Ad Code

គ ជ ប ​កោះហៅ​អតីត CNRP ៥ រូប អោយចូល​បំភ្លឺ​ក្នុង​សវនាការ



បាត់ដំបង ៖ អតីត​សមាជិក​បក្ស សង្គ្រោះ​ជាតិ ដែល​ហៅ​កាត់​ថា CNRP ចំនួន ៥ រូប នៅតាម​បណ្តា​ស្រុក​នានា និង​នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន គណៈកម្មការ រៀបចំ​ការបោះឆ្នោត ខេត្តបាត់ដំបង ធ្វើការ​កោះហៅ​អោយ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​សវនាការ​ ដោយសារ​ជន​ទាំង​៥ រូបនេះ ត្រូវបាន​មន្ត្រី នៃ​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង ពាក់ព័ន្ធ​ទៅនឹង យុទ្ធនាការ​ម្រាមដៃ​ស្អាត របស់​ចលនា​សង្គ្រោះ​ជាតិ។​

​គួរ​បញ្ជាក់ដែរថា នៅក្នុង​រយៈកាល​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេង​ឆ្នោត របស់​គ្រប់​គណបក្ស បែរជា​មនុស្ស​ទាំង​៥​នាក់​នេះ ដែល​ជា​អតីត​សមាជិក​បក្ស CNRP បាន​ធ្វើការ​បង្ហោះ​រូបភាព និង​សារ​មួយចំនួន ដោយ​លើក​ម្រាមដៃ ក្នុងន័យ​បំផុសបំផុល​មិនអោយ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នា​ថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដោយ​គេ​មាន​ពាក្យ​មួយ​ឃ្លា​ថា « យុទ្ធនាការ ម្រាមដៃ​ស្អាត » សបញ្ជាក់​អោយ​ឃើញថា ជា​ម្រាមដៃ​ ដែល​មិន​ព្រម​ចូលរួម​បោះឆ្នោត។​

ក្រោយពី​មាន​យុទ្ធនាការ ម្រាមដៃ​ស្អាត និង​ចលនា​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​រារាំង​មិនអោយ​ប្រជាពលរដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​បែបនេះ ទើប​ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​ប្តឹង​ទៅលើ​មន្ត្រី​ទាំង​៥ រូបនោះ ទៅ គ ជ ប​ ថ្នាក់​ខេត្ត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៨ នេះ នៅ​បរិវេណ លេខាធិការដ្ឋាន នៃ គ ជ ប​ខេត្ត​បាត់ដំបង ​ បាន​បើកសវនាការ ​ ជំនុំជម្រះ​លើ​ពាក្យបណ្តឹង​ចំនួន​៥​ ដោយ​សំណុំរឿង​តែមួយ បាន​ចោទប្រកាន់​ទៅលើ អតីត សមាជិក​គណបក្ស CNRP ចំនួន ៥ រូប ក្នុង​នោះ​គឺ ១. លោក ជា ជីវ អតីត​ប្រធាន​បក្ស​ខេត្ត ២. លោក ថោង សារឿន អតីត ប្រធាន​បក្ស​ស្រុក គាស់ក្រឡ ៣. លោក ម៉ាង ឈុន អតីត សមាជិក​បក្ស ស្រុក​គាស់ក្រឡ​ ៤. លោក ពៅ តាំង អតីត ក្រុមប្រឹក្សា​ស្រុក កំរៀង និង ៥. លោក គ្រុយ គឹម​សាំង អតីត​ក្រុមប្រឹក្សា​ស្រុក កំរៀង។

​ផ្ទុយទៅវិញ នៅក្នុង​ឱកាស​បើកសវនាការ​នោះដែរ គេ​ពុំ​បានឃើញ​វត្តមាន​អស់លោក​ទាំង ៥ រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​នេះ​ទេ ដោយមាន​វត្តមាន​រប​ស់​លោក​សួន ចំរើន ជា​តំណាង ទៅវិញ ដែល​បុគ្គល​រូប​នេះ អតីត មាន​នាទី​ជា ប្រធាន​យុវជន​បក្ស CNRP ខេត្ត និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក អេង ឆៃអ៊ាង ដើម្បី​បំភ្លឺ​ក្នុង​សវនាការ​នេះ ហើយ​គេ​ក៏​​សង្កេតឃើញ កញ្ញា ស៊ិន ចាន់​ពៅ រ៉ូ​ហ្សេ​ត អតីត ចៅសង្កាត់ អូរ​ចារ ចូលរួម​ស្តាប់​នឹង​គេ​ដែរ ដោយឡែក​នៅ​ខាងដើម​បណ្តឹង ដែលជា​មន្ត្រី​មកពី​គណបក្ស​ប្រជាជន​គឺមាន​វត្តមាន ៤ រូប គឺ ១. លោក ហម មុនី ២. លោក នី​ត នី​តី​យ៉ាណា ៣. លោក ភួង ណា​វុ​ធ និង ៤. លោក សុ​ត សុ​ផុន។

អង្គ​សវនាការ​ជំនុំជម្រះ​រប​ស់ គ ជ ប ខេត្តបាត់ដំបង បានបញ្ចប់​នៅវេលា​ម៉ោង ១២ និង ៣០ នាទី ថ្ងៃ​ដដែល ដោ​យបាន​សម្រេច ធ្វើការ​ផាកពិន័យ​ទៅលើ​បុគ្គល​ទាំង ៥ រូប​ដែលមាន​ចេតនា​មិនអោយ​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ ដោយ​ក្នុង​ម្នាក់ៗ ចំនួន ១០ លាន​រៀល នេះ​មិនទាន់​គិតពី​បទល្មើស​ព្រហ្មទណ្ឌ នៅឡើយ ហើយ គ ជ ប បើក​សិទ្ធិ​អោយ​ប្តឹងតវ៉ា​បាន តាមផ្លូវ​ច្បាប់៕



​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu