Ad Code

រដ្ឋាភិបាល​ចិន​ សាទរ​ការរៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​កម្ពុជា



ភ្នំពេញ ​៖ ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​បាន​សាទរ​ការរៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​កម្ពុជា​ ហើយ​សន្យាថា ​នឹង​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្តទៅទៀត​។​

លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​មានប្រសាសន៍ថា ​រដ្ឋាភិបាល​ចិន​សូម​ចូលរួម​អបអរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បានរៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ ហើយ​សង្ឃឹមថា​នៅ​អាណត្តិ​ថ្មី​នេះ​កម្ពុជា​នឹង​បន្ត​ការអភិវឌ្ឍ​របស់ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

ការ​សាទរ​របស់​រដ្ឋាភិបាល​ចិន​នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃមួយ​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី​៣០ ខែ​​កក្កដា ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ខណៈ​រដ្ឋាភិបាល​អាមេរិក សហភាព​អឺរ៉ុប កាណាដា និង​អូស្ត្រាលី​បានចេញ​សេចក្តីប្រកាស​មិន​គាំទ្រ​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នោះ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បានចាត់ទុក​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​នៅ​កម្ពុជា គឺជា​រឿង​ផ្ទៃក្នុង​កម្ពុជា​និង​ជា​ព្រឹត្តិការណ៍​នយោបាយ​សំខាន់​ក្នុង​ជីវិត​នយោបាយ​របស់​ប្រជាជន​កម្ពុជា​។​

យោងតាម​ប្រព័ន្ធ​សារព័ត៌មាន​ផ្លូវការ​របស់​ចិន ឆាយ​ណា​ដេលី​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៣១​កក្កដា​នេះ ​អ្នកនាំពាក្យ​រូបនោះ​ក៏បាន​សាទរ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​លើក​នេះ​ផងដែរ​។​

លោក Geng Shuang​មាន​ជំនឿ​ជឿជាក់ថា​ ក្រោម​ការដឹកនាំ​របស់​រដ្ឋ​សភា​អាណត្តិ​ថ្មី និង​រាជរដ្ឋាភិបាល​ថ្មី ប្រជាជន​កម្ពុជា​នឹង​បង្កើត​សមិទ្ធផល​ថ្មីៗ​ក្នុងការ​អភិវឌ្ឍ​រប​ស់​ខ្លួន​ហើយ​ចិន​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​អនុវត្ត​ការព្រមព្រៀង​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ផងដែរ​។​

គួរ​បញ្ជាក់ថា​ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៩​កក្កដា​ ឆ្នាំ​២០១៨​កន្លងទៅនេះ​ មាន​អ្នកចូលរួម​សង្កេតការណ៍​បោះឆ្នោតជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​៩​ម៉ឺន​នាក់​មកពី​៥២​ប្រទេស​ក្នុងនោះ​មាន​អ្នកសង្កេតការណ៍​មកពី​ប្រទេស​ចិន​ផងដែរ​។​

ក្រុម​អ្នកចូលរួម​សង្កេតការណ៍​បោះឆ្នោតជាតិ​និង​អន្តរជាតិ​ទាំង​នោះបាន​អះអាងថា ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន​គ្មាន​ការ​គំរាម​គ​ហែង និង​មិនមាន​អំពើហិង្សា​កើតឡើង​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu