Ad Code

ទីបំផុត ពេជ្រ ចរណៃ ស្កាត់​ទៅ​ជួប​លោកតា​កំសត់​រស់នៅ​តាម​សំយាប​ផ្ទះ​គេ​ ថែមទាំង​ប្រកាស​ជួយ​សាងសង់​ផ្ទះ​ឲ្យ​ទៀត



ភ្នំពេញ ​៖ ​ដូចដែល​អ្វី​បាន​សន្យា​តារា​សម្រែង​ស្រី​ស្រស់​ស្អាត​កញ្ញា ពេជ្រ ចរណៃ កាលពី​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ ​បាន​នាំ​យក​សម្ភារៈ​ និង​ថវិកា​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ទៅ​ចែក​ជូន​ដល់​លោក​តា​វ័យ​ចំណាស់​ទុរគត ​និង​លោកយាយ​លោកតា​ចំនួន​២​គ្រួសារ​ទៀត​ដែល​កំពុង​ជួប​ប្រះ​ទះ​នៅ​ជីវភាព​ខ្វះខាត​និង​លំបាក​ខ្លាំង​។​

ជាការ​កត់សម្គាល់​នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ​សម្រាប់​តារា​ស្រី​តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ ក្នុង​ការចុះ​ចែករំលែក​ក្តី​ស្រឡាញ់​តាមរយៈ​សកម្មភាព​មនុស្សធម៌ ​ដូច​ជា​ការ​៖​ ការ​ចែក​អង្ករ និង​គ្រឿង​បរិភោគ​ដល់​ចាស់ជរា ព្រមទាំង​សៀវភៅ​ប៊ិច​ដល់​ក្មេងៗ​នៅ​តាម​សហគមន៍​ជាដើម។

បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​សំណាក់​ស្រី​ស្រស់ ពេជ្រ ចរណៃ បាន​លើក​ឡើង​ថា ​ចំពោះ​លោកតា​វ័យ​ជិត​៩០​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចុះ​មក​ជួប ​ដោយ​ផ្ទាល់​គ្រា​ដំបូង​(​មក​ថត​សម្ដែង​)​គឺ​គាត់​មាន​សភាព​លំបាក​និង​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់​។​ ដូចនេះហើយ​ទើប​បានជា​ខ្ញុំ​ថត​ពី​សកម្មភាព​និង​កន្លែង​ស្នាក់នៅ​របស់​លោក​តា​មក​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ដើម្បី​ជួយ​ដល់​លោកតា​។​

កញ្ញា ពេជ្រ ចរណៃ បាន​បន្តថា​ ជាក់ស្តែង​ដូចជា​ពេលនេះ​នាង​ខ្ញុំ​ក៏បាន​ជួយ​លោកតា​ដូច​បំណង​ដោយមាន​ការចូលរួម​ឧបត្ថម្ភ​ពី​បងប្អូន​សប្បុរសជន​មួយចំនួន​។​ មិនតែប៉ុណ្ណោះ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​គឺ​បាន​សាងសង់​ផ្ទះ​ឲ្យ​លោកតា​ដើម្បី​បាន​រស់នៅ​មាន​ភាព​កក់ក្តៅ​ជាង​មុន​ ខណៈ​មុន​នេះ​លោកតា​គឺ​រស់នៅ​តាម​សំយាប​ផ្ទះ​បងប្អូន​អ្នកស្រុក ​និង​ថែមទាំង​មាន​សភាព​ធ្លុះធ្លាយ​ផង​ដែរ។

សូមបញ្ជាក់​ថា ​ទីតាំង​ដែល​តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ ចុះទៅ​ជួយឧបត្ថម្ភ​ដល់​លោកតា​ខាងលើ​គឺ​ស្ថិតនៅ​ភូមិ​ប្រាសាទ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។​ ចំណែកឯ​សម្ភារៈ​ ដែល​កញ្ញា ពេជ្រ ចរណៃ យក​ទៅ​ចែក​ជូន​ដល់​ពួកគាត់​រួមមាន ​៖ ​អង្ករ ទឹកត្រី ទឹក​ស៊ី​អៀវ មី ត្រីខ ទឹកដោះគោ មុង ភួយ កន្ទេល ចាន ឆ្នាំង រួម​ទាំង​ថវិកា​​មួយចំនួន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu