ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​បាក់.ក​ និង​បែក​ថ្លើម​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ដេក​លើ​ចិញ្ចើម​ថ្នល់​ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយសារ​រថយន្ត​បើក​បុក​ម៉ូតូ​ក្នុង​ទិសដៅ​ស្របគ្នា​។



ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​ បាន​កើតមានឡើង​នៅ​ម៉ោង​០០និង២៥​នាទី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៨​ លើ​ផ្លូវ​ជាតិ​លេខ​៤​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៩+១៧០​ ស្ថិតនៅ​ក្នុងភូមិ​តា​ពៅ ឃុំ​តា​នៃ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បន្ទាប់ពី​បើក​បុក​ម៉ូតូ​បង្ក​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ហើយ​នោះ រថយន្ត​បាន​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រថយន្ត​បែកក្បាល​ខាងមុខ ​ព្រមទាំង​កំពិត​ទ្វារ​ផ្នែក​ខាងក្រោយ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។



សមត្ថកិច្ច​បាន​ប្រាប់​ថា រថយន្ត បង្ក​ម៉ាក​HILANDER​ ព​ណ៌ ទឹកប្រាក់ ពាក់​ស្លាកលេខ ព្រះសីហនុ​2A-8605 ​បើកបរ​ដោយ​ឈ្មោះ សុខ ខៃ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ រត់​តាក់​ស៊ី មាន​ទីលំនៅ​ក្រុម​២១​ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​បើក​ក្នុង​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ មកដល់​ចំណុច​ខាងលើ បាន​ប៉ះ​និង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ម៉ា​កវេ​វ ព​ណ៌​ខៀវ គ្មាន​ស្លាក​លេខ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ហុង មៅ ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ក្នុងទិសដៅ​ស្រប (​ស្លាប់)​។



ក្រោយ​កើតហេតុ​អ្នកបើកបរ មិនបាន​រត់​ទៅណា​ទេ បន្ទាប់មក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​សួរនាំ​តាម​បន្ត​តាម​នីតិ​វិធី​ច្បាប់​។ ដោយឡែក សាកសព​សមត្ថកិច្ច​បា​ន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សមត្ថកិច្ច​បាន​វាយ​តម្លៃ​ថា រថយន្ត​បាន​ខូចខាត​ប្រហែល ៤០% ចំណែក​ម៉ូតូ​ខូចខាត ៦០% ។ បច្ចុប្បន្ន​វត្ថុ​តាង រថយន្ត​និង​ម៉ូតូ​បាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ព្រៃនប់​ដើម្បី​ដោះស្រាយ​បន្ត៕

   



Source: Kampuchea Thmey Daily