Ad Code

អភិបាល​ខេត្ត​ ដឹកនាំ​កម្លាំង​ ចុះ​សង្គ្រោះ​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ចំនួន​៤​ក្នុង​ស្រុក​សៀម​ប៉ាង



ស្ទឹងត្រែង ​៖ ​​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត នា​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចុះ​ប្រចាំការ​ពិនិត្យ​ផ្ទាល់​នូវ​ស្ថានភាព​ទឹកជំនន់ ហើយ​រហូតមកដល់​ថ្ងៃទី​២៦​កក្កដា​នេះ ភូមិ​១៧​និង​ឃុំ​ចំនួន​៤​ក្នុងស្រុក​សៀម​ប៉ាង​កំពុង​ជួប​គ្រោះមហន្តរាយ​ពី​ទឹក​ទន្លេសេកុង ​បន្ទាប់ពី​ទំនប់​វារីអគ្គិសនី​​ ​ខេត្ត​អត្ត​ពឺ​ប្រទេស​ឡាវ ​បាន​បាក់​ធ្វើអោយ​ពលរដ្ឋ​ឡាវ​ស្លាប់​និង​បាត់​ខ្លួន​រាប់​រយ​អ្នក ​និង​៦​ពាន់​នាក់​គ្មាន​ទីជម្រក។

លោក​ផាន់​យុទ្ធ អភិបាល​ស្រុក​សៀម​ប៉ាង​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ នេះ​មាន​ភូមិ​១៧​និង​ឃុំ​ចំនួន​៤​ក្នុងស្រុក​សៀម​ប៉ាង​ បាន​រង​នូវ​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ រួមមាន ឃុំ​សន្តិភាព​ ឃុំ​ថ្ម​កែ ឃុំ​សេកុង ឃុំ​ស្រែ​សំបូរ។

លោក​អភិបាលស្រុក​បន្តថា ក្នុងភូមិ​១៧​និង​ឃុំ​ចំនួន​៤​ខាងលើនេះ មាន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ចំនួន​ជាង​៥​ពាន់​គ្រួសារ និង​មួយចំនួន​បាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព។

ទំនប់​វារីអគ្គិសនី​អត្ត​ពឺ​ប្រទេស​ឡាវ​ដែល​រង​បាក់​ស្រុត​នោះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​ភ្លៀង ធ្លាក់​ជា​រៀងរាល់​ថ្ងៃ​ ហើយ​បណ្ដាល​អោយ​បាក់​ធ្វើអោយ​លំនៅឋាន ភូមិករ និង​ដីស្រែ​កសិកម្ម ក៏ដូច​​ប្រជាពលរដ្ឋ​ឡាវ​​ស្លាប់​និង​បាត់​ខ្លួន​ និង​គ្មាន​ទីជម្រក។

បន្ទាប់​ទំនប់​វា​រី​អគ្គិសនី​ខេត្ត​អត្ត​ពឺ​ប្រទេស​ឡាវ​ បាន​បាក់​កាលពី​ល្ងាច​ថ្ងៃ​២៣ ​ខែ​កក្កដា កន្លងមកនេះ​រយៈពេល​២​ថ្ងៃ​នៅ​ថ្ងៃទី​២៦​ ខែ​កក្កដា​នេះ ​ភូមិ​មួយចំនួន ឃុំ​ចំនួន​៤ ក្នុងស្រុក​សៀម​ប៉ាង​បាន​រង​ផលប៉ះពាល់​ពី​ការ​ជោរជន់​ដោយ​ទឹកទន្លេ​សេកុង​។ ​​បើទោះបីជា​ទឹកបាន​បន្ត​ហក់​ឡើង ១១​ម៉ែត្រ​៩០​ហួស​កម្រិត​ប្រកាសអាសន្ន​យ៉ាងនេះ​ក្តី ក៏​មិនទាន់មាន​សេចក្តីរាយការណ៍​ណាមួយ​បង្ហាញថា មាន​មនុស្ស ឬ​សត្វពាហនៈ ទទួលរង​គ្រោះថ្នាក់​ពី​ការ​ជន់​លិច​នេះ​នៅឡើយ​ទេ​។

ខណៈដែល​កំពុងមាន​កា​រ​ជន់​លិច​នេះ អភិបាលខេត្ត​ស្ទឹងត្រែង​លោក​ម៉ុម​សារឿន​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ប្រចាំ​នៅ​ស្រុក​សៀម​ប៉ាង​ដើម្បី​ចុះជួយ​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ទឹកជំនន់ ទៅរក​ទីទួល​សុវត្ថិភាព​។​

សេចក្តី​រាយការណ៍​អោយដឹងទៀតថា ​ភូមិ​ចំនួន​១៧​និង​ឃុំ​ចំនួន​៤ ដែល​នៅ​ប្រប​នឹង​ដង​ទន្លេសេកុង បាន​រង​ការ​ជន់​លិច បង្ក​ផលប៉ះពាល់​ដល់​ភូមិករ ផ្ទះសម្បែង និង​ដី​បង្កបង្កើនផល​មួយចំនួន​ធ្វើអោយ​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​លោក​ប៉ាង​ប៉េង​បានអោយដឹងថា នៅក្នុង​ស្រុក​សៀម​ប៉ាង​នា​ព្រឹក​ថ្ងៃទី​២៦ ខែ​​កក្កដា​នេះ ទឹកទន្លេ​សេកុង​បាន​ឡើង​ដល់​កម្ពស់​១១​ម៉ែត្រ​៩០​ហួស​កម្រិត​ប្រកាស​អាសន្ន​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន ដោយសារ​ទឹក​អាច​នឹង​ឡើង​បន្តទៀត​។​

លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ បាន​ប្រកាស​ដល់​អាជ្ញាធរ​ស្រុក​និង​សមត្ថកិច្ច កងកម្លាំង​ទាំង​៣​ប្រភេទ ត្រូវ​ត្រៀមកម្លាំង​សរុប ​មធ្យោបាយ​សរុប ដើម្បី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ ទៅ​រក​ទីទួល​សុវត្ថិភាព ប្រសិន​ទឹកទន្លេ​នៅតែ​បន្ត​ហក់​ឡើង ធ្វើអោយ​ប្រជាពលរដ្ឋ​រង​ការ​លិចលុង ដំណាំ ភូមិករ លំនៅឋាន​របស់​ប្រជាពលរដ្ឋ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu