Ad Code

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើម​គរ ដែល​ត្រូវ​ក្រុម​ផឹកស៊ី​កាប់​ឲ្យ​របួសធ្ងន់ ពេល​ចុះ​បំពេញភារកិច្ច ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​លោក​អធិការ​ និង​ស្នងការ​រាជធានី



ភ្នំពេញ​ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​លោក​ស្នងការ​រង លោក​អធិការ លោក​អធិការរង​នគរបាល​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចុះសួរសុខទុក្ខ​ដល់​លោក​អនុសេនីយ៍ឯក ឃិន ទិ​ត មន្ត្រី​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើម​គរ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​ពេលដែល មន្ត្រី​ប៉ូលិស​រងគ្រោះ​រូប​នេះ​បាន​រង​របួស​ធ្ងន់ ក្នុង​ប្រតិបត្តិការ ជួយ​ប្រជាពលរដ្ឋ​តាម​បណ្តឹង​ភ្លាមៗ​។​

ក្នុងឱកាស​ចុះសាកសួរ​សុខទុក្ខ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​នាំយក​ថវិកា​ចំនួន​៥​លាន​រៀល ជូន​ដល់​លោក​អនុសេនីយ៍ឯក យិន ទិ​ត ដែលជា​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ លើសពីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ជួយ​សម្រួល​ការងារ​តាម​សំណើ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​ជូន​រងគ្រោះ​ឲ្យ​បាន​ឆាប់ ដើម្បី​បន្ត​យកទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។​

​លោក​វរសេនីយ៍ឯក ហ៊ុន សុធី ក៏បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា នៅ​ថ្ងៃ​ម្សិលមិញ បន្ទាប់​ទទួលដំណឹង​អំពី​ករណី​គ្រោះថ្នាក់​របស់លោក​អនុសេនីយ៍ឯក យិន ទិ​ត រូបលោក​រួមជាមួយ​លោក​អធិការរង និង​នាយប៉ុស្តិ៍​ទឹកល្អក់​៣ បាន​ចុះសួរសុខទុក្ខ​ដល់​លោក​អនុសេនីយ៍ឯក ឃិន ទិ​ត នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​តែម្តង និង​បាន​នាំយក​ថវិការ​ចំនួន​១​លាន​រៀល និង​លោកនាយ​ប៉ុស្តិ៍​ចំនួន​១០​ម៉ឺន​រៀល ជូន​ដល់​លោក​អនុសេនីយ៍ឯក ឃិន ទិ​ត ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ក្រៅពី​ថវិកា​ខាងលើនេះ ក៏មាន​សប្បុរសជន​ផ្សេងទៀត​ជួយឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ផង​ដែរ អភិបាលខណ្ឌ​ទួលគោក​ចំនួន​២០០​ដុល្លារ និង​ថវិកា​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​គរ ១​លាន​រៀល​។​

​ជាមួយគ្នានេះ ក្រុមគ្រួសារ​ជនរងគ្រោះ សូម​គោរព​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី ដែល​បាន​យកចិត្តទុកដាក់​ដល់​ថ្នាក់ក្រោម និង​មិត្ត​នគរបាល​ទាំងអស់ ដែល​បាន​ជួយ​ជា​កម្លាំងចិត្ត និង​ថវិកា​សម្រាប់​ព្យាបាល​សង្គ្រោះ​ជីវិត​។​

​សូមជម្រាបថា លោក ឃិន ទិ​ត មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ ត្រូវ​ជនល្មើស​កាប់​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ក្នុងពេល​បំពេញការងារ ចុះទៅ​សាកសួរ​ជន​ប្រព្រឹត្ត​បទល្មើស តាម​ពាក្យបណ្តឹង របស់​អ្នករត់​ម៉ូតូ​កង់​បី ដែល​កើត​ជម្លោះ​ជាមួយ​ម្ចាស់​ស្តង់​លក់​ផ្លែឈើ​នៅ​ផ្សារ​នាគ​មាស កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ សិ្ថ​ត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោល រាជធានី​ភ្នំពេញ ហើយ​ជនសង្ស័យ​២​នាក់​ក៏ត្រូវ​បាន​ឃាត់ខ្លួន​ផងដែរ​។​

ពាក់​ព័ន្ធ​ករណីនេះ មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បាន​រំលឹក​អោយដឹងថា នៅ​មុនពេល​កើតហេតុ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៤​និង​០០​នាទី ជនរងគ្រោះ ឈ្មោះ គិត ម៊ឺ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ បាន​បើក​ម៉ូតូ​កង់​បី ចូលមក​ផ្លូវ​លេខ​២៤៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ដឹក​ម៉ូយ ពេល​ជិះ​មកដល់​ចំណុច​មុខផ្ទះ​លេខ​១១ (​ផ្ទះ​លក់​ចាប់ហួយ ) លើផ្លូវ​លេខ​២៤៣ ក្រុម ទី​១១ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ផ្លូវ​រាង​តូចចង្អៀត​ជនរងគ្រោះ​ឈ្មោះ គិត ម៊ឺ​ន បាន​បើក​ម៉ូតូ​កង់​បី​ប៉ះ​កៅអី របស់​ជនសង្ស័យ​ឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ , ឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ពយ ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ ជនជាតិខ្មែរ រួម​នឹង​បក្សពួក​០៣​នាក់​ទៀត​(​មិន​ស្គាល់ឈ្មោះ ) កំពុង​អង្គុយ​ផឹកស្រា​បៀរ GANZ BERG នៅជាប់​ផ្លូវ ពេលនោះ​ជនសង្ស័យ​ឈ្មោះ លាង សារ៉ាត់ បាន​និយាយ​ទៅកាន់​ជនរងគ្រោះ ជា​អ្នកបើក​ម៉ូតូ​កង់​បី​ថា អ្ហែង​បើក​កង់​បី​អត់​សុំ​ផ្លូវ​ទេ អី ភ្លាមនោះ​ឈ្មោះ គិត ម៊ឺ​ន បាន​និយាយ​តប​វិញ​ថា ចុះ​អ្ហែង​ចង់​ម៉េច ហើយ​ជនរងគ្រោះ​ក៏​បើក​ម៉ូតូ​កង់​បី​ទៅមុខ​បាន​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ និង​បក្សពួក​កំពុង​ផឹក​បាននាំគ្នា​នោះ ក្រោក​ដើរ​សំដៅ​ទៅរក​ឈ្មោះ គិត ម៊ឺ​ន រួច​ជនសង្ស័យ​ឈ្មោះ លាង សារ៉ាត់ បាន វាយ​ដោយ​ដៃ​ចំនួន​០២​ដៃ បណ្ដាល​ឲ្យ​ត្រូវ​ថ្ពាល់​ខាងឆ្វេង ពេល​វាយ​រួច​ជនសង្ស័យ​ឈ្មោះ លាង សារ៉ាត់ , ឈ្មោះ ឈិន ពិសិដ្ឋ និង​ឈ្មោះ ពយ ក៏បាន​នាំគ្នា​ទៅ​ផឹកស៊ី​បន្ត​នៅ​កន្លែង​លក់​ល្ហុង របស់​បក្សពួក​ឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ នៅលើ​ផ្លូវ លេខ​២៣៩ ក្រុមទី​១១ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពេលនោះ​ជនរងគ្រោះ​ឈ្មោះ គិត ម៊ឺ​ន ក៏បាន​ទៅប្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដើម​គរ ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ដោយ​ជនសង្ស័យ​ឈ្មោះ លាង សារ៉ាត់ និង​បក្សពួក​វាយ​មកលើ​ខ្លួន។ ភ្លាមនោះ​កម្លាំង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ​ចំនួន​០២ ទី​១-​ឈ្មោះ ឃិន ទិ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ និង​ទី​២-​ឈ្មោះ ងួន មឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ បាន​ជិះ​ម៉ូតូ​មួយ​ពីរ​នាក់ និង​ជនរងគ្រោះ ឈ្មោះ គិត ម៊ឺ​ន បាន​ទៅដល់​កន្លែង​ជនសង្ស័យ​ឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ , ឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិ​ដ្ឋ និង​ឈ្មោះ ពយ កំពុង​អង្គុយ​ផឹក ខណៈនោះ ឈ្មោះ ឃិន ទិ​ត បាន​ចុះ​ទៅដល់​ជាមួយ​ជនរងគ្រោះ ហើយ​បាន​ហៅ ឈ្មោះ លាង សារ៉ាត់ មកជួប​និង​សម្រួល​ជាមួយ​ជនរងគ្រោះ ឈ្មោះ គិត ម៊ឺ​ន រឿង​វាយ​មួយ​ដៃ​លើ​ជនរងគ្រោះ ភ្លាមនោះ ជនសង្ស័យ​ឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិ​ដ្ឋ បាន​ប្រើ​ពាក្យសំដី​ប្រមាថ​មកលើ​កម្លាំង​សមត្ថកិច្ច​ឈ្មោះ ឃិន ទិ​ត ថា ពួក​ហ្អែង​អា​ប៉ូលិស​ក្បាល​មាន់ចែ​ហ្នឹង​សុទ្ធតែ​កូនចៅ​អញ អ្ហែង​មក​ប៉ុន្មាន​នាក់ ភ្លាមនោះ​ក៏មាន​ការប្រតាយប្រតប់​គ្នា​ជាមួយ​ឈ្មោះ ឃិន ទិ​ត ទៅវិញទៅមក រួចហើយ​ជនសង្ស័យ​ឈ្មោះ ឈិន ពិសិដ្ឋ និង​ឈ្មោះ ពយ បានធ្វើ​សកម្មភាព យក​កាំបិត​បុ័ងតោ​ចំនួន​០២ និង​ដំបង​ឬ​ស្សី​មួយ​ប្រហែល​១​ម៉ែត្រ​ជាង ដោយ​ឈ្មោះ ឈិន ពិសិដ្ឋ ជា​អ្នក​កាន់​កាំបិត​បុ័ងតោ​ពីរ​នៅ​នឹង​ដៃ ចំណែក​ឈ្មោះ ពយ បាន​កាន់ដំបង​ឬ​ស្សី ដេញ កាប់​និង​វាយ ​កម្លាំង យើង​ឈ្មោះ ឃិន ទិ​ត រហូតមកដល់​ចំណុច មុខ​សាលា​ភាសា​អង់គ្លេស រ៉ូយ៉ាល់​អី​ន​ធើ​ខន លើផ្លូវ​លេខ​២៣៨ កែង​ផ្លូវ​លេខ​២៣០ ក្រុមទី​១១ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ជនសង្ស័យ​ឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិ​ដ្ឋ និង​ឈ្មោះ ពយ ក៏បាន កាប់​ទៅលើ​ឈ្មោះ ឃិន ទិ​ត ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​រង​ត្រូវ​ចំនួន​៩​កន្លែង របួសធ្ងន់ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​យើង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិ​ដ្ឋ និង​បន្ត​ឃាត់​ឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ និង​ចាប់យក​វត្ថុតាង កាំបិត​បុ័ងតោ​ដង​ឈើ​ចំនួន​០២ ពី​ឈ្មោះ ឈិន ពិសិដ្ឋ រួច​បញ្ជូន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក តែម្ដង។ ចំណែក​ឈ្មោះ ឃិន ទិ​ត ក៏ត្រូវ​បាន​កម្លាំង​ មាន​សមត្ថកិច្ច​ដឹកយក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​តែម្ដង។ ឯ​ឈ្មោះ ពយ បាន​រត់​គេចខ្លួនបាត់។​

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិ​ដ្ឋ និង​ឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ សមត្ថកិច្ច​បាន​យក ទឹកនោម​ជនសង្ស័យ​ទាំងពីរ​រូបនេះ​មក​ធ្វើ​តេ​ស្ដ​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល មាន​ភាព អវិជ្ជមាន។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu