Ad Code

កីឡាករ សឿត បារាំង អាច​ចូល​ហ្វឹកហាត់​ក្នុង​ទីលាន​បាន​វិញ​ហើយ​ ក្រោយ​សម្រាក​ព្យាបាល​របួស​ជង្គង់​មួយរយៈ​ខ្លី



​ខ្សែការពារ​ឆ្វេង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន គឺ​កីឡាករ សឿត បារាំង បាន​សម្រាក​ព្យាបាល​រងរបួស​ជង្គង់​មួយរយៈ​ពេល​ខ្លី ហើយ​របួស​នេះ​ធ្វើ​ឲ្យ​រូបគេ​មិន​អាច​ជួយ​ក្រុម​របស់​ខ្លួន​ទាំង​ក្នុង​យុទ្ធនាការ​ប្រកួត​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018​។

យោង​តាម​ការ​បញ្ជាក់​របស់​សាមីខ្លួន​បាន​លើក​ឡើង​ជុំវិញ​បញ្ហា​របួស​របស់​ខ្លួន​ថា «​ខ្ញុំ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ​របស់​ក្រុម​វិសាខា ពេល​ប្រកួត​លី​គ​កំពូល​កម្ពុជា កាល​ពាក់កណ្ដាល​ខែកក្កដា ដោយ​ចំ​ជង្គង់​។ ខ្ញុំ​គិតថា​មិនយូរ​ទេ​ខ្ញុំ​នឹង​វិល​ត្រលប់​មកវិញ ព្រោះ​ខ្ញុំ​នឹង​សម្រាក​ព្យាបាល​ខ្លួន​ឲ្យ​បានល្អ ហើយ​មួយទៀត​នោះ​គឺ​ខ្ញុំ​នឹង​ជំនះ​ភាពឈឺចាប់​ទាំងនេះ​»​។

​បញ្ហា​របួស​ជង្គង់​នេះ បង្ខំចិត្ត​ឲ្យ​លោក Sean Sainsbury គ្រូបង្វឹក​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន បានសម្រេច​ចិត្ត​ដោះដូរ​កីឡាករ សឿត បារាំង ចេញ​តាំងពី​នាទី​ទី​១៥ ក្នុងការ​ប្រកួត​ជាមួយ​វិសាខា នៅ​គ្រានោះ ជំនួស​វិញ​ដោយ​កីឡាករ គីម ឆា​យ៉ា ដើម្បី​ប្រកួត​តតាំង​ជាមួយ​ក្រុម​ថ្មី​កំពុងតែ​កើន​ទម្រង់​លេង​វិសាខា​។ លទ្ធផល​កាលនោះ​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ចាញ់​វិសាខា ៣​ទល់​១​។



កីឡាករ​រូបនេះ​បន្ត​ថា «​ខ្ញុំ​បាន​ជួប​ពេទ្យ​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​គាត់​ប្រាប់​ថា ​របួស​ខ្ញុំ​គ្រាន់បើ​ជាង​មុន ហើយ​អាច​ឲ្យ​ខ្ញុំ​ចូល​ទីលាន​ហ្វឹកហាត់​វិញ​បាន​ហើយ តែ​មិនទាន់​ពេញ​១០០% ព្រោះ​ត្រូវ​តាមដាន​មើល​ថា នៅ​បន្ត​ឈឺ​ទៀត ឬ គ្រាន់បើ​ហើយ​។ តាម​ខ្ញុំ​សង្កេត​ខ្លួនឯង វា​ហាក់​ប្រសើរ​ជាង​មុន​ច្រើន តែ​អត់​ទាន់​ប្រាកដ​ទេ ចាំមើល​ចូល​ទីលាន​សិន​។ សង្ឃឹមថា ​អាច​ជា​សះស្បើយ​ឆាប់ៗ នឹង​បាន​ត្រលប់​ទៅ​ជួយ​ក្រុម​ឡើងវិញ​»​។

របួស​នេះ​មិន​អាច​ឲ្យ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​ ជួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុង​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​២ នៃ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ជើង​ទី​២ ពេល​ប៉ះ​ជាមួយ​ក្រុម​អគ្គីសនី​កម្ពុជា និង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​នោះទេ​។ កីឡាករ​រូបនេះ​ក៏បាន​អវត្តមាន​ជាច្រើន​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ផងដែរ​។

កីឡាករ សឿត បារាំង គឺ​ចេញពី​យុវជន​ថ្នាល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ចន្លោះ​ឆ្នាំ​២០១១ មកម្ល៉េះ​ហើយ​រូបគេ​ត្រូវបាន​គ្រូបង្វឹក​កោះហៅ​ឲ្យ​ចូល​រួម​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៦ មកទល់​បច្ចុប្បន្ន​។ ក្រៅពី​ប្រកប​អាជីព​នៅក្នុង​ក្លិប បារាំង ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ​គឺ​នៅ​ឆ្នាំ​២០១៦ ជាប់​ឈ្មោះ​ជួយ​ក្រុម U19​កម្ពុជា​ហើយ​ចាប់ពី​ឆ្នាំ​២០១៧ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម U22 កម្ពុជា និង​ក្រុម​ជម្រើសជាតិ​កម្ពុជា ឈុត​ធំ​ផងដែរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu