កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានរកឃើញថា ប្រទេសកូរ៉េខាងជើងកំពុងផលិតមីស៊ីលថ្មី។ ការលើកឡើងនេះគឺផ្អែកលើរូបថតផ្កាយរណប ដែលថតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ និងភស្តុតាងថ្មីផ្សេងទៀត។
កាសែតនេះ បានរាយការណ៍ដោយលើកឡើងប្រភពជិតស្និទ្ធនឹងការស៊ើបការណ៍ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីជំនួបកំពូលវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន, ក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងអភិវឌ្ឍយ៉ាងហោចណាស់មីស៊ីលឆ្លងទ្វីប (ICBM) មួយគ្រាប់ឬពីរគ្រាប់។
រោងចក្រនៅខាងក្រៅទីក្រុងព្យុងយ៉ាងក្នុងតំបន់ Sanumdong គឺជាកន្លែងដែលការងារកំពុងដំណើរការដើម្បីផលិត ICBM ដំបូងរបស់កូរ៉េខាងជើងដែលមានសមត្ថភាពឈានដល់សហរដ្ឋអាមេរិក។
ការផលិតមីស៊ីលថ្មីដែលត្រូវបានរាយការណ៍នេះគឺបានកើតឡើងបន្ទាប់ពីការផ្តល់សក្ខីកម្មរបស់រដ្ឋមន្ដ្រីការបរទេសលោក Mike Pompeo កាលពីសប្តាហ៍មុនដែលលោកបានប្រាប់សមាជិកព្រឹទ្ធសភាថា ក្រុងព្យុងយ៉ាងបន្តធ្វើសម្ភារៈនុយក្លេអ៊ែរប៉ុន្តែមិនបានបង្ហាញថាតើរដ្ឋមួយនេះកំពុងផលិតមីស៊ីលថ្មីដែរឬអត់។
កាសែតរាយការណ៍ថា រូបភាពពីទីភ្នាក់ងារស៊ើបការភូមិសាស្ត្រជាតិបានបង្ហាញពីការងារផលិត ICBM ប្រភេទ Hwasong-15 យ៉ាងហោចណាស់មួយគ្រាប់កំពុងបន្តនៅរោងចក្រSanumdong។
មន្ត្រីអាមេរិកម្នាក់បានប្រាប់កាសែតនេះថា “យើងឃើញពួកគេធ្វើការដូចកាលពីមុនអញ្ចឹង”។
ប៉ុន្តែនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae លើឆ្នេរភាគខាងលិចរបស់កូរ៉េខាងជើង, កម្មករអាចត្រូវបានគេមើលឃើញកំពុងរុះរើម៉ាស៊ីនធ្វើតេស្តស្របតាមការសន្យាដែលលោកគីមធ្វើឡើងចំពោះលោកត្រាំនៅក្នុងកិច្ចប្រជុំកំពូល៕ AFP
Source: Kampuchea Thmey Daily
0 Comments