mueller ដែលជារដ្ឋអាជ្ញាពិសេសកំពុងស៊ើបអង្កេតការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦និងការឃុបឃិតគ្នាជាមួយយុទ្ធនាការរបស់លោក Trump ។
លោក Mueller បានចោទប្រកាន់មនុស្សចំនួន៣១នាក់រួចទៅហើយដែលរួមមានទាំងភ្នាក់ងារស៊ើបការណ៍រុស្ស៊ីចំនួន១២នាក់ផងដែរសម្រាប់ការ Hack បណ្តាញកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យ៕ AFP
[caption id="attachment_953720" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments