Ad Code

តៃកុង​ស្ទាវ​ បើករថយន្ត​កុងតឺន័រ​ចំនួន​​​២​នាក់ ​ត្រូវ​ប៉ូលិស​ចរាចរណ៍​ សម្រេច​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត



ព្រះសីហនុ​៖ ​តៃកុង​ស្ទាវ​បើកបរ​រថយន្ត​កុងកុងតឺន័រ​ដឹក​ទំនិញ ចំនួន​២​នាក់ រសៀល​ថ្ងៃ ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នេះ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​​​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ចំនួន ២​ករណី​ផ្សេងគ្នាៗ នៅក្នុង ចំណុច តំបន់​ចំណោត​រ៉ា​រទេះភ្លើង ស្ថិតក្នុង​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ដែល​បណ្តាលអោយ​រថយន្ត និង​ម៉ូតូ​មួយចំនួន​រង​ការខូចខាត។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទី​១ ឈ្មោះ ទុយ វិចិត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ចន្ទី ឃុំ​ព្រៃ​ស្លឹក ស្រុក​ទាំង ខេត្តតាកែវ បើកបរ រថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A- 0549។ រថយន្ត​បង្កហេតុ​លើក​ទី​១​នេះ បាន​បុក​ប៉ះ​ខូចខាត​រថយន្ត​តូច​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។​

ចំណែក​ជនសង្ស័យ​ទី​២ ឈ្មោះ​អៀម ណាក់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​រុន ឃុំ ព្រៃ​ស្រ​ង៉ែ ស្រុក​ទាំង ខេត្តតាកែវ​។​ បើករថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A- 1074 ។ ​រថយន្ត​បង្កហេតុ​លើក​ទី​២​នេះ បាន​បើករថយន្ត ​កុងតឺន័រ​របស់​ខ្លួន​ទៅបុក រថយន្ត តូច​១​គ្រឿង​បណ្តាលអោយ រង​ការខូចខាត​។​ ជនសង្ស័យ​ទាំង​២​នាក់ បើកបរ​រថយន្ត ឲ្យ​ក្រុមហ៊ុន ម៉ី​ង​លាំង​។​

ទាក់ទិន​បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីអ៊ី សុខា ស្នងការរង នគរបាល ខេត្ត ព្រះ សីហនុ ទទួល​ផែន​សណ្ដាប់ធ្នាប់​ចរាចរណ៍ បាន​ឲ្យ​ដឹងថា ក្រោយ​ឃាត់ខ្លួន​អ្នក បើកបរ ទាំង ២​រូប​ខាងលើ សមត្ថកិច្ច​បានធ្វើ​តេស្ត​រកឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផងដែរ​។ ក្នុងនោះ ជនសង្ស័យ​ម្នាក់​ឈ្មោះ អៀម ណាក់ គ្មាន​ទាំង​ប័ណ្ណបើកបរ​ថែម​ទៀតផង​។ ជនសង្ស័យ​ទាំង​២ ត្រូវបាន សមត្ថកិច្ច​ប៉ូលិសចរាចរ​ណ៍ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ រួច​ហើយ​នៅ​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

គួរ​រំលឹក​ផងដែរ​ថា កំណាត់​ផ្លូវជាតិ​លេខ​០៤ កន្លងមក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ តែងតែ​កើតមាន​ជា​ញឹក​ញាប់ ដែល​ភាគច្រើន​បង្ក​ឡើង​ដោយ ​រថយន្ត​​កុងតឺន័រ ដឹកទំនិញ​ធំៗ ដែល​បើកបរ​ដោយ​តៃកុង​ក្មេងៗ​ជាហេតុ បង្ក​ឲ្យ​មាន មនុស្ស​ស្លាប់​និង​របួស ជា​បន្តបន្ទាប់ ​ហើយ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​នោះ​តាម​ការកត់សម្គាល់ បើកបរ ល្បឿន​លឿន ហួស​ច្បាប់​កំណត់ បើក​វ៉ា .​បើក​ជែង .​បើកបរ មិន​គោរព​ច្បាប់​ខ្វះ ការ​ប្រុងប្រយ័ត្ន និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជាដើម។

ជាមួយនឹង​ការលើកឡើង​នេះ ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ សង្ឃឹមថា មន្ត្រី​ពាក់ព័ន្ធ​អនុវត្ត​​​ច្បាប់ និង​រឹតបន្តឹង​បន្ថែម​ទៀត​ទៅ​លើ​អ្នក បើកបរ​ទាំងនោះ ជាពិសេស ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន សូម​ពិនិត្យមើល​ឲ្យ​ច្បាស់លាស់​ផង មុននឹង សម្រេច​ជ្រើសរើស យក​តៃកុងមក​បើកបរ​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន ជៀសវាង​យក ប៉ះចំ​តៃកុង​ញៀន​ថ្នាំញៀន​ដូច​តៃកុងស្ទាវ ២​នាក់​ខាងលើ ច្បាស់​ជា​វីវរ​ហើយ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu