Ad Code

ជនសង្ស័យ​ម្នាក់​ ចូល​ផឹក​ស៊ី​កំសាន្ត​ក្នុង​ក្លឹប​ ស្រវឹង​ជោកជាំ​ចាប់​ភ្ញៀវ​ស្រីៗ​ក្នុង​ក្លឹប



បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ បាន​ចូល​ទៅលេង​កម្សាន្ត​ក្នុង​ក្លឹប​លុះ​ពេល​ស្រវឹង​ជោកជាំ ​បាន​បង្ក​ការ​រំខាន​ដល់​ភ្ញៀវ​ផ្សេងទៀត និង​បាន​ដើរ​ចាប់​ភ្ញៀវ​ស្រីៗ​ក្នុង​ក្លឹប ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ពេញ​ក្លឹប ឃើញ​សភាព​បែបនេះ ក្រុម​សន្តិសុខ​បាន​នាំ​ជនសង្ស័យ ចេញ​មក​ក្រៅ តែ​ជន​នោះ​នៅ​ជេរប្រមាថ និង​វាយតប់​មក​លើ​ក្រុម​សន្តិសុខ បណ្តាល​ឲ្យ​រងរបួស២​នាក់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​ភ្លាមៗ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្លឹប​កម្សាន្ត​ថាច់​ដោ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ២​នាក់ ១​មានឈ្មោះ រុន ចាន់ណា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ២​មានឈ្មោះ គង់ ឌី ភេទ ប្រុស អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ចំណែក​ជនសង្ស័យ​មាន ឈ្មោះ ឡ​ម គឹម​លាភ ភេទ ប្រុស អាយុ ៣២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ហើយ ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។ ​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​បាន​សួរចម្លើយ ជនសង្ស័យ​បាន​សារភាព​ថា នៅ​ថ្ងៃកើតហេតុ នោះ ខ្លួន និង​មិត្ត​ភ័​ក្តិ​ម្នាក់ទៀត បាន​ទៅ​អង្គុយ​ផឹកស៊ី​នៅ​អូរ​ខៃ​ដន អស់​ចំនួន​៣​កេះ ដល់​ម៉ោង​ប្រហែល ៧​ល្ងាច ទើប​ត្រឡប់​មក​លំនៅឋាន​វិញ លុះដល់​ម៉ោង ១១​យប់ ក៏បាន​បបួល​មិត្ត​ភ័​ក្ត ទៅលេង​ក្នុង​ក្លឹប​ថាច់​ដោ​ន ហើយ​បាន​កុម្ម៉ង់​ស្រា​វី​ស្គី ១​ដប ផឹក​រហូតដល់​ម៉ោង​ប្រហែល​២​យប់ ស្រវឹង​បាត់ស្មារតី​ចាំ​អ្វី​ពុំបាន មិន​ដឹង​ថា ​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​អ្វីខ្លះ​នោះ​ទេ។ ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ យោង​តាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃើញថា​ ជនសង្ស័យ​ខាងលើ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស ហិង្សា​ដោយ​ចេតនា យ៉ាង​ពិត​ប្រាកដ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu