បុរសម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំកាលពីថ្ងៃអង្គារពីបទប៉ុនប៉ងវាយប្រហារភេរវកម្មនៅក្នុងប្រទេសអូស្ត្រាលីក្រោយពេលត្រូវបានរារាំងពីការធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ខណៈដែលចៅក្រមបាននិយាយថា គាត់នៅតែបន្តមានទស្សនៈជ្រុលនិយម។
លោក Agim Kruezi អាយុ២៥ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០១៤ហើយត្រូវបានគេរកឃើញថាមានទោសកំហុសនៅក្នុងតុលាការកំពូលរបស់ទីក្រុង Brisbane។ គាត់មានទោសពីបទរៀបចំសម្រាប់អំពើភេរវកម្មនិងរៀបផែនការការលុកលុយរបស់បរទេស។
តុលាការបាននិយាយថា លោក Kruezi ដែលជាជនជាតិអាល់បានីដើមកំណើតអូស្ត្រាលីគ្រោងនឹងធ្វើដំណើរទៅប្រទេសស៊ីរីដើម្បីចូលរួមប្រយុទ្ធជាមួយក្រុមសម្ព័ន្ធអាល់កៃដាប៉ុន្តែត្រូវបានបញ្ឈប់ដោយមន្ត្រីគយហើយលិខិតឆ្លងដែនរបស់គាត់ត្រូវបានគេដកហូត។
ផ្ទុយទៅវិញ គាត់បានបង្វែរគោលដៅរបស់គាត់មកធ្វើការវាយប្រហារលើទឹកដីកំណើតវិញ។
បណ្តាញផ្សព្វផ្សាយ ABC បានរាយការណ៍ថា ប៉ូលិសបានរកឃើញកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិមួយដើម ស្រោមមុខបិទជិតចំនួនពីរ កាំបិតពីរដើម ច្បាប់ចម្លងនៃសៀវភៅមួយក្បាលដែលមានចំណងជើងថាជីហាដនិងទង់ក្រុមរដ្ឋឥស្លាមដោតនៅជាប់ជញ្ជាំងបន្ទប់របស់គាត់នៅពេលគាត់ត្រូវបានគេចាប់ខ្លួន។
សេចក្តីណែនាំឲ្យអនុវត្តការកាត់ក្បាលក៏ត្រូវបានគេរកឃើញនៅលើកុំព្យូទ័ររបស់គាត់ផងដែរហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលគាត់ត្រូវបានចាប់ខ្លួន គាត់បានទិញប្រេងឥន្ធនៈ១០លីត្រនិងព្យាយាមទិញដបកែវដែលអាចធ្វើជាគ្រាប់បែកសាំង Molotov បាន។
ចៅក្រម Roslyn Atkinson បាននិយាយថា វាចាំបាច់ណាស់សម្រាប់ប៉ូលិសប្រឆាំងភេរវកម្មដើម្បីចាប់ខ្លួនគាត់នៅពេលពួកគេធ្វើការដើម្បីការពារ “ការវាយប្រហារជាសាធារណៈ”។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានដាក់ចេញនូវច្បាប់ប្រឆាំងអំពើភេរវកម្មក្នុងឆ្នាំ២០១៤ដែលរួមមានទាំងការទប់ស្កាត់ក្រុមជីហាដដែលគេសង្ស័យមិនឲ្យចេញទៅក្រៅប្រទេសផងដែរ។
អាជ្ញាធរនិយាយថា ពួកគេបានរារាំងការវាយប្រហារភេរវកម្មចំនួន១៤ដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments