ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា តុលាការវៀតណាម បានផ្តន្ទាទោសដាក់ពន្ធនាគារដល់បាតុករចំនួន១៥នាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងបាតុកម្មទ្រង់ទ្រាយធំកាលពីខែមុនប្រឆាំងនឹងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
បើទោះបីជាមានកំណែទម្រង់ស៊ីជម្រៅក៏ដោយ ប្រទេសវៀតណាមដែលកាន់កាប់ដោយរបបកុម្មុយនិស្តគឺមានការអត់ធ្មត់តិចតួចណាស់ចំពោះអ្នកប្រឆាំង។ រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះអនុញ្ញាតឲ្យមានសេរីភាពក្នុងការជួបជុំគ្នាប៉ុន្តែការតវ៉ាជាញឹកញាប់ត្រូវបានបំបែកដោយប៉ូលិស។
មនុស្សយ៉ាងតិច៣១នាក់ត្រូវបានដាក់ពន្ធនាគារដោយសារការចូលរួមក្នុងបាតុកម្មនៅទូទាំងប្រទេសដែលបង្កឡើងដោយភាពភ័យខ្លាចថា វិនិយោគិនមកពីប្រទេសចិននឹងគ្របដណ្តប់លើការជួលដីរយៈពេល៩៩ឆ្នាំសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ទាំងនោះ។
នៅក្នុងការកាត់ក្តីមួយដែលបានបញ្ចប់នៅយប់ថ្ងៃចន្ទ តុលាការប្រជាជនទីក្រុង Bien Hoa នៅភាគខាងត្បូងប្រទេសបានផ្តន្ទាទោសបាតុករឲ្យជាប់ពន្ធនាគាររយៈពេលពី៨ទៅ១៨ខែ។
វិទ្យុសំឡេងវៀតណាមបានផ្សាយថា មនុស្សចំនួន៥នាក់ទៀតត្រូវបានព្យួរទោសពី១២ទៅ១៤ខែពីបទ “បង្កអសណ្តាប់ធ្នាប់សាធារណៈ”។
របាយការណ៍នេះបានដកស្រង់ការចោទប្រកាន់ដែលលើកឡើងថា ពួកគេត្រូវបានចាប់ខ្លួននៅពេលប្រមូលផ្តុំគ្នាតាមដងផ្លូវកាលពីថ្ងៃទី១០ខែមិថុនាហើយ “បណ្តាលឲ្យស្ទះចរាចរណ៍”។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់ពួកគេមិនអាចទាក់ទងសុំការបំភ្លឺបានភ្លាមៗនោះទេ។
កាលពីដើមខែនេះ មនុស្សចំនួន១៦នាក់ត្រូវបានដាក់ពន្ធនាគារក្រោមការចោទប្រកាន់ដូចគ្នានេះនៅខេត្ត Binh Thuan ។ ការតវ៉ាកាលពីខែមិថុនាបានប្រែក្លាយទៅជាអំពើហិង្សានៅក្នុងខេត្តនេះនៅពេលក្រុមអ្នកតវ៉ាបានគប់ដុំឥដ្ឋនិងគ្រាប់បែកសាំងដាក់ប៉ូលិស។
ការកាត់ក្តីកាលពីថ្ងៃចន្ទបានធ្វើឡើងមិនដល់ពីរសប្តាហ៍ផងបន្ទាប់ពីតុលាការក្រុងហូជីមិញបានបញ្ជាឲ្យដោះលែងនិងនិរទេសជនជាតិអាមេរិកដើមកំណើតវៀតណាមឈ្មោះ William Anh Nguyen អាយុ៣២ឆ្នាំដែលក៏ត្រូវបានចាប់ខ្លួនពីបទបង្កអសណ្តាប់ធ្នាប់សាធារណៈផងដែរអំឡុងបាតុកម្ម៕ REUTERS
[caption id="attachment_955502" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments