Ad Code

សង្កាត់​២​នៅ​ខណ្ឌដង្កោ​ នឹង​ទទួល​បាន ​ការស្ថាបនា​ផ្លូវ លូ ឡើងវិញ​ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រុក​ចុះ​អស់



ភ្នំពេញ​ ៖​ សង្កាត់​ចំនួន​២​នៅ​ខណ្ឌដង្កោ​ នឹង​ទទួល​បាន​ការស្ថាបនា​ផ្លូវ ឡើងវិញ​ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ​អស់។ ក្នុង​នោះ​មាន​សហគមន៍​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស​ ធ្វើ​ផ្លូវ​៣​ខ្សែ​រួម​នឹង​ការ​ដាក់​លូ និង​សង្កាត់​សាក់​សំពៅ ​នឹង​ស្ថាបនា​ផ្លូវ​ឡើងវិញ​ចំនួន​២​ខ្សែ​ដែល​ទទួលរង​ខូចខាត​ដោយសារ​ទឹក​ហូរ​ផ្តាច់​ផ្លូវ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅពេលដែល​លោក​ណែនាំ​ទៅ​មន្ទីរជំនាញ ខណៈ​ដឹកនាំ​មន្ត្រី ​និង​អាជ្ញាធរ ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី​ សង្កាត់​ព្រៃ​ស​ និង​បន្ត​ចុះទៅពិនិត្យ​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់​នៅ​សង្កាត់​សាក់ សំពៅ ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​២៦ កក្កដា​នេះ​។​

ចំពោះ​ការ​ចុះ​ត្រួតពិនិត្យ ​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស លោក ឃួ​ង ស្រេង បាន​សន្យា​ថា នឹង​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​៣​ខ្សែ​រួម​នឹង​ការ​ដាក់លូ​ជូន​ប្រជាពលរដ្ឋ ខណៈ​ដែល​ផ្លូវ​៣​ខ្សែ​នេះ ​កំពុង​ឈូសឆាយ​ចាក់​ថ្ម​ហើយ​នោះ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី មាន​ភារកិច្ច​មួយទៀត នោះ​គឺ​ចលនា​ប្រជាពលរដ្ឋ​អោយ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទៅ​២៩ ​ខែ​កក្កដា ខាងមុខនេះ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​សហគមន៍​នេះ សូម​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ហើយ​ក្រោយ​ការបោះឆ្នោត បើ​ទទួល​បាន​លទ្ធផល​ល្អ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ផ្លូវ​៣​ខ្សែ​នេះ​ជា​ផ្លូវ​បេតុង​ជូន​តែម្តង រួម​នឹង​ការ​ដាក់​លូ​ទំហំ​៨​តឹក​អោយ​ថែមទៀត។

លោក​សៀង សុផាត អាយុ​៥៨​ឆ្នាំ លោក​ថាច សាឡ​ន អាយុ​៤៤​ឆ្នាំ​ និង​អ៊ុំ ស្រី​ឈ្មោះ​បាន កេង អាយុ​៦៤​ឆ្នាំ ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​អន្លង់​គង ភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស​មាន​ប្រសាសន៍​លើកឡើង​ស្រដៀង​គ្នា​ថា ពួកគាត់​ពិតជា​រីករាយ​ណាស់ ដែល​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ចុះមក​សួរសុខទុក្ខ ​និង​បាន​កសាង​ផ្លូវ លូ​អោយ​ពួកគាត់​ថែមទៀត​នេះ។ ពួកគាត់​បញ្ជាក់ថា ពីមុន​សហគមន៍​រប​ស់​ពួកគាត់​រស់នៅ បាន​ទទួលរង​ការ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​ពិបាក​ក្នុងការ​រស់នៅ។ តែ​ពេលនេះ​មិន​ត្រឹមតែ​អភិបាល​រាជធានី​ភ្នំពេញ​ធ្វើ​ផ្លូវ​អោយ​ប៉ុណ្ណោះ​ទេ គឺ​នៅបាន​ស្ថាបនា​លូ​អោយ​បន្ថែមទៀត​។​

ប្រជាពលរដ្ឋ​បាន​សន្យាថា ពួកគាត់​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨​ទាំងអស់គ្នា​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេសជាតិ ហើយ​គណបក្ស​ដែល​ពួកគាត់​ត្រូវតែទៅ​បោះឆ្នោត​ជូន​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ ដើម្បីអោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត។ មាន​សម្តេច​តេ​ជោ​ហ៊ុន សែន គឺមាន​ការ​អភិវឌ្ឍ​​​ប្រទេសជាតិ​អោយ​រីកចម្រើន​។​

មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​បាន​បញ្ជាក់ថា សហគមន៍​អន្លង់​គង មាន​ផ្ទៃដី​ជិត​១០​ហិកតា មាន​ប្រជាពលរដ្ឋ​រស់នៅ​ជិត​៣០០​គ្រួសារ និង​អ្នក​មានឈ្មោះ​ទៅ​បោះឆ្នោត​ប្រមាណ​៧០០​នាក់​។​

ក្រោយ​បញ្ចប់​ការ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អន្លង់​គង​ហើយ​នោះ លោក ឃួ​ង ស្រេង ក៏បាន​អញ្ជើញ​បន្តទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ទទួលរង​ការ​លិចលង់​ដោយ​ទឹកជំនន់​នៅ​សង្កាត់​សាក់ សំពៅ ខណ្ឌដង្កោ​បន្តទៀត​។​

នៅក្នុង​ឱកាស​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើការ​ណែនាំ​អោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​ស្ថាបនា​ផ្លូវ​ចំនួន​២​ខ្សែ​ឡើងវិញ ក្រោយពី​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ទទួលរង​ខូចខាត​ដោយសារ​ទឹក​ហូរ​ផ្តាច់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu