កីឡាករជនជាតិកាម៉េរ៉ូន Befolo Mbarga Privatសមាជិកក្លិបបាល់ទាត់អាស៊ីអឺរ៉ុប កំពុងតែឡើងឈរនៅតំបន់កំពូលតារាងអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេបើធៀបនឹងកីឡាករដទៃ គឺចំនួន១៨គ្រាប់ម្នាក់ឯង គិតត្រឹមប្រចាំសប្ដាហ៍ទី១៥ នៃពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League 2018)។
សរុបប្រកួតត្រឹម១៥សប្តាហ៍មកនេះ ក្រុមសមាជិកទាំង១២អាចទាត់បញ្ចូលទីគ្នាបាន៣២២គ្រាប់។ ចំណែក១៨ គ្រាប់របស់កីឡាករ Privat បានទាត់បញ្ចូលទីក្រុមវេស្ទើនភ្នំពេញ ៦គ្រាប់ បឹងកេត និងព្រះខ័នរាជស្វាយរៀង ២គ្រាប់ ក្រសួងការពារជាតិ ២គ្រាប់ (ជើងទី១ចំនួន១គ្រាប់) វិសាខា២គ្រាប់ (ជើងទី១ចំនួន១គ្រាប់) អង្គរថាយហ្គឺរ,អគ្គស្នងការដ្ឋាននគរបាលជាតិ,សូលទីឡូអង្គរ និងអគ្គិសនីកម្ពុជា ១គ្រាប់ៗគ្រប់ក្រុម។
ក្រៅពីកីឡាករ Privat គេឃើញកីឡាករ George Bisan របស់ណាហ្គាវើល កំពុងតាមពីក្រោយដោយរកបាន១៦គ្រាប់ ខណៈគេឃើញកីឡាករប្រេស៊ីល Maycon និងកីឡាករនីហ្សេរីយ៉ា Julius Oiboh របស់បឹងកេត រកបានម្នាក់១៤គ្រាប់ កីឡាករនីហ្សេរីយ៉ា Bata របស់សូលទីឡូអង្គរ រកបាន១២គ្រាប់ កីឡាករកូរ៉េខាងជើង Cheo Myon Ho របស់វិសាខា កីឡាករប្រធានក្រុម រ៉ឹម ប៊ុនហៀង របស់ក្រសួងការពារជាតិ រកបានម្នាក់១០ គ្រាប់ កីឡាករនីហ្សេរីយ៉ា Mathew Osa របស់ណាហ្គាវើល រកបាន៩គ្រាប់ម្នាក់ ខណៈកីឡាករវ័យក្មេង សាន គឹមហេង របស់វិសាខា រកបាន៨គ្រាប់ម្នាក់ឯង។ ក្រៅពីនោះសុទ្ធតែអ្នករកគ្រាប់បាល់បានម្នាក់៧គ្រាប់ចុះក្រោម។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះនឹងប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម។
តាមគម្រោងក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨ នេះទៅកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេបង្អស់ នោះគណៈកម្មការរៀបចំការប្រកួតនឹងប្រគល់ពានរង្វាន់ (ឬហៅថាស្បែកជើងមាស) ព្រមទាំងថវិកាលើកទឹកចិត្តចំនួន១.៥០០,០០០៛។ កីឡាករជនជាតិរ្វ៉ាន់ដា Autheire Kipson អតីតសមាជិកនៅក្លិបណាហ្គាវើល ជាម្ចាស់ស្បែកជើងមាសឆ្នាំចាស់២០១៧ កន្លងទៅ៕
Source: Kampuchea Thmey Daily
0 Comments