ភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុបទទួលស្គាល់កម្ពុជាថា ជោគជ័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាខណៈកម្ពុជាទទួលបានកំណើនទេសចរអន្តរជាតិប្រមាណជិត១២រយជារៀងរាល់ឆ្នាំ។
ក្នុងពិធីអបអរសាទរការតែង តាំង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប”នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី លោកសាស្ត្រាចារ្យបណ្ឌិតអានតុនការ៉ាហ្គាប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបមានប្រសាសន៍ថា កម្ពុជាមានបទពិសោធន៍ ជាអ្នកសម្របសម្រួលក្នុងការអភិវឌ្ឍ និងការផ្សព្វផ្សាយទេសចរទៅកាន់អន្តរជាតិប្រកបដោយភាពជោគជ័យខ្ពស់។
លោកបញ្ជាក់ថា ការតែងតាំង លោក ថោង ខុន ជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប”នេះ ធ្វើឡើងដោយមានការសិក្សា និងវាយ តម្លៃថា ឯកឧត្តម ជារដ្ឋមន្ត្រីទេសចរណ៍ ដែលដាក់ចេញនូវផែនការជាច្រើនរហូតធ្វើឲ្យកម្ពុជាក្លាយជាទិសដៅទេសចរល្អបំផុតនៅលើពិភពលោកកាលពីឆ្នាំ២០១៦ និង កម្ពុជាជាទិសដៅទេសចរវប្បធម៌ ដ៏មានភាពទាក់ទាញផងដែរ។
លោក ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានអគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបដែលបានគាំទ្រ និងចាត់ទុកកម្ពុជា ជាគំរូសម្រាប់ពិភពលោកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍មួយ ដែលបានបែងចែកចំណូលប្រកបដោយសមធម៌ និង ជាគោលដៅទេសចរលំដាប់ពិភពលោក។ ជាមួយគ្នានោះ លោកបានចាត់ទុកថា ការអភិវឌ្ឍវិស័យទេសចរបានរួមចំណែកដ៏មានប្រសិទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាតាមរយៈ បង្កើតការងារ និងបង្កើនចំណូលផ្ទាល់ជួនប្រជាពលរដ្ឋ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុបថ្មី ប្តេជ្ញាចែករំលែកបទពិសោធន៍ពីការជោគជ័យក្នុងការងារអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ ទៅកាន់ពិភពលោកឲ្យកាន់ច្រើន ខណៈការចែករំលែកបទពិសោធន៍នឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកលេងកម្ពុជាកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១១លាននាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ខណៈដែលភ្ញៀវអន្តរជាតិវិញកម្ពុជា ទទួលបានប្រមាណ៥លាន៦សែននាក់។ ដោយឡែក ៤ខែដើម ឆ្នាំ២០១៨ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង២លាននាក់៕
Source: Kampuchea Thmey Daily
0 Comments