ភ្នំពេញ ៖ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានអះអាងថា មានប្រទេសមួយចំនួនបានបដិសេធលទ្ធផលនៃការបោះឆ្នោតនៅប្រទេសកម្ពុជាតាំងពីដើមទី ប៉ុន្តែការវាយតម្លៃមួយដោយមិនចូលរួម ជាការវាយតម្លៃដោយពាក់វែនតាខ្មៅ ប្រាកដជាឃើញខ្មៅ ហើយការសម្រេចចិត្តរបស់បរទេស មានពេលខ្លះក៏អាចខុសដែរ ដូចករណីដែលអង្គការសហប្រជាជាតិ បានរក្សាអាសនៈទុកឲ្យប៉ុលពតជាដើម ខណៈដែលប៉ុលពតសម្លាប់ពលរដ្ឋរាប់លាននាក់ បែរជាអង្គការសហប្រជាជាតិរក្សាអាសនៈទុកឲ្យទៅវិញ។
អ្នកនាំពាក្យ គ.ជ.ប លើកឡើងបែបនេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់បណ្តាប្រទេសមួយចំនួន ក៏ដូចជាសហរដ្ឋអាមេរិក ទាក់ទងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជា។ លោក ហង្ស ពុទ្ធា លើកឡើងថា “ការបដិសេធលទ្ធផលនៃការបោះឆ្នោតនេះ បានចាប់ផ្តើមវាយតំលៃតាំងពីដើមទី ចឹងនៅពេលដែលការវាយតម្លៃមួយមិនចូលមកមើលការបោះឆ្នោតទាំងស្រុង ការវាយតម្លៃមួយដោយពាក់វែនតាខ្មៅ វាប្រាកដជាមើលទៅឃើញខ្មៅហើយ។ ចឹងខ្ញុំសូមជំរាបថា មុននេះប៉ុន្មានថ្ងៃមានប្រតិភូព្រឹទ្ធសភារបស់អាមេរិក បានមកធ្វើការសង្កេតការណ៍នៅកម្ពុជាដែរ ដែលលើកនេះ លោកបានមកជាលើកទី៤ហើយ នៅក្នុងវគ្គបណ្តុះបណ្តាលច្បាប់ និងនីតិវិធីនៃការបោះឆ្នោត ព្រឹទ្ធសភាអាមេរិករូបនោះ បានប្រាប់យើងមួយមាត់ថា លោកមានការសោកស្តាយ ដែលរដ្ឋាភិបាលរបស់លោកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា អីចឹងស្តេតមិន (សេចក្តីថ្លែងការណ៍) របស់អាមេរិកនេះមានចរិតនយោបាយច្រើន”។
តាមលោក ហង្ស ពុទ្ធា កម្ពុជាគឺជាប្រទេសរងគ្រោះ ពីព្រោះកាលដើមឡើយ ប្រទេសកម្ពុជាអត់ចេះបង្កើតលទ្ធិប្រជាធិបតេយ្យ ឬលទ្ធិកុម្មុយនីស្តអីនោះទេ ប៉ុន្តែនៅពេលពាក្យពីរមាត់នេះបានចូលមកដល់ប្រទេសកម្ពុជា ធ្វើឲ្យកម្ពុជាមានការចែងចែកគ្នា គឺមានក្រុមកាន់អំណាច និងក្រុមជំទាស់ ហើយអ្វីដែលជាតួនាទីរបស់ គ.ជ.ប គឺយើងអនុវត្តទៅតាមច្បាប់ រៀបចំឲ្យមានការផ្លាស់ប្តូរអំណាច ផ្លាស់ប្តូរការគ្រប់គ្រងអំណាចរដ្ឋ តាមរយៈវិធីអហិង្សា ហើយអហិង្សាដែលពិភពលោករកឃើញនោះ គឺការបោះឆ្នោត ដូច្នេះការបោះឆ្នោត គឺអនុវត្តទៅតាមច្បាប់គ្មានប្រទេសណា មិនអនុវត្តតាមច្បាប់ទេ ដូច្នេះកម្ពុជាបានអនុវត្តតាមច្បាប់កម្ពុជាហើយ នៅប្រទេសឥណ្ឌូនេស៊ី គោរពច្បាប់ឥណ្ឌូនេស៊ី នៅប្រទេសបារាំងគោរពច្បាប់បារាំង តែកម្ពុជាកោរពច្បាប់កម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាខ្លួនឯងទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន។
លោក ហង្ស ពុទ្ធា លើកឡើងដែរថា ជួនកាលការសម្រេចចិត្តរបស់ប្រទេសខាងក្រៅពីកម្ពុជា អាចជាការភាន់ច្រឡំ ពីព្រោះយើងមានបទពិសោធន៍រួចហើយ គឺបន្ទាប់ពីកម្ពុជាបានឆ្លងផុតសម័យបនប្រល័យពូជសាសន៍ប៉ុលពត អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ត្រូវបានបរទេសបោះឆ្នោតប្រគល់អាសនៈនេះទុកឲ្យប៉ុលពតរយៈពេល៤ឆ្នាំ។ មានន័យថា ប៉ុលពត ដែលជាឃាតកសម្លាប់ប្រជាពលរដ្ឋរាប់លាននាក់ តែដោយសារការយល់ច្រឡំ អន្តរជាតិបានទុកអាសនៈនេះឲ្យរបបប៉ុលពតដដែល។ ក្រោយមកបានដកចេញ តែទុកឲ្យនៅទំនេររយៈពេល១១ឆ្នាំ អត់បានប្រគល់មកឲ្យប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតែត្រដររស់ដោយខ្លួនឯងនោះឡើយ គឺរស់ដោយមិនមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាពិតជាត្រូវការទស្សនៈតែមួយ ដើម្បីធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេស។
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួម ហើយជាលទ្ធផល មានប្រជាពលរដ្ឋកម្ពុជាបានអញ្ជើញទៅបោះឆ្នោតចំនួន៦.៩៤៦.១៦៤នាក់ ដែលស្មើនឹង៨២,៨៩ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៨.៣៨០.២១៧នាក់។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានអះអាងថា មូលហេតុដែលប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនដោយសារកត្តាមួយចំនួន គឺទី១, មានបរិយាកាសល្អប្រសើរសម្រាប់ប្រជាពលរដ្ឋចេញទៅបោះឆ្នោត ដូចជាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជាដើម ទី២, ការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ គ្របមធ្យោបាយទាំងអស់ ដែល គ.ជ.ប បានអនុវត្តកន្លងមក គឺបានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ ដោយមានការបញ្ជូនប័ណ្ណព័ត៌មាន ការផ្តលព័ត៌មានតាមខលសិនធឺរ ការផ្សាយតាមមេក្រូចល័ត និងតាមប្រព័ន្ធផ្សព្វផ្សាយជាដើម ទី៣, ប្រជាពលរដ្ឋប្រឡាញ់ប្រជាធិបតេយ្យ គឺពួកគាត់ចេញទៅបោះឆ្នោតដោយមុខញញឹម។
ក្រោយការបោះឆ្នោតភ្លាម អ្នកសង្កេតការណ៍ជាតិ អន្តរជាតិបានវាយតម្លៃថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានបញ្ចប់ក្រោមបរិយាកាសល្អ រលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ និងមានការគោរពច្បាប់ គោរពសិទ្ធិមនុស្ស គ្មានការបង្ខិតបង្ខំ គ្មានហិង្សា គ្មានការភ័យខ្លាច គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ល្អ ប៉ុន្តែភ្លាមនោះ មានប្រទេសមួយចំនួន ដូចជាកាណាដា អូស្ត្រាលី អឺរ៉ុប និងអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមដែរ ដោយប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា និងថា កាបោះឆ្នោតនេះ គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងឲ្យឆន្ទៈរបស់ប្រជាជនកម្ពុជា ហើយការបោះឆ្នោតមានកំហុស ដោយសារតែផាត់ចេញនូវគណបក្សប្រឆាំងសំខាន់ជាងគេនៅកម្ពុជា ដែលប្រទេសទាំងនោះ ចង់សំដៅទៅលើអតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលបានប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕
Source: Kampuchea Thmey Daily
0 Comments