កណ្តាល ​៖ ​ចោរ​អស់លក្ខណ៍​ស៊យ​ធំ​ម្នាក់ ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ ខ​ណៈ​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​បានសម្រេច​ហើយ ​តែ បញ្ឆេះ​មិន​ឆេះ។

ហេតុការណ៍​នេះ​អំពើ​លួច​នោះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៩ កក្ក​ដា ឆ្នាំ២០១៨ ​ម៉ោង​០៤​និង​៥០​នាទី នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

នគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ អី​ុ លីន​ណា ភេទ​ស្រី អាយុ​២២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​កើត​ហេតុ​ខាង​លើ។​ ទីលំនៅ​អចិន្ត្រៃយ៍​ភូមិ​ក្រាំង​ឃ្នង ឃុំ​ស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​មុខរបរ​បម្រើ​ការងារ​នៅ​ហាង​ថោ​ន​ឈៀវ​។

ជនល្មើស​ឈ្មោះ​សេន ម៉ាប់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​អចិន្ត្រៃយ៍​ភូមិ​ខ្លែង​គង់ ឃុំ​កំពង់រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ក្រោម​ស្ពាន​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។

សាក្សី​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ផ្លូវ​ដើរ​ជាប់​ចំហៀង​ខាង​ជើង​ផ្ទះ​ជួល​ដោយ​ពុំ​ចាក់សោ​រក​ទេ​ព្រោះ​ម៉ូតូ​ខូច​ប្រហែល​កន្លះ​ខែ​មក​ហើយ ហើយ​ម្ចាស់​បាន​ឡើង​ទៅ​សំរាក​នៅ​លើ​ផ្ទះ​ជួល​ជាន់​ទី​ពីរ​បាត់ទៅ ស្រាប់តែ​ជន​ល្មើ​ស​បាន​ធ្វើ​សកម្មភាព​លួច​អូស​ចេញ ប​ណ្តើ​រ​មកដល់​ត្រង់​ចំណុច​ហាង​សេះស​ស្ថិត​ក្នុងភូមិ​តាខ្មៅ​សង្កាត់​តាខ្មៅ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ល្បាត​ឃើញ​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី​៕

Source: Kampuchea Thmey Daily