Ad Code

ទឹកជំនន់​មេគង្គ​លើ បាន​បន្ត​កើនឡើង​លិច ចូល​តាម​បណ្តា​ព្រែក បឹងបួ​ធម្មជាតិ នានា នៅ​តំបន់​ទំនាប​ក្នុងស្រុក​ស៊ីធរ​កណ្ដាល និង​ស្រុក​ពារាំង ខេត្តព្រៃវែង​ហើយ



ភ្នំពេញ ​៖ ស្របពេល ជំនន់​ទន្លេមេគង្គ នៅ​ផ្នែក​ខាងលើ​មាន​ខេត្ត ស្ទឹង ត្រែង ក្រចេះ បាន បន្ត​ការកើនឡើង បង្ក​ឲ្យ​មានការ​លិចលង់​ជា​បន្តបន្ទាប់ នៅ​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ ឥឡូវនេះ ទឹកទន្លេ​មេគង្គ​ក្រោម ក៏​បន្ត​ហក់​ឡើង លិច​ចូល​តាម​បណ្តា​ព្រែក បឹងបួ​ធម្មជាតិ អាង​ភ្លិច​ទឹក និង​ផ្ទៃដី​មួយចំនួន នៅ​តំបន់​ទំនាប​ក្នុងស្រុក​ស៊ីធរ​កណ្តាល និង​ស្រុក​ពារាំង ខេត្តព្រៃវែង ជា​បណ្តើរៗ​ហើយ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ ក្រសួង ធនធានទឹក។

ក្រសួង​ធនធានទឹក​នៅ រសៀល ថ្ងៃទី​៣១​ ខែ​កក្កដា​ បាន​ជូនដំណឹង​ថា ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ បាន​បន្ត​កើនឡើង​កៀក​នឹង​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ហើយ នៅវេលា​ថ្ងៃ​ត្រង់នេះ ខណៈ​តំបន់​ទំនាប​មួយចំនួន​នៅតាម​ដង​ទន្លេ ត្រូវបាន​ទឹក​លិច​ចូល​ជា​បណ្តើរៗ គិត មកដល់​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ។ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ បាន​បន្ត​កើន​ឡើង​ដល់​កម្ពស់ ២១,៥៦ ម៉ែត្រ ហើយ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២ ម៉ែត្រ)។ ពេលនេះ ទឹកបាន​លិច​ចូល​តំបន់​ទំនាប​មួយចំនួន​នៅ​តាម​ដង​ទន្លេ​ក្នុង​ខេត្ត ជា​បណ្តើរៗ​ហើយ។ ចំណែក រដ្ឋបាល​ខេត្តក្រចេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ឡើង​ជិត​ដល់​ចំណុច​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​កងកម្លាំង​ទាំង​៣​ប្រភេទ​ត្រៀម​ប្រចាំការ ដើម្បី​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ និង​សត្វពាហនៈ​រក​ទីទួល​សុ​វត្ថិភាព​។​

​ក្រសួង​បន្តថា សម្រាប់​ខេត្ត ស្ទឹងត្រែង ជំនន់​ទន្លេមេគង្គ​លើ បន្ត​កើនឡើង​លិច​ចូល​តំបន់​មួយចំនួនទៀត​ក្នុង​ខេត្តស្ទឹងត្រែង ជា​បន្តបន្ទាប់ គិត​ត្រឹម ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ​លើ​ក្នុង​ខេត្តស្ទឹងត្រែង មាន​កម្ពស់ ១០,៨៤ ម (​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម​) ។ តំបន់​ទំនាប​ដែល​នៅតាម​ដង​ទន្លេ ត្រូវបាន​ទឹក​លិច​ចូល​ជា​បន្តបន្ទាប់។ ជាមួយគ្នានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ព្រឹក​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨​បាន​បញ្ចា​ឲ្យ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្ទឹងត្រែង ដំឡើង​ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ០១ គ្រឿង ដើម្បី​បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ក្នុង​ក្រុង​ស្ទឹងត្រែង។ គួរ​រំលឹក​ផងដែរ​ថា នៅ​យប់​ថ្ងៃទី ២៩ ឈានចូល​ថ្ងៃទី ៣០ ខែកក្កដា ក្រុង​ស្ទឹងត្រែង មាន​ភ្លៀង​ធ្លាក់​រហូតដល់ ១១២,៥ ម​ម និង​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​ផ្នែក​ខ្លះ​ក្នុង​ក្រុង។

សូម​រំលឹកថា ​កាលពី​រសៀល​ថ្ងៃទី​៣០កក្កដា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង បន្ថែម ពី ស្ថានភាព​ទឹក ជំនន់​នៅតាម​ទន្លេមេគង្គ ក្នុងប្រទេស​កម្ពុជា អាច​បន្ត​កើនឡើង ២-៣ ថ្ងៃ បន្ថែមទៀត។ ក្រសួង ធនធានទឹក និង ឧតុនិយម បានប្រកាសថា គិត ត្រឹម ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ ទឹកទន្លេ មេគង្គ ក្នុង ខេត្តក្រចេះ និង ខេត្តកំពង់ចាម បាន ហក់ ឡើង ជិត ដល់ ចំណុច ប្រកាសអាសន្ន ហើយ ទឹកទន្លេ មេគង្គ ក៏ នឹង បន្ត ឡើង រហូតដល់ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨។

ក្រសួង ​ធនធានទឹក​ និង ឧតុនិយម​ លើក ឡើង​ថា បន្ទាប់ពី បានធ្វើ ការ​តាមដាន ​ព្យាករណ៍​ លើ ស្ថានភាព​ អាកាសធាតុ និង​ ស្ថានភាព ​ទឹកជំនន់ ទន្លេមេគង្គ ​លើ រួចមក​ ក្រសួង ធនធានទឹក​ និង ឧតុនិយម សូម ជម្រាប ជូនដំណឹង​ ដល់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ​អាជ្ញាធរ ដែនដី និង សាធារណជន មេត្តា ជ្រាបថា ដោយសារ មានការ ធ្លាក់ភ្លៀង ជា ​បន្តបន្ទាប់ ក្នុង កម្រិត ពី មធ្យម ទៅ ច្រើន នៅក្នុង តំបន់ អាង ទន្លេមេគង្គ ក្នុងប្រទេស ថៃ និង​ ប្រទេស ឡាវ បាន បង្ក ឲ្យ ទឹកទន្លេ មេគង្គ ក្នុងប្រទេស​ កម្ពុជា បន្ត កើនឡើង ២-៣ ថ្ងៃ បន្ថែមទៀត ។​

​សេចក្តីជូនដំណឹង ដដែល លើកឡើងថា​ យោង​តាម ការ​ព្យាករ កម្ពស់ ទឹកទន្លេ មេគង្គ លើ កម្ពុជា អាច នឹង កើន ឡើងដល់​ ថ្ងៃទី ០៥​ ខែសីហា ឆ្នាំ ២០១៨ ​ដោយ លើស ​កម្រិត ប្រកាស ឲ្យ ប្រុងប្រយ័ត្ន ។ ក្នុងនោះ រួមមាន ៖. នៅ​ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ទឹក អាច នឹង កើន ឡើងដល់ កម្ពស់ ១១,៤០ ម៉ែត្រ ( កម្ពស់ ប្រកាស ឲ្យ ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ ) ។​. នៅ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៨ ទន្លេមេគង្គ ខេត្តក្រចេះ ទឹក អាច នឹង កើន ឡើងដល់ កម្ពស់ ២២,១៥ ម៉ែត្រ ( កម្ពស់ ប្រកាស ឲ្យ ប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ ). នៅ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ ទន្លេមេគង្គ ក្នុង ខេត្តកំពង់ចាម ទឹក អាច នឹង កើន ឡើងដល់ កម្ពស់ ១៥,២៥ ម៉ែត្រ ( កម្ពស់ ប្រកាស ឲ្យ ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ )។​

​ជាមួយគ្នានេះ ក្រសួង ធនធានទឹក និង ឧតុនិយម ក៏បាន លើកឡើងថា យោង លើ ស្ថានភាព ទឹក ដូច បាន ព្យាករ និង ជម្រាប​ជូន ខាងលើ សូម ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ ដែនដី និង សាធារណជន មេត្តា ជ្រាប ជា ព័ត៌មាន និង បង្កើន ការប្រុងប្រយ័ត្ន ខ្ពស់ ដើម្បី ជៀសវាង នូវ គ្រោះថ្នាក់ ផ្សេងៗ ដែល អាច កើតមានឡើង ជាយថាហេតុ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu